
11
May, 2022
សេចក្ដីប្រកាសព័ត៌មានស្ដីពី“ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal Version 1) ជំហានទី១ ជាផ្លូវការនៅរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ”
នាថ្ងៃ ពុធ ១១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងនៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal Version 1) ជំហានទី១ ជាផ្លូវការនៅរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្រ្តី នៃរតនាគាររាជធានី-ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត និងជាពិសេសក្រុង-ស្រុក ដែលជាតួអង្គសំខាន់ត្រូវប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល FMIS Portal ជំហានទី១ ។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីភាពចាំបាច់មិនអាចខ្វះបាននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)នៅក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការដាក់ឱ្យដំណើរការជាបន្តបន្ទាប់នូវឧបករណ៍សម្រាប់ការគាំទ្រដល់ការវិភាគ និង ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងនោះមានឯកសារឌីជីថល (FMIS Portal) ជាដើម ។ ឯកសារឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលបន្ថែមនៃការពង្រីកវិសាលភាព និងការគ្របដណ្ដប់ឱ្យបានគ្រប់ជ្រុងជ្រោយនៃប្រព័ន្ធ FMIS និងជួយសម្រួលដល់មន្ត្រីថ្នាក់ក្រោមជាតិ តួយ៉ាងមន្ត្រី ស្រុក ឃុំ ក្នុងការបញ្ជូនឯកសារស្នើសុំ និងទូទាត់ចំណាយប្រចាំអង្គភាព ។ ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធឯកសារឌីជីថល នឹងជាចលករជំរុញការខិតទៅរកព័ត៌មានគ្រប់ជ្រុងជ្រោយនៅក្នុងប្រព័ន្ធ FMIS និង ជួយកាត់បន្ថយនូវបន្ទុកការងារសម្រាប់ មន្ត្រីអនុវត្ត ដែលកន្លងមកត្រូវធ្វើដំណើរក្នុងប្រវែងឆ្ងាយដើម្បីអាចបញ្ជូនឯកសារទាំងអស់នោះមកកាន់រតនាគាររាជធានីខេត្តបាន។ កិច្ចការទាំងអស់នេះ ពិតជាស្របទៅតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានសសរស្តម្ភចំនួន៣ រួមមាន (១). ការកសាងពលរដ្ឋឌីជីថល (២). ការកសាងសេដ្ឋកិច្ចឌីជីថល និង (៣). ការជំរុញធុរកិច្ចឌីជីថល ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកាលពីឆ្នាំ២០២១ ដើម្បីកែលម្អ និងកសាងជាសន្សឹមៗប្រកបដោយសរសរស្តម្ភរឹងម៉ាំ និង មានភាពជាម្ចាស់ខ្ពស់ ចំពោះសង្គមនិងសេដ្ឋកិច្ចឌីជីថល ។
គួរបញ្ជាក់ជូនថា វត្តមាននៃប្រព័ន្ធ FMIS បានក្លាយជាជន្ទុល និង ឆ្អឹងខ្នងដ៏រឹងមុំានៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលគិតមកទល់ពេលនេះ ប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ទាំងស្ថាប័នអនុវត្ត និង ដៃគូរអភិវឌ្ឍន៍ ដែលមានដូចជា សហភាពអឺរ៉ុប មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះប្រសិទ្ធភាព និង ការមិនអាចខ្វះបាននៃប្រព័ន្ធនេះ។ ប្រព័ន្ធ FMIS នាពេលបច្ចុប្បន្នបានគ្របដណ្តប់ទៅកាន់ក្រសួង-ស្ថាប័នទាំង ៣៧ ព្រមទាំងអង្គភាពថវិកាអណាប័កផ្ទេរសិទ្ធិពេញលេញ, រតនាគារ, និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តទាំង២៥, ព្រមទាំងរដ្ឋបាលរាជធានីខេត្តទាំង ២៥ ។
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងសន្សំសំច័យខ្ពស់ ដើម្បីជ្រោមជ្រែងដល់ការកាត់បន្ថយចំណាយក្នុងការដោះស្រាយឱ្យទាន់សភាពការនៃវិបត្តិកូវីដ១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីអនុវត្តគោលនយោបាយសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះចាប់យកឱ្យបាននូវការផ្លាស់ប្តូរថ្មីនេះ ធ្វើយ៉ាងណាតាមឱ្យទាន់សម័យកាល និងការវិវឌ្ឍរបស់សង្គម និង សេដ្ឋកិច្ចជាតិ ៕