
22
Feb, 2017
ពីធីដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី២
នាថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំពិធី “ដាក់ឱ្យអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ ជាផ្លូវការ” ក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការ ចូលរួមពីតំណាងក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍ និង សមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ១ និង ជំហានទី ២ ។
ជាកិច្ចចាប់ផ្តើម លោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន និងជាអនុប្រធានប្រចាំការ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរាយការណ៍ជូនអង្គពិធីថា ដើម្បីចូលរួមគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចអភិវឌ្ឍ គម្រោង FMIS ជំហានទី ១ នៅដើមឆ្នាំ ២០១៤ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅគ្រប់ការដ្ឋានការងារនៅខែ មេសា ឆ្នាំ ២០១៦ ។ នៅក្នុងជំហានទី ១ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការចំនួន ៦ មុខងារសំខាន់គឺៈ ទី១. មុខងារវិភាជន៍ថវិកា, ទី២. មុខងារគណនី ត្រូវសង, ទី៣. មុខងារបញ្ជារទិញ, ទី៤. មុខងារគ្រប់គ្រងសាច់ប្រាក់, ទី៥. មុខងារគណនីត្រូវទារ និង ទី៦. មុខងារសៀវភៅធំ ហើយ ការអនុវត្តគឺធ្វើឡើងតែនៅតាមអគ្គនាយកដ្ឋានគន្លឹះ និង គ្រប់រតនាគាររាជធានី-ខេត្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែប៉ុណ្ណោះ ។ ដោយមានការគាំទ្រពេញលេញរបស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន និង ការដឹកនាំផ្ទាល់របស់បណ្ឌិត ហ៊ាន សាហ៊ីប ជំហានទី ១ នេះទទួលបានផ្លែផ្កាជាទីមោទនៈ ហើយទីប្រឹក្សារបស់ធនាគារពិភពលោក បានធ្វើការកត់សម្គាល់ និង វាយតម្លៃខ្ពស់លើការអនុវត្តគម្រោង ជំហានទី ១ នេះថា “ជាកំណត់ត្រាដែលកម្រមានក្នុងបទពិសោធន៍នៃការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធ FMIS នៅលើពិភពលោក ដែលអាចអនុវត្តកិច្ចសន្យាដោយពុំមានបញ្ហាវិវាទធំៗ ឬ ពុំមានការពន្យាពេលយូរ ឬ ការបង់ថ្លៃបន្ថែម” ។ ដូចគ្នានេះនៅក្នុងជំហាន ទី ២ នេះ ប្រព័ន្ធ FMIS នឹងបន្ថែមមុខងារសំខាន់ចំនួន ៤ ថែមទៀតគឺៈ ទី១. មុខងាររៀបចំថវិកា, ទី២. មុខងារលទ្ធកម្ម, ទី៣. មុខងារ គ្រប់គ្រងទ្រព្យសម្បត្តិ និង ទី៤. មុខងារគ្រប់គ្រងសន្និធិ ហើយការអនុវត្តក៏នឹងត្រូវពង្រីកដល់គ្រប់ក្រសួង-ស្ថាប័ន, អង្គភាព និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចូលរួមអនុវត្តអង្គភាពថវិកា និង ថវិកាកម្មវិធីទាំងអស់ ។
ក្នុងឱកាសនោះ លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “ក្នុងនាមជាដៃគូអភិវឌ្ឍន៍គន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា សហគមន៍អឺរ៉ុបមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយរដ្ឋាភិបាលស៊ុយអែត រដ្ឋាភិបាលអូស្រ្តាលី និង ធនាគារពិភពលោក ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងមូលនិធិសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ។ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយដែលមានភាពស័ក្តសិទ្ធ និង ប្រសិទ្ធភាព គឺជាឆ្អឹងខ្នងនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ដោយហេតុថាក្រសួង ស្ថាប័នជំនាញមានតួនាទីសំខាន់នៅក្នុងការអនុវត្តការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ លោកអគ្គរដ្ឋទូតបានលើកទឹក ចិត្តឱ្យក្រសួង ស្ថាប័នជំនាញដើរតួនាទីដឹកនាំ និង អនុវត្តកម្មវិធីកែទម្រង់នេះ ដើម្បីជាប្រយោជន៍របស់ក្រសួង ស្ថាប័នសាម៉ី និង ប្រទេសជាតិទាំងមូល ។
បន្ទាប់មក បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ ២០០៤ ជាមួយឆន្ទៈ នយោបាយដ៏មុតស្រួច និង ឥតរាថយ ក្នុងគោលដៅច្បាស់លាស់គឺ ការផ្លាស់ប្តូរប្រព័ន្ធថវិកាពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ ដែលរួមមានបួនដំណាក់កាលគឺៈ ទី១. ការបង្កើនភាពជឿទុកចិត្តលើថវិកា, ទី២. ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ទី៣. ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង ទី៤. ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ។ មកទល់នឹងពេលនេះ រាជរដ្ឋាភិបាលសម្រេចបានជោគជ័យពេញលេញដំណាក់កាលទី១, សម្រេចបានជាសារវ័ន្តដំណាក់កាលទី ២ និង បានដាក់ឱ្យអនុវត្តដំណាក់កាលទី ៣ ជាផ្លូវការ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ ។ ក្នុងន័យនេះ ដើម្បីធានាឱ្យមានការផ្លាស់ ប្ដូរមួយ ដែលមានលក្ខណៈជាប្រព័ន្ធសមាហរណកម្មទំនើប, ស្របតាមស្ដង់ដារឧត្តមានុវត្តន៍នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលធានាបាននូវប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព, ទទួលបានការគាំទ្រពីគ្រប់ដៃគូពាក់ព័ន្ធ និង មិន ប៉ះពាល់ធ្ងន់ធ្ងរដល់ការអនុវត្តនាពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើស្វ័យប្រវត្តិកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ១ នៅឆ្នាំ ២០១៤ និង បានដាក់ប្រព័ន្ធឱ្យប្រើប្រាស់ពេញលេញជាផ្លូវការនៅខែ មេសា ឆ្នាំ ២០១៦ នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កន្លងទៅនេះ ។
ទន្ទឹមនឹងនេះ បណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ជូនអង្គពិធីអំពីសារប្រយោជន៍នៃប្រព័ន្ធ FMIS ថា៖
- សម្រាប់ប្រទេសកម្ពុជាទាំងមូល ប្រព័ន្ធ FMIS នឹងពង្រឹងបានគោលការណ៍នៃអភិបាលកិច្ចល្អ តាមរយៈការពង្រឹងបាននូវគណនេយ្យភាព, តម្លាភាព, ភាពអាចព្យាករណ៍បាន, ភាពអាចវាយតម្លៃបាន និង ភាពអាចទទួលបាននូវព័ត៌មានលើការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការអនុវត្តថវិកានៅប្រទេសកម្ពុជា ដែលជាលទ្ធផលនឹងពង្រឹងនូវជំនឿរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ។
- សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រព័ន្ធ FMIS នឹងដើរតួនាទីជាប្រព័ន្ធវាស់វែងលទ្ធផលនៃការអនុវត្ត, ជាឧបករណ៍វាយតម្លៃការអនុវត្តចំណូល-ចំណាយថវិកា និង ជាម៉ាស៊ីនផលិតទិន្នន័យ និង ព័ត៌មាននៃការគ្រប់គ្រង និង អនុវត្តថវិកាគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពច្បាស់លាស់, ជាក់ស្ដែង និង ទាន់ពេលវេលា ព្រមទាំងផ្សារភ្ជាប់ទៅនឹងកម្មវិធី, លទ្ធផល និង សមទិ្ធកម្ម ។
- សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រព័ន្ធ FMIS នឹងបង្ករភាពងាយស្រួលក្នុងការគ្រប់គ្រងចំណូល-ចំណាយថវិការបស់ ក្រសួង-ស្ថាប័នកាន់ប្រសើរ, គ្រប់គ្រងសាច់ប្រាក់កាន់តែសុក្រឹត និង ពន្លឿនការផ្តល់សិទ្ធិស្វ័យសម្រេចលើការគ្រប់គ្រង និង អនុវត្តថវិកាអង្គភាពថវិកាកាន់តែមានប្រសិទ្ធភាព ។
- សម្រាប់ក្រសួង-ស្ថាប័ន, អង្គភាព និង រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព័ន្ធ FMIS នឹងផ្តល់ភាពងាយស្រួលក្នុងការតាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាព ព្រមទាំងងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្ត ថវិកាកម្មវិធី ។
- សម្រាប់មន្រ្តីរាជការ ប្រព័ន្ធ FMIS នឹងផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត, គ្រប់គ្រង និង ស្វែងរកប្រតិបត្តិការហិរញ្ញវត្ថុ និង ការអនុវត្តថវិកា ព្រមទាំងកាត់បន្ថយកំហុស និង បង្កើនប្រសិទ្ធភាពការងារ ។ លើសពីនេះ មន្រ្តីរាជការនឹងមានកាលានុវត្ដភាព ក្នុងការទទួលបាននូវជំនាញថ្មីប្រកបដោយវិជ្ជាជីវៈខ្ពស់ និង មានតម្លៃបន្ថែមកាន់តែខ្ពស់ ។
ឆ្លៀតក្នុងឱកាសនោះ បណ្ឌិតប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និង កោតសរសើរចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ពិសេសធនាគារពិភពលោក, សហគមន៍អឺរ៉ុប និង មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែជួយសហការគាំទ្រទាំងផ្នែកបច្ចេកទេស, ហិរញ្ញវត្ថុ និង ការកសាងសមត្ថភាព សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី ១ និងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងសម្រាប់ជំហានទី ២ ។