
17
Oct, 2017
ក្រោយពិភាក្សារួច ក្រសួង-ស្ថាប័នទាំង ១០ អស់មន្ទិលសង្ស័យក្នុងការអនុវត្តប្រព័ន្ធ FMIS
កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “ការត្រៀមលក្ខណៈ ដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធFMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ២០១៨” នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងនោះផងដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងមកពីក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាផ្ទេរសិទ្ធពេញលេញផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឱ្យក្រុមការងារអនុវត្តគម្រោង FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ យល់កាន់តែច្បាស់អំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS, ផែនការអនុវត្តគម្រោង និង ផែនការបណ្តុះបណ្តាល ដើម្បីត្រៀមលក្ខណៈអនុវត្តសាកល្បងប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខនេះ។
លេខាធិការដ្ឋានគ្រប់គ្រងគម្រោងបានធ្វើការបញ្ជាក់លើអត្តសញ្ញាណមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័នទាំង១០ និងបន្តការដាក់ឱ្យអនុវត្តប្រព័ន្ធនៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ ព្រមទាំងធ្វើការបង្ហាញផ្ទាល់អំពីប្រព័ន្ធ FMIS លើមុខងារប្រតិបត្តិការនីមួយៗ។
ជាលិទ្ធផលនៃអង្គប្រជុំ ភាគីពាក់ព័ន្ធទាំងអស់បានយល់ច្បាស់អំពី បច្ចុប្បន្នភាព និងផែនការបន្ទាប់របស់គម្រោង ដែលរួមមានវគ្គបណ្តុះបណ្តាលជូនអ្នកប្រើប្រាស់ទាំងអស់។