
25
Jul, 2022
សេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ”
នាថ្ងៃចន្ទ ១២ រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២, តាមប្រព័ន្ធអនឡាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ” ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួង-ស្ថាប័នចំនួន ១២ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី មកពីក្រសួង-ស្ថាប័នចំនួន ១២ (ក្រសួងធនធានទឹក និងឧតុនិយម; ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ; ក្រសួងពាណិជ្ជកម្ម; ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា; ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍; ក្រសួងទេសចរណ៍; លេខាធិការដ្ឋានអាកាសចរស៊ីវិល; សាលាឧទ្ធរណ៍; តុលាការកំពូល; អាជ្ញាធរសវនកម្មជាតិ; អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និង អគ្គលេខាធិការដ្ឋានរដ្ឋសភា) និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ ។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសរំលេចអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជាពិសេសការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងគម្រោង ក្នុងការបន្តអភិវឌ្ឍកម្មវិធី និងមុខងារថ្មីៗ នៅក្នុងប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន និង អង្គភាពប្រតិបត្តិ ក្នុងការទទួលបាននូវថវិកាបានទាន់ពេលវេលា ដើម្បីឆ្លើយតបដល់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាពប្រសើរឡើង និង បានទាន់ពេលវេលាជាងមុន ។ ជាក់ស្តែង ការបន្ថែមមុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ ជូនដល់ក្រសួង-ស្ថាប័នទាំង ១២ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ឱ្យអនុវត្តពេញលេញនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ នឹងជួយបង្កើនល្បឿន និង វិសាលភាពប្រកបដោយឧត្តមានុពល ក្នុងការសម្រួលដល់ប្រសិទ្ធភាពការងាររបស់ខ្លួន ដើម្បីបម្រើដល់សាធារណជន ។
ទន្ទឹមនឹងការដាក់ឱ្យអនុវត្តមុខងារបន្ថែមថ្មីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់និងខានពុំបាននៃការផ្លាស់ប្តូររបៀបរបបធ្វើការតាមប្រព័ន្ធស្តង់ដារការងារថ្មី ដែលតម្រូវឱ្យថ្នាក់ដឹកនាំ និង មន្ត្រី អនុវត្តប្រព័ន្ធ FMIS ត្រៀមខ្លួនទទួលយកនិងសម្របតាមការផ្លាស់ប្តូរ ក្នុងន័យលំបាកមុន ស្រណុកក្រោយ ដោយហេតុថា ប្រព័ន្ធនឹងជួយផ្ដល់មូលដ្ឋានសម្រាប់ធ្វើការកែសម្រួលនីតិវិធីអនុវត្តការងារ សំដៅធ្វើស្វ័យប្រវត្តិកម្មការងារ កាន់តែប្រសើរជាងមុន ដូចជាការរៀបចំរបាយការណ៍ ការវិភាគព័ត៌មានផ្សេងៗ និង ការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធទាំងស្រុងដោយមិនមានការធ្វើចរាចរឯកសារជាក្រដាស នៅខាងក្រៅប្រព័ន្ធ ដែលកន្លងមកបង្កឱ្យមានភាពយឺតយ៉ាវ និង មានការជួបមុខគ្នាដែលបង្កឱ្យមាននូវបញ្ហាអសកម្មជាច្រើន ដែលយើងទាំងអស់គ្នាបានជួបប្រទះរៀងៗខ្លួន ឬ ដូចគ្នា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានអំពាវនាវទៅកាន់ក្រសួង-ស្ថាប័នទាំង ១២ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ បន្តចូលរួម និង សហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ត្រៀមខ្លួនជាស្រេចក្នុងការបន្តនូវកិច្ចការមួយចំនួនដូចជា៖
(១)-រៀបចំក្រុមការងារជំនាញសម្រាប់ចូលរួមពិភាក្សា ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ពីការពង្រីកបន្ថែមនូវមុខងារថ្មីរបស់ប្រព័ន្ធ FMIS ដើម្បីយល់ជ្រាបកាន់តែច្បាស់អំពីដំណើរការ និង អត្ថប្រយោជន៍សំខាន់ៗ ។
(២)-រៀបចំមន្រ្តីអនុវត្តនូវមុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញឱ្យសមស្របនឹងតួនាទីភារកិច្ចជាក់ស្ដែង ដើម្បីក្រុមការងាររៀបចំជារំហូរអនុវត្តការងារនៅក្នុងប្រព័ន្ធ និង ត្រៀមសម្រាប់ការចូលរួមបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ហើយបើមិនច្បាស់នឹងចំណុចណាមួយសូមធ្វើការសាកសួរ និង បើមានសំណូមពរ ឬ បញ្ហាប្រឈមណាមួយ សូមធ្វើការជូនដំណឹងមកកាន់ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលតែងតែរង់ចាំដោះស្រាយជូន ។
(៣)-រៀបចំទីតាំងការងារ សម្រាប់ការបំពាក់សម្ភារប្រើប្រាស់ប្រព័ន្ធ បើសិនជា មន្រ្តីដែលនឹងទទួលខុសត្រូវលើមុខងារថ្មីនេះ មិនមែនជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដែលមានស្រាប់ ។
(៤)-ពិនិត្យមើលនីតិវិធីអនុវត្តការងារខាងក្រៅប្រព័ន្ធ FMIS និង ព្យាយាមគិតគូរក្នុងការកាត់បន្ថយជំហាននៃរំហូរនីតិវិធីដែលមិនមានតម្លៃបន្ថែម ព្រោះថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងធ្វើការកែសម្រួលនូវនីតិវិធីអនុវត្តការងារជាបន្តបន្ទាប់ ស្របតាម “ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS (២០២០-២០២៥)” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នទាំង ១២ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ឱ្យបន្តខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធ FMIS និងបន្តពង្រឹងសមត្ថភាពរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដើម្បីសម្របនិងចាប់យកឱកាសនៃការផ្លាស់ប្តូរនេះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា “ការផ្លាស់ប្តូរនៅតែបន្តមានឥតឈប់ និង មិនអាចបកក្រោយបានឡើយ បើសិនជាយើងមិនយកចិត្តទុកដាក់ នោះយើងនឹងតាមមិនទាន់គេឡើយ ករណីនេះគឺប្រៀបបានដូចគ្នាទៅនឹងការអភិវឌ្ឍប្រទេសឱ្យតាមទាន់ទៅនឹងប្រទេសក្នុងតំបន់ និង សកលលោក ព្រោះយើងទាំងអស់គ្នាបានទទួលស្គាល់ថា អ្វីដែលសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនោះគឺ ត្រូវចេញពីធនធានមនុស្សដែលជាកម្លាំងរុញច្រានរាល់សកម្មភាពទាំងអស់ឱ្យវិវឌ្ឍន៍ទៅមុខបាន ។” ៕