+855 23 43 00 63

ខ្សែបន្ទាត់​ការងារនៃ​គម្រោង FMIS

ដើម្បីឱ្យ​មាន​ភាព​ស័ក្កិ​សិទ្ធិ​ក្នុងការ​គ្រប់គ្រង និង​អភិបាលកិច្ច​គម្រោង ហើយ​ឈានឆ្ពោះ​ទៅដល់​គោលដៅ​ចុងក្រោយ ដែលជា​ការអនុវត្ត​គម្រោង FMIS ប្រកបដោយ​ភាពជោគជ័យ​នោះ រចនាសម័្ពន្ធ​គម្រោង FMIS ត្រូវបាន​បែងចែក​ជា​ខ្សែបន្ទាត់​ការងារ ដោយ​បង្កើតឡើង​ដើម្បីឱ្យ​ត្រូវតាម​តម្រូវការ​នៃ​ការគ្រប់គ្រង​គម្រោង FMIS។

ការរៀបរាប់​លម្អិត​របស់​ខែ្ស​បន្ទាត់​ការងារ​នីមួយៗមាន​ដូច​ខាង​ក្រោម៖

១. ការិយាល័យ​គ្រប់គ្រង​គម្រោង (Project Management Office)

ក្នុង​ក្របខណ្ឌ​គម្រោង FMIS   ខ្សែបន្ទាត់​ការងារ​នេះ​ដើរតួ​​សំខាន់បំផុត ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​ខ្សែបន្ទាត់​ការងារ​ដទៃទៀត​នៅក្នុង​គម្រោង​ទាំងមូល ។

ការងារ​សង្ខេប​នៃ​ខ្សែបន្ទាត់​ការងារ​គ្រប់គ្រង​គម្រោង​នោះ គឺ រៀបចំផែនការ គ្រប់គ្រង  ត្រួតពិនិត្យ​វឌ្ឍនភាព​គម្រោង និង​ដោះស្រាយ​នូវ​រាល់ហានិភ័យ​ពាក់ព័ន្ធ    វិសាលភាព បញ្ហា  គម្លាត  ព្រមទាំង​បង្កើន​ការយកចិត្តទុកដាក់​ឱ្យបាន​ម៉ត់ចត់​ក្នុង​កំឡុង​ពេល​អនុវត្ត​គម្រោង ដែលមាន​ដូចជា៖

  • ជួយជ្រោមជ្រែង និង​ធានា​ឱ្យបាន​នូវ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហរិញ្ញវត្ថុ​ចំពោះ​គម្រោង FMIS
  • បង្កើត​ផែនការ​គម្រោង​និងថវិកា
  • ទទួលខុស​ត្រូ​លើ​ស្ថានភាព និង​វឌ្ឍនភាព​គម្រោង
  • ត្រួតពិនិត្យ​ការផ្លាស់ប្តូរ​នៃ​គម្រោង​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ និង​យុទ្ធសាស្រ្ត
  • ទទួលខុសត្រូវ​លើ​ការបញ្ចប់​គម្រោង​ប្រកបដោយ​ភាពជោគជ័យ​តាមកាល​វិភាគ ថវិកា វិសាលភាព និង​គុណភាព​នៃ​គម្រោង ដែលជា​ភារកិច្ច​ដ៏​ចម្បង​ត្រូវបាន​អនុវត្ត​ដោយ​ខ្សែបន្ទាត់​ការងារ​នេះ ។

សម្រាប់​ព័ត៌មាន​លម្អិត  សូម​ចូលទៅ​កាន់​ឯកសារ​ភ្ជាប់ (links)- Roles and Major Responsibilities of FMIS Organization

 

២. ខ្សែបន្ទាត់​ការងារ​សម្រាប់​នីតិវិធី​អនុវត្ត​ការងារ

ខ្សែបន្ទាត់​ការងារ​សម្រាប់​នីតិវិធី​អនុវត្ត​ការងារ គឺ​ទទួលខុសត្រូវ​លើ​ការវិភាគ​នីតិវិធី​អនុវត្ត​ការងារ ការរៀបចំ​រាល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​អនុវត្ត​ការងារ  ការរៀបចំ​អភិវឌ្ឍ និង​ដំឡើង​ប្រព័ន្ធ  FMIS ។

សម្រាប់​ព័ត៌មាន​លម្អិត  សូម​ចូលទៅ​កាន់​ឯកសារ​ភ្ជាប់ (links)- Roles and Major Responsibilities of FMIS Organization

 

៣. ខ្សែបន្ទាត់​ការងារ​សម្រាប់​ការគ្រប់គ្រង​ការផ្លាស់ប្តូរ

ខ្សែបន្ទាត់​ការងារ​នេះ គឺ​ទទួលខុសត្រូវ​លើ​ការធ្វើផែនការ ការគ្រប់គ្រង និង ការរៀបចំ​អនុវត្ត​រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ដូចជា៖

  • អភិវឌ្ឍនិង​អនុវត្ត​ផែនការ​គ្រប់គ្រង​ការផ្លាស់ប្តូរ និងផែនការ​ទំនាក់ទំនង​ផ្សព្វផ្សាយ
  • គ្រប់គ្រង និង​អនុវត្ត​រាល់​សកម្មភាព​ក្នុងការ​ទំនាក់ទំនង​ផ្សព្វផ្សាយ សម្រាប់​ក្រុមការងារ​គម្រោង មន្ត្រី​ប្រើប្រាស់​ប្រព័ន្ធ អ្នកពាក់ព័ន្ធ និង សមាជិក​គ្រប់គ្រង​គម្រោង​ទាំងឡាយ
  • យល់ដឹង​ឱ្យបាន​ច្បាស់​ពី​រចនាសម្ព័ន្ធ​ស្ថាប័ន​បច្ចុប្បន្ន និង​អនាគត​ដែល​នឹងត្រូវ​អនុវត្តតាម​ប្រព័ន្ធ​នាពេល​អនាគត ។

បន្ទាប់មក​ត្រូវ​យល់ដឹង​ឱ្យបាន​ច្បាស់​ពី​ផលប៉ះពាល់ នៃ​គម្រោង FMIS ទៅលើ​នីតិវិធី​អនុវត្ត​ការងារ ឬ​របៀប​អនុវត្ត​ការងារ លើ​តួនាទី​ដែល​ត្រូវ​ប៉ះពាល់ លើ​ជំនាញ​ឬ​ចំណេះដឹង​របស់​មន្រ្តី​ប្រើប្រាស់ និង លើ​ការផ្លាស់ប្តូរ​បន្ទុក​ការងារ ដើម្បី​បង្កើត​នូវ​ឯកសារ​ទំនាក់ទំនង​ផ្សព្វផ្សាយ ក្នុង​គោលបំណង​ពង្រឹង​ដល់​ការត្រៀម​រួចជាស្រេច​របស់​មន្រ្តី​ក្នុងការ​ផ្លាស់ប្តូរ ។

សម្រាប់​ព័ត៌មាន​លម្អិត  សូម​ចូលទៅ​កាន់​ឯកសារ​ភ្ជាប់ (links)- Roles and Major Responsibilities of FMIS Organization

 

៤. ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ

ខ្សែ​បន្តាត់​ការងារ​សម្រាប់​ផ្នែក​បច្ចេកទេស គឺ​ទទួលខុសត្រូវ​លើ​ការអនុវត្ត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​ហេ​ដ្ឋារចនាសម្ព័ន្ធ​របស់​ប្រព័ន្ធ ដែលមាន​ដូចជា ការរៀបចំ​ស្ថាបត្យកម្ម​ប្រព័ន្ធ ការបង្កើត​នូវ​មជ្ឈដ្ឋាន​អភិវឌ្ឍ​ការងារ ការដំឡើង​បណ្តាញ​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​និង​មជ្ឈមណ្ឌល​សង្គ្រោះ​ទិន្នន័យ ការបង្កើត​បណ្តាញ​កុំព្យូទ័រ​ដែលមាន​លក្ខណៈ​ស្តង់​ដា និង​បង្កើត​នូវ​មជ្ឈដ្ឋាន​ការងារ​ផ្សេងៗទៀត។

សម្រាប់​ព័ត៌មាន​លម្អិត  សូម​ចូលទៅ​កាន់​ឯកសារ​ភ្ជាប់ (links)- Roles and Major Responsibilities of FMIS Organization

 

៥. ការបណ្តុះបណ្តាល

ខ្សែបន្ទាត់​ការងារ​នេះ គឺ​ទទួលខុសត្រូវ​លើ​ការធ្វើផែនការ ការគ្រប់គ្រង និង​ការអនុវត្ត​នូវ​រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល ដូចជា៖

  • កំណត់​ពី​តម្រូវការការ​បណ្តុះបណ្តាល​សម្រាប់​ការអនុវត្ត​គម្រោង
  • កំណត់​មន្ត្រី​ប្រើប្រាស់​ដែល​ត្រូវ​បណ្តុះបណ្តាល និង​សម្របសម្រួល​លើ​កាល​វិ​ភា​គ​បណ្តុះបណ្តាល​មន្រ្តី​ប្រើប្រាស់​ចុងក្រោយ
  • បង្កើត និង​អនុវត្ត​សកម្ម​ភាព​បណ្តុះបណ្តាល​ទៅតាម​ផែនការ​បណ្តុះបណ្តាល ក្នុង​គោលបំណង​ដើម្បី​ធានា​ឱ្យបាន​ថា ផែនការ​បណ្តុះបណ្តាល​របស់​គម្រោង​ត្រូវបាន​បង្កើតឡើង ហើយ​ស្របទៅតាម​ផែនការ​របស់​គម្រោង ។

សម្រាប់​ព័ត៌មាន​លម្អិត  សូម​ចូលទៅ​កាន់​ឯកសារ​ភ្ជាប់ (links)- Roles and Major Responsibilities of FMIS Organization

 

៦. ការអនុវត្ត និង​ដាក់​ប្រព័ន្ធ​ឱ្យប្រើ​ប្រាស់ (IR) និង ការ​ទ្រទ្រង់ និង​ថែទាំ (SM)៖

ខ្សែបន្ទាត់​ការងារ​នេះ​នឹងត្រូវ​ចាប់ផ្តើម​សកម្មភាព​ក្នុង​កំឡុង​ពេល​នៃ​ដំណាក់កាល​ប្រើប្រាស់​ប្រព័ន្ធ​ជា​ផ្លូវការ និង​ដំណាក់កាល​ទ្រទ្រង់ និង​ថែទាំ ។ ការទទួលខុសត្រូវ​នេះ​គឺ​ដើម្បី​ទ្រទ្រង់​ដល់​ការប្រើប្រាស់​ប្រព័ន្ធ​ក្នុង​កំឡុង​ពេល​អនុវត្តន៍ (ដាក់ឱ្យ​ប្រើប្រាស់​នៅ​អគ្គនាយកដ្ឋាន​រតនាគារជាតិ និង​អគ្គនាយកដ្ឋាន​គន្លឹះ​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ) និង​បន្ត​ដាក់​ប្រព័ន្ធ​ឱ្យប្រើ​ប្រាស់​នៅតាម​រតនាគារ​រាជធានី-ខេត្ត និង​បន្ទាប់ពី​បញ្ចប់​គម្រោង ។ ជួយ​ដល់​មន្ត្រី​ប្រើប្រាស់​នៅពេលដែល​ប្រព័ន្ធ​នាពេល​អនាគត​បានដាក់​ឱ្យប្រើ​ប្រាស់ និង​ធ្វើ​ការថែទាំ​ប្រ​ព័ន្ឋ ដើម្បី​ជួយ​រក្សា​នូវ​ដំណើរការ​របស់​ប្រព័ន្ធ​ឱ្យមាន​ស្ថេរភាព​និង ភាពរលូន ។