
6
Mar, 2022
លេខេធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមជាវាគ្មិនក្នុងកម្មវិធីទិវាទិន្នន័យបើកទូលាយនៅកម្ពុជាក្រោមប្រធានបទ “តួនាទីនៃទិន្នន័យបើកទូលាយក្នុងការលើកកម្ពស់រដ្ឋាភិបាលឌីជីថល”
នាព្រឹកថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២២ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ កសហវ. និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង តំណាងឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន កសហវ. បានចូលរួមជាវាគ្មិនក្នុងកម្មវិធីទិវាទិន្នន័យបើកទូលាយនៅកម្ពុជាក្រោមប្រធានបទ “តួនាទីនៃទិន្នន័យបើកទូលាយក្នុងការលើកកម្ពស់រដ្ឋាភិបាលឌីជីថល” ដែលរៀបចំដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង តំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត ។
ក្នុងកិច្ចពិភាក្សាពីប្រធានបទ សារៈសំខាន់របស់ប្រព័ន្ធ FMIS សម្រាប់រាជរដ្ឋាភិបាល និង សម្រាប់ប្រជាពលរដ្ឋក្នុងបរិបទអភិបាលកិច្ចល្អ, ឯកឧត្តម មន្ត ប្រាថ្នា បានមានប្រសាសន៍ក្នុងកម្មវិធីថា សូមឱ្យប្រជាពលរដ្ឋមានការជឿជាក់លើរាជរដ្ឋាភិបាល ដោយចូលរួមស្វែងយល់នូវព័ត៌មានពីអ្វីដែលរដ្ឋាភិបាលបាននិងកំពុងធ្វើពីគេហទំព័រ សារព័ត៌មាន និង តាមកម្មវិធីផ្សេងៗដែលរដ្ឋាភិបាលបានធ្វើ និង ធ្វើជាពលរដ្ឋល្អ និង ពលរដ្ឋសកម្ម តាមរយៈស្វែងយល់ព័ត៌មានឱ្យបានច្រើន និង ត្រឹមត្រូវពីសកម្មភាពដែលរដ្ឋាភិបាលបានអនុវត្តដោយប្រើប្រាស់ថវិកាពន្ធដែលប្រមូលបាន, រាជរដ្ឋាភិបាល ជាក់ស្តែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងសហការអនុវត្តការងារជាមួយក្រសួង-ស្ថាប័ន និង អ្នកពាក់ព័ន្ធក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការទទួលយកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលនឹងមានសមិទ្ធផលជាច្រើនទៀតដែលគ្រប់គ្នានឹងមើលឃើញយ៉ាងច្បាស់បន្ទាប់ពីឆ្នាំ ២០២៥ ។
ក្នុងកិច្ចពិភាក្សា ក៏មានការចោទជាសំណួរផងដែរពីអ្នកចូលរួមដែលអញ្ជើញមកពីអង្គការសង្គមស៊ីវិលថា តើប្រព័ន្ធ FMIS បើកទូលាយសម្រាប់វិស័យឯកជនក្នុងការប្រើប្រាស់ដែរឬទេ? តើព័ត៌មាន ឬ ទិន្នន័យកម្រិតណាដែលប្រព័ន្ធ FMIS អាចធ្វើការផ្សព្វផ្សាយជាសាធារណៈ? ជាការឆ្លើយតប ឯកឧត្តម មន្ត ប្រាថ្នា បានបញ្ជាក់ថាប្រព័ន្ធ FMIS គឺជាប្រព័ន្ធសម្រាប់គ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះ ពោលគឺមិនមែនសម្រាប់វិស័យឯកជនប្រើប្រាស់នោះទេ ហើយការអនុញ្ញាតិឱ្យវិស័យឯកជន ឬ សាធារណៈជនប្រើប្រាស់ប្រព័ន្ធបានគឺអាស្រ័យលើការសម្រេចចិត្តរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបន្ទាប់ពីឆ្នាំ ២០២៥ ។ បន្ថែមពីនោះ ឯកឧត្តម ក៏មានប្រសាសន៍ថា ប្រព័ន្ធ FMIS គឺអាចកត់ត្រារាល់ទិន្នន័យ និង ព័ត៌មានពីការអនុវត្តថវិកា និង ហិរញ្ញវត្ថុសាធារណៈស្របតាមការអនុវត្តថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាលតាមចំណាត់ថ្នាក់កម្មវិធី ចំណាត់ថ្នាក់គម្រោងជាដើម ។ ការផ្សព្វផ្សាយព័ត៌មានផ្សេងៗពីថវិការាជរដ្ឋាភិបាលដូចជាផែនការ និង ការអនុវត្តថវិកា ព្រមទាំងការប្រមូលចំណូល គឺត្រូវបានផ្សព្វផ្សាយជាសាធារណៈលើគេហទំព័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រឹត្តបត្រផ្សព្វផ្សាយផ្សេងៗ និង គេហទំព័រគម្រោង FMIS ។
ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើ ដោយលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នាឱ្យព្យាយាមស្វែងយល់ពីព័ត៌មានផ្សេងៗដែលរដ្ឋាភិបាលបានធ្វើ និង ទិន្នន័យផ្សេងទៀតដែលបានផ្សព្វផ្សាយតាមរយៈគេហទំព័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ https://mef.gov.kh និង គេហទំព័រគម្រោង FMIS https://fmis.mef.gov.kh ដែលមានបង្ហាញ និង ផ្សព្វផ្សាយនូវព័ត៌មានដែលមានសារៈសំខាន់ និង ល្អៗដែលសាធារណជនស្វែងគួរយល់ពីថវិកា និង ហិរញ្ញវត្ថុសាធារណៈ ។