
21
Jul, 2015
ពិធី “ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
នារសៀលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ៣:០០ រសៀល នៅសាលប្រជុំ អាគារ “ឃ” នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំពិធី “ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System (FMIS) Go-Live 1)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និង តំណាងក្រុមហ៊ុន FIS-LG CNS Joint Venture (ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ FMIS) ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកមួយដ៏សំខាន់នៃ “យុទ្ធសាស្ត្រចតុកោណ” ដើម្បីធានាកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា ហើយពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃប្រព័ន្ធ FMIS ជំហានទី ១ នាថ្ងៃនេះ គឺជា វឌ្ឍនភាពដ៏សំខាន់ថ្មីមួយទៀតនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ពីព្រោះប្រព័ន្ធនេះនឹងក្លាយជាកម្លាំងចលករក្នុងការពន្លឿន និង ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ជាក់ស្តែង ប្រព័ន្ធ FMIS ជំហានទី ១ ដែលនឹងត្រូវដាក់ឱ្យអនុវត្តសម្រាប់តែអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធមួយចំនួន និង បណ្ដារតនាគាររាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងជួយថ្នាក់ដឹកនាំក្រសួងក្នុងការធ្វើសេចក្ដីសម្រេចចិត្តប្រកប ដោយគុណភាព និង ឆាប់រហ័ស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព សង្គតិភាព ទាន់ពេលវេលានៃការផ្តល់ព័ត៌មាន និង ប្រព័ន្ធរបាយការណ៍ ។ ក្នុងន័យនេះ ប្រព័ន្ធ FMIS នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយទៀត ក្នុងការគាំទ្រដោយផ្ទាល់លើការអនុវត្តសកម្មភាពគន្លឹះនានានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការអនុវត្តថវិកាកម្មវិធី ។ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដែរថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងដំណាក់កាលទី ១ នៃជំហានទី ១ នេះ នឹងនាំមកនូវ កាលានុវត្តភាពនៃការផ្លាស់ប្ដូរថ្មីមួយយ៉ាងពិតប្រាកដសម្រាប់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង គ្រប់ក្រសួង-ស្ថាប័ន នាពេលអនាគតដ៏ខ្លី ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធ FMIS ដំណាក់កាលទី ១ នៃជំហានទី ១ និង ដោះស្រាយបញ្ហាប្រឈមនានារបស់គម្រោង ។ ឯកឧត្តបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើឱ្យដៃគូពាក់ព័ន្ធទាំងអស់បន្តការចូលរួម និង គាំទ្រឱ្យរឹតតែខ្លាំងឡើងក្នុងការអនុវត្តគម្រោង FMIS ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវដំណាក់កាលបន្តបន្ទាប់នៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការចូលរួមពន្លឿនដំណើរការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាល ។
ក្នុងនាមរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារពិភពលោក ដែលបានផ្តល់នូវការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ហើយបានអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍បន្តគាំទ្រ ដើម្បីឱ្យប្រព័ន្ធ FMIS អាចដាក់ដំណើរការបាននៅគ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលខាងមុខ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះក្រសួងមុខងារសាធារណៈ ធនាគារជាតិនៃកម្ពុជា ធនាគារអេស៊ីលីដា និង ធនាគារកាណាឌីយ៉ា ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការងារភ្ជាប់ទាញយកទិន្នន័យ ពីប្រព័ន្ធរបស់ខ្លួនមកប្រព័ន្ធ FMIS ។
បន្ទាប់មក ក្រុមការងារ FMIS បានធ្វើការបង្ហាញពីប្រព័ន្ធ FMIS ជាក់ស្តែង ដើម្បីផ្តល់នូវទិដ្ឋភាពពិតនៃប្រព័ន្ធ FMIS ដែល ជាសមិទ្ធផលថ្មី និង ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងពិធី ឱ្យបានយល់ច្បាស់ពីសារៈប្រយោជន៍ របស់ប្រព័ន្ធ FMIS ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅគ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលអនាគត ។
ជាទីបញ្ជប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់នូវកិតិ្តយសដ៏ខ្ពង់ខ្ពស់អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌល ទិន្នន័យរបស់ប្រព័ន្ធ FMIS (FMIS Data Center) ជាផ្លូវការ ក្នុងទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។