+855 23 43 00 63

16

Jan, 2024

គម្រោង FMIS ចូលរួមគាំទ្រ និង ជំរុញដល់ការធ្វើប្រតិភូកម្មអង្គភាពថវិកាក្រោមឱវាទក្រសួង-ស្ថាប័នទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ

ដោយ៖: | Tags: | មតិយោបល់: 0

“ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងត្រៀមរៀបចំការងារ ដើម្បីផ្តល់ការគាំទ្រទាំងកម្រិតបច្ចេកទេសបណ្តុះបណ្តាលទាំងទ្រឹស្តីក្នុងប្រព័ន្ធ និង បណ្តុះបណ្តាលដល់ទីកន្លែងអនុវត្តការងារ, ការកសាងហេដ្ឋារចនាសម្ព័ន្ធច្ចេកវិទ្យា, ឧបករណ៍សម្ភារៈប្រើប្រាស់ប្រព័ន្ធ និង ការគាំទ្រផ្សេងៗកំឡុងពេលប្រើប្រាស់ ប្រសិនបើមានបញ្ហាប្រឈមសម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញសម្រាប់ក្រសួង-ស្ថាប័នទាំង ៧ ។” នេះជាការលើកឡើងរបស់ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងកិច្ចប្រជុំស្តីពីការធ្វើប្រតិភូកម្មអង្គភាពថវិកាក្រោមឱវាទទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលដឹកនាំដោយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបន្ទុកអគ្គនាយកដ្ឋានថវិកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និង លោក លោកស្រីមន្រ្តីបច្ចេកទេសជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័ន នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ក្នុងកិច្ចប្រជុំខាងលើជាមួយថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នចំនួន ៧ គឺ ក្រសួងយុត្តិធម៌, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អាជ្ញាធរសវនកម្មជាតិ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងធម្មការ និងសាសនា, ក្រសួងរ៉ែ និងថាមពល និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីអត្ថប្រយោជន៍ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង កែទម្រង់ឱ្យក្លាយជាប្រព័ន្ធថវិកាដែលមានលក្ខណៈទំនើប និង ឧមានុវត្តន៍ ដែលផ្លាស់ប្តូរពីប្រព័ន្ធថវិកាធាតុចូលទៅជាថវិកាសមិទ្ធកម្ម និង វិមជ្ឈការដែលការធ្វើប្រតិភូកម្មអង្គភាពថវិកាឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ គឺជាសមាសធាតុដ៏សំខាន់ចាំបាច់មិនអាចខ្វះបានដែលសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានផ្ទេរសិទ្ធិអំណាចជូនអង្គភាពត្រួតពិនិត្យថវិកាអមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានដែលប្តូរពីមន្រ្តីហិរញ្ញវត្ថុអមក្រសួងដែលមានសិទ្ធិអំណាចកាន់តែច្រើនក្នុងការពិនិត្យសម្រេចលើការស្នើសុំចំណាយ និង ទូទាត់របស់ក្រសួងដោយមិនចាំបាច់ត្រូវឆ្លងមកដល់ថ្នាក់ដឹកនាំកម្រិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់នោះទេ ។
ការអនុវត្តកិច្ចការងារតាម FMIS ឃើញថាបានបង្កភាពងាយស្រួលច្រើនដល់ក្រសួង-ស្ថាប័ន ក្នុងការគ្រប់គ្រង ចាត់ចែង និង អនុវត្តថវិការបស់ខ្លួន ដែលក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ ថ្នាក់ដឹកនាំតំណាងក្រសួងរ៉ែ និងថាមពល ក៏បានលើកឡើងពីការសរសើរដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងគាំទ្រដល់អ្នកប្រើប្រាស់ FMIS ឱ្យដំណើរការដោយរលូនសម្រាប់ការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ដែលតាំងពីអ្នកប្រើប្រាស់មិនទាន់ចេះ និង មានការបារម្ភច្រើននៅពេលប្រើប្រាស់ដំបូង ។ បើទោះជាយ៉ាងណាក្តី បញ្ហាប្រឈមនៅតែកើតមានទាក់ទងនឹងការបណ្តុះបណ្តាល និង ការគាំទ្រ ។ ក្រសួង-ស្ថាប័នភាគច្រើនស្នើសុំឱ្យមានការបណ្តុះបណ្តាលបន្ថែម និង ការចុះ គាំទ្រផ្ទាល់ដល់អ្នកប្រើប្រាស់ ដែលនេះ ឯកឧត្តម មន្ត ប្រាថ្នា ក៏បានគូសបញ្ជាក់ក្នុងអង្គប្រជុំផងដែរថា ក្រុមការងារនឹងយកចិត្តទុកបន្ថែមក្នុងការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធផ្ទាល់ជាជាងការបណ្តុះបណ្តាលតាម ប្រព័ន្ធអនឡាញ ដែលពេលខ្លះ គឺមិនបានគ្រប់ជ្រុងជ្រោយ ។ នៅពេលដែលក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទិ្ធពេញលេញ អង្គភាពទាំងនោះនឹងត្រូវប្រើប្រាស់ FMIS សម្រាប់ការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុដោយខ្លួនឯង ដោយអាចគ្រប់គ្រង ចាត់ចែង និង ទទួលខុសត្រូវលើថវិការបស់ខ្លួនផ្ទាល់ ដែលជួយសម្រួលដល់នីតិវិធីទូទាត់បានកាន់តែមានភាពងាយស្រួល រហ័ស និង មានតម្លាភាព ។ ដែលក្នុងនោះ ការអនុវត្តនីតិវិធីទូទាត់ចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ក៏បានដាក់ឱ្យប្រើប្រាស់នៅក្រសួងមួយចំនួនរួចមកហើយ ដែលកាន់តែជួយសម្រួលដល់ការអនុវត្តថវិកាបានកាន់តែលឿន និង មានប្រសិទ្ធភាពខ្ពស់ ៕