ដោយជាផ្នែកមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានផ្តួចផ្តើមបង្កើតនូវកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងបានដាក់ឲ្យអនុវត្តជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០០៤ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញឱ្យអភិបាលកិច្ចល្អ និង តម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ កាន់តែមានភាពប្រសើរឡើង ជាពិសេសការចំណាយថវិកាជាតិ ដែលនឹងត្រូវកែលម្អការគ្រប់គ្រង និង គណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានរបស់រដ្ឋាភិបាលទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍន៍ប្រទេស ដែលក្នុងនោះមានជំហានមូលដ្ឋានសំខាន់ៗចំនួនបួន (១) បង្កើនភាពជឿទុកចិត្តនៃថវិកា (២) បង្កើនគណនេយ្យភាពហិរញ្ញវត្ថុ (៣) លើកកម្ពស់ការផ្សាភ្ជាប់គោលនយោបាយជាមួយនឹងថវិកា និង (៤) បង្កើនគណនេយ្យភាពលើសមទ្ធិផលការងារ។ គោលបំណងជំហានទីមួយ (ភាពជឿទុកចិត្តបាននៃថវិកា) ត្រូវបានអនុវត្តសម្រេចយ៉ាងជោគជ័យទៅតាមផែនការដែលបានគ្រោងទុក និងបានបន្តចូលជំហានមូលដ្ឋានទីពីររបស់កម្មវិធី PFM (បង្កើនគណនេយ្យភាពហិរញ្ញវត្ថុ) ដែលបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០០៨។ ស្ថិតក្នុងជំហានមូលដ្ឋានទីពីរនេះ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) បានបង្កើតឡើង ដើម្បីដើរតួជាធាតុដ៏សំខាន់មួយក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់ PFMRP ។
ការងារសំខាន់របស់គម្រោង FMIS គឺដើម្បីធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ។ ដោយហេតុថា នេះជាគម្រោងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទិសដៅផ្លាស់ប្តូរនូវនីតិវិធីអនុវត្តហិរញ្ញវត្ថុពីការប្រើប្រាស់ដោយដៃជាទូទៅដោយផ្នែកខ្លះបានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗ ឱ្យទៅជាប្រព័ន្ធអេឡិចត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ) ហើយការផ្លាស់ប្តូរនេះនឹងជះឥទ្ធិពលដល់រចនាសម្ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចាត់ឲ្យនាយកដ្ឋានព័ត៌មានវិទ្យាទទួលខុសត្រូវចំពោះម្រោង ដើម្បីធានានូវភាពជោគជ័យ។
នៅឆ្នាំ ២០០៨ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលការណែនាំពីជំនាញការរបស់ធនាគារពិភពលោក ដោយស្នើសុំឲ្យមានការដាក់ឲ្យអនុវត្តគម្រោង FMIS ជាទ្រង់ទ្រាយធំ ដែលក្នុងនោះមានដូចជាសៀវភៅធំ លទ្ធកម្មគណនីត្រូវសង គណនីត្រូវទារ ការគ្រប់គ្រងសាច់ប្រាក់ ប្រតិបត្តិការថវិកា ទ្រព្យសកម្ម និងសន្និធិ ព្រមទាំងរបាយការណ៍ និង សន្ធានកម្ម (Interfaces)។ វិសាលភាពរបស់ប្រព័ន្ធ FMIS ក៏ត្រូវបានគ្រោងនឹងដាក់ឱ្យប្រើប្រាស់ទំាងមន្រ្តីហិរញ្ញវត្ថុ និងថវិកា នៅគ្រប់ក្រសួង-ស្ថាប័ន មន្ទីររាជធារនី-ខេត្ត និងស្រុក/ខណ្ឌ ពាក់ព័ន្ធទាំងឡាយជាដើម។ ប៉ុន្តែនៅចុងឆ្នាំ២០១១ ការស្នើសុំនោះត្រូវបានលុបចោលវិញ ដោយសារតែមានបញ្ហាមួយចំនួនក្នុងកំឡុងពេលធ្វើការចរចារជាមួយនឹងក្រុមហ៊ុនដែលឈ្នះក្នុងការផ្គត់ផ្គង់ប្រព័ន្ធ FMIS។ ដោយសារមូលហេតុនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួលការណែនាំពីធនាគារពិភពលោកសារជាថ្មី ដោយស្នើសុំឲ្យមានការដាក់ឲ្យអនុវត្តគម្រោង FMIS ជាទ្រង់ទ្រាយតូចជំនួសវិញ ដែលឲ្យឈ្មោះថាប្រព័ន្ធ “គម្រោងប្រព័ន្ធរតនាគារ (Treasury System Project)” ផ្តោតទៅលើអគ្គនាយកដ្ឋាន រតនាគារជាតិ និងបណ្តារតនាគាររាជធានី-ខេត្ត។ ជាមួយគ្នានេះដែរ ការអនុវត្តថវិកាត្រូវបានដាក់បញ្ជូល ដោយតម្រូវឲ្យមានការចូលរួមអនុវត្តពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធគន្លឹះមួយចំនួនរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
កិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធ
កិច្ចសន្យាផ្គត់ផ្គង់បានចាប់ផ្តើមអនុវត្តពីខែ ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះសម្រាប់ប្រព័ន្ធដ៏ពេញលេញមួយ (ដែលផ្តល់ទាំង ឧបករណ៍កុំព្យូទ័រ កម្មវិធីកុំព្យូទ័រ និង សេវាកម្ម) ទទួលការផ្គត់ផ្គង់ពី ក្រុមហ៊ុន FPT-FIS LG CNS Joint Venture ដោយប្រើប្រាស់ផលិតផល Oracle Corporation’s PeopleSoft Financials ដែលជាប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុដែលមានស្រាប់ ។ ក្រុមហ៊ុនផ្គត់ផ្គង់បាននឹងកំពុងអនុវត្តការងារទៅតាមកិច្ចសន្យានាពេលបច្ចុប្បន្ន។