
5
Jan, 2023
កិច្ចប្រជុំពិភាក្សាស្តីពីការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធ EFMS របស់ក្រសួងអប់រំ យុវជន និង កីឡា
កាលពីព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ ដោយមានការណែនាំពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំថ្នាក់ដឹកនាំ និង ក្រុមការងារនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្រ្តីនៃរតនាគាររាជធានីភ្នំពេញ ក្នុងគោលបំណងប្រមូលព័ត៌មានពីការកត់ត្រាចំណាយរបស់សាលារៀនក្នុងរាជធានីភ្នំពេញដែលជាធាតុចូលដ៏សំខាន់សម្រាប់ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធ EFMS របស់ក្រសួងអប់រំ យុវជន និង កីឡា ។
ក្នុងកិច្ចប្រជុំឯកឧត្តម មន្ត ប្រាថ្នា លើកឡើងពីសាវតា ដោយសារមានការអនុញ្ញាតិពីឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក្នុងកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និង កីឡា ឱ្យក្រុមការងារលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ប្រមូលព័ត៌មានជាក់ស្តែងពីការអនុវត្តកិច្ចបញ្ជិការរបស់រតនាគាររាជធានីភ្នំពេញទាក់ទងនឹងសាលារៀន ។
ជាការឆ្លើយតប ខាងរតនាគាររាជធានីភ្នំពេញ បញ្ជាក់ថាការទូទាត់របស់សាលារៀនក្នុងរាជធានីភ្នំពេញ គឺខាងមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញជាអ្នករៀបចំសំណើសុំ និង អាណត្តិទូទាត់ប្រាក់របស់សាលារៀននីមួយៗ មករតនាគារ ដោយក្នុងឯកសារភ្ជាប់មានលម្អិតពីការចំណាយរបស់សាលាតាមអនុគណនី និង ទីតាំងភូមិសាស្រ្តបញ្ជាក់សង្កាត់និងខណ្ឌរបស់សាលា និង ប្រើប្រាស់លេខកូដរដ្ឋបាលរបស់មន្ទីរអប់រំ យុវជន និង កីឡា ដោយសារសាលាមិនមានលេខកូដរដ្ឋបាលនោះទេ ។
បន្ថែមពីការសិក្សាប្រមូលព័ត៌មានទាក់ទងនឹងទូទាត់ជូនសាលាក្នុងរាជធានីភ្នំពេញ ឯកឧត្តម មន្ត ប្រាថ្នា ក៏បានសាកសួររតនាគារពីស្ថានភាពការប្រើប្រាស់ប្រព័ន្ធ FMIS សំណូមពរផ្សេងៗ ក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗប្រសិនបើរតនាគារជួបប្រទះ ដោយទទួលបានការបញ្ជាក់ពីរតនាគារថា ប្រព័ន្ធ FMIS បានជួយសម្រួលការងាររបស់មន្រ្តីនៅរតនាគារបានច្រើន ប្រតិបត្តិការបានរហ័ស មិនចាំបាច់ត្រូវចំណាយពេលធ្វើការដល់យប់ ឬ ថ្ងៃចុងសប្តាហ៍ ហើយការទាញយករបាយការណ៍ក៏បានគ្រប់ជ្រុងជ្រោយ និង ទាន់ពេលវេលា ។ រតនាគាររាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ ២០២២ ការទូទាត់របស់រតនាគារដោយប្រើប្រាស់ការទូទាត់តាមបែបអេឡិចត្រូនិក (EFT_Electronic Fund Transfer) ស្ទើតែទាំងស្រុងនៃអាណត្តិរួម និង បានសំណូមពរក្រុមការងាររៀបចំឱ្យការទូទាត់តាម EFT បានគ្រប់អាណត្តិទាំងអស់ លើសពីនេះ រតនាគារក៏បានស្នើសុំម៉ាស៊ីនកុំព្យូទ័រប្រព័ន្ធ FMIS បន្ថែមដល់អ្នកប្រើប្រាស់ដោយសារបច្ចុប្បន្ន ការប្រើប្រាស់គឺប្រើប្រាស់រួម ហើយចំនួនប្រតិបត្តិការរបស់រតនាគារមានច្រើន ។



