+855 23 43 00 63

15

Sep, 2023

កិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពី ការអភិវឌ្ឍប្រព័ន្ធឯកសារឌីជីថល FMIS Portal V2

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយមន្ត្រីជំនាញ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍប្រព័ន្ធឯកសារឌីជីថល FMIS Portal V2 នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។


នៅក្នុងអង្គប្រជុំ តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញអំពី តារាងផែនការសកម្មភាពជារួមសម្រាប់ឆ្នាំ ២០២៣ ជាពិសេសវឌ្ឍនភាពរបស់គម្រោង FMIS Portal V2 ដោយបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូងនៃ FMIS Portal V2 នេះ ក្រុមការងារបច្ចេកទេសនឹងដាក់បញ្ចូលតែមុខងារចំនួន ២ តែប៉ុណ្ណោះគឺ មុខងារការទិញ (PO) និង មុខងារគណនីត្រូវសង (AP) ដែលជាមុខងារចម្បង ដោយបានគូសចេញនូវគម្រូរំហូរនីតិវិធីការងាររួចរាល់ ។ ទន្ទឹមនេះ ក្រុមការងារបច្ចេកទេសពាក់ព័ន្ធ នឹងសិក្សាប្រមូលធាតុចូលបន្ថែមទៀត ដើម្បីបានជាមូលដ្ឋានសម្រាប់ពិភាក្សា និង បន្តយន្តការការងារ ។


ជុំវិញការអភិវឌ្ឍមុខងាររបស់ប្រព័ន្ធក្នុង FMIS Portal V2 នេះ ក្រុមការងារបច្ចេកទេសក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលបង្កជាភាពរាំងស្ទះដល់ផែនការនៃការអភិវឌ្ឍប្រព័ន្ធឯកសារឌីជីថល FMIS Portal V2 ផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក បានជំរុញលើកចិត្ត និង ផ្តល់ការណែនាំបន្ថែម ដើម្បីបន្តយន្តការក្នុងការអភិវឌ្ឍ FMIS Portal V2 តាមផែនការដែលបានគ្រោងទុក ដើម្បីឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួល និង ការអនុវត្តហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង ៕