+855 23 43 00 63

9

Mar, 2022

កិច្ចប្រជុំស្តីពី វឌ្ឍនភាព និងទិសដៅបន្តនៃការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ ពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក, ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ ក្រុមការងារគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានរៀបចំកិច្ចប្រជុំស្តីពី “វឌ្ឍនភាព និងទិសដៅបន្ត នៃការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” សម្រាប់ថ្នាក់ដឹកនាំកំពូល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព មន្ត្រីជំនាញពាក់ព័ន្ធនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។   

នៅក្នុងកិច្ចប្រជុំ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីវឌ្ឍនភាព និងផែនការបន្ត នៃការអនុវត្តគម្រោង FMIS និងការបង្ហាញពីផ្ទាំងទិន្នន័យព័ត៌មានដែលហៅថាកញ្ចក់ថវិកា ដែលមានបង្ហាញពីទិន្នន័យផែនការ និង ការអនុវត្តថវិកា និងចំណូលចំណាយផងដែរ ។

ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS កន្លងមក បើទោះជាស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការអនុវត្តគម្រោង FMIS មានវឌ្ឍនភាពសម្រេចបាន ៩៥% ដែលជាភាគរយខ្ពស់ ដែលមានការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS លើកិច្ចសន្ធានកម្ម បង្កើនការដ្ឋាន និង ការពង្រឹងសមត្ថភាពរបស់ប្រព័ន្ធ ,ការគាំទ្រ និង បំប៉នការដ្ឋានដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS, ពង្រឹងការប្រើប្រាស់របាយការណ៍ចេញពីប្រព័ន្ធ, អភិវឌ្ឍបន្ថែមនិងគាំទ្រលើមុខងារលទ្ធកម្មពេញលេញ និង មុខងាររៀបចំផែនការថវិកា និង ពង្រឹងលើសុវត្ថិភាពប្រព័ន្ធឱ្យកាន់តែប្រសើរ ។

សមិទ្ធផលដែលទទួលបានជាក់ស្តែងចម្បងពីការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២១ គឺលើការអនុវត្តនីតិវិធីថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុងលើការបើកផ្តល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកដែលមានគោលរបបច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាបទី១ ក្នុងប្រព័ន្ធ FMIS ទាំងស្រុងដល់ក្រសួង-ស្ថាប័នចំនួន ២៧ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល ដែលធ្វើឱ្យចំណេញពេលវេលា កាត់បន្ថយក្រដាសស្នាម និង គណនេយ្យភាព ព្រមទាំងតម្លាភាព ។