+855 23 43 00 63

30

Nov, 2021

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្ម IMF

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងអនុប្រធាននាយកដ្ឋាន និងសមាជិកសមាជិកាពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារបេសកកម្មរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Holger Van Eden ប្រធានផ្នែកនាយកដ្ឋានកិច្ចការសារពើពន្ធ រួមជាមួយសមាជិកសមាជិកាផ្សេងទៀតដែលមានជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន ហិរញ្ញវត្ថុសាធារណៈ និង សេដ្ឋកិច្ច ដើម្បីពិភាក្សា និង ផ្តល់ជាធាតុចូលពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធ FMIS ដែលមានការចូលរួមពីតំណាងលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លោក Sebastien Dubost ជាដៃគូអភិវឌ្ឍន៍អញ្ជើញមកពីសហភាពអ៊ឺរ៉ុប។

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបរាប់អំពីវឌ្ឍនភាពសំខាន់ៗរបស់គម្រោង FMIS ជំហានទី ៣ សម្រាប់ឆ្នាំ ២០២១ នេះ ដែលរួមមាន ការសម្រេចបាននូវការអភិវឌ្ឍមុខងារចំនួនពីរបន្ថែមថ្មីនៃប្រព័ន្ធ FMIS (មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្ម), ការបន្តពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥, ការបន្តពង្រឹងនិងពង្រីកនូវការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងដល់ក្រសួង-ស្ថាប័ន, ការរៀបចំរបាយការណ៍តាមតម្រូវការរបស់អ្នកប្រើប្រាស់ និង ការធ្វើសន្ធានកម្មទិន្នន័យជាមួយនឹងប្រព័ន្ធដែលពាក់ព័ន្ធដទៃទៀត ។ ជាមួយគ្នានេះ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានអបអរសារទរ ចំពោះវឌ្ឍនភាពសំខាន់ៗទាំងនេះ នឹងបន្តជួបជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យបន្តទៅលើការអនុវត្តសកម្មភាពនៃការគ្រប់គ្រងការផ្លាស់ប្តូរ និង កិច្ចការងារពាក់ព័ន្ធផ្សេងទៀតនៅថ្ងៃខាងមុខ ។