
7
Jul, 2023
ពិធី ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែកតាម FMIS ទាំងស្រុង, ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS នៅការដ្ឋានថ្មី, ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅសេសសល់ និង ពង្រីកសន្ធានកម្មទិន្នន័យរវាង FMIS ជាមួយប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ
នាថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែ បឋមសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែ កក្កដា ឆ្នំា ២០២៣, សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំពិធីដោយផ្ទាល់ និង តាមប្រព័ន្ធវីដេអូអនឡាញពីចម្ងាយស្តីពី “ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែកតាម FMIS ទាំងស្រុង, ពង្រីកការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅសេសសល់ និង ពង្រីកសន្ធានកម្មទិន្នន័យរវាង FMIS ជាមួយប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ ” ដោយមានការចូលរួមដ៏ច្រើនកុះករដែលលើសពីការរំពឹងទុកទាំងការចូលរួមដោយផ្ទាល់ និង ការចូលរួមតាមរយៈអនឡាញ ពីឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង-ស្ថាប័ន, ថ្នាក់ដឹកនាំអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, រតនាគាររាជធានី-ខេត្ត, រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង តំណាងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ១៨០០ រូប ។
ថ្លែងនៅក្នុងកម្មវិធីនេះដែរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រីកវិសាលភាពនៃការប្រើប្រាស់ FMIS ជាមួយនឹងការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីហិរញ្ញវត្ថុតាម FMIS ទាំងស្រុង គឺជាការចូលរួមចំណែកមួយនៅក្នុងការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ផ្អែកតាមក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ។ ដូច្នេះ មន្ត្រីរាជការត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ក្នុងការរៀនសូត្របន្ថែមនូវមេរៀនពាក់ព័ន្ធនឹងឌីជីថល ចាប់យកនូវរបៀបធ្វើការងារតាមបែបឌីជីថល និង បង្កើនភាពស៊ាំឱ្យបានលឿនតាមឱ្យទាន់កាលៈទេសៈនៃការវិវឌ្ឍសង្គមនិងសេដ្ឋកិច្ចឌីជីថល ។
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែង និងប្តេជា្ញចិត្តខ្ពស់ក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់មន្ត្រីគ្រប់រូបឱ្យផ្លាស់ប្ដូរផ្នត់គំនិត មកទទួលយកនូវបរិបទថ្មី នៃការផ្លាស់ប្ដូររបៀបរបបបំពេញការងារ ព្រមទាំងខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ដោយគិតពីប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ និង “តម្លៃនៃលុយ” ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះផងដែរថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាមធ្យោបាយ និង ដំណោះស្រាយជាសកល បង្កើតឡើងសម្រាប់គាំទ្រស្វ័យប្រវត្តិកម្ម និង ការរួមបញ្ចូលនៃដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល ដែលមិនសំដៅថាសម្រាប់តែរដ្ឋាភិបាលកម្ពុជាទេដែលប្រើប្រព័ន្ធបច្ចេកវិទ្យាបែបនេះ ប៉ុន្តែសម្រាប់រដ្ឋាភិបាលនៅទូទាំងពិភពលោកប្រើប្រាស់ ដើម្បីជំរុញនូវ ការពង្រឹងវិន័យថវិកា ការបង្កើនប្រសិទ្ធភាពក្នុងការវិភាជន៍ថវិកា និង ការធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព, តម្លាភាព, សង្គតិ-ភាព និង ប្រសិទ្ធភាព ។ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ឬ ហៅកាត់ថា FMIS បង្កើតឡើងដោយឈរលើមូលដ្ឋានជំរុញដល់ការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈលើការគ្រប់គ្រងហិរញ្ញវត្ថុ និង ការអនុវត្តថវិកា ឆ្ពោះទៅវិមជ្ឈការពេញលេញទៅកាន់អង្គភាពថវិកា ដោយអនុលោមទៅតាមស្ដង់ដារឧត្តមានុវត្តន៍អន្តរជាតិ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់បន្ថែមថា ដោយមើលឃើញយ៉ាងច្បាស់អំពីតម្រូវការពុំអាចខ្វះបាននៃការប្រើប្រាស់ FMIS ជាឧបករណ៍ដ៏ស័ក្កិសិទ្ធិ ក្នុងការជំរុញ និង គាំទ្រឱ្យការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចបោះជំហានទៅមុខឥតឈប់ឈរសម្រាប់កម្ពុជា ទាំងនៅក្នុងពេលបច្ចុប្បន្ន និង នាពេលអនាគត រាជរដ្ឋាភិបាលបានកំណត់យក FMIS ជាប្រព័ន្ធផ្លូវការតែមួយគត់របស់កម្ពុជា និង បានចែងនៅក្នុងមាត្រា ១៣ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលបានកំណត់យ៉ាងច្បាស់ថា “ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន ការត្រួតពិនិត្យលើការអនុវត្តចំណូលនិងចំណាយថវិការដ្ឋ និង កិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យនៃថវិការដ្ឋ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រើប្រាស់ និង ឆ្លុះបញ្ចាំងក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់ ” ។
ជាទីបញ្ចប់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសការពង្រីកវិសាលភាពនៃការដាក់ឱ្យអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធទាំងស្រុងនេះដូចតទៅ៖
១-ដាក់ឱ្យអនុវត្តនីតិវិធីចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែកតាម FMIS ទាំងស្រុងសម្រាប់ក្រសួង-ស្ថាប័នចំនួន ៧;
២-ដាក់ឱ្យប្រើប្រាស់ FMIS នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤;
៣-ដាក់ឱ្យប្រើប្រាស់កម្មវិធី FMIS Portal ជំនាន់ទី ១ ទៅកាន់រដ្ឋបាលក្រុង-ស្រុក និង ឃុំ-សង្កាត់ ចំនួន ១០៤៥ ដែលនៅសេសសល់ទាំងអស់នៅទូទាំងប្រទេស;
៤-ដាក់ឱ្យអនុវត្តមុខងារសន្ធានកម្មរវាង FMIS និង ប្រព័ន្ធគ្រប់គ្រងទិន្នន័យបៀវត្សមន្ត្រីរាជការស៊ីវិលសម្រាប់ក្រសួង-ស្ថាប័នចំនួន ២២ បន្ថែម;
៥-ដាក់ឱ្យអនុវត្តគម្រោង FMIS សម្រាប់រដ្ឋបាលក្រុង-ស្រុកចំនួន ៤៤ ដើម្បីត្រៀមបន្តប្រើប្រាស់ ផ្លូវការនៅក្នុងឆ្នាំ ២០២៤ ខាងមុខ ។
គួរបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ និង បង្កើតប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី១ រួចរាល់ សម្រាប់ប្រើប្រាស់ជាទំនាក់ទំនងរវាងរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ជាមួយរតនាគាររាជធានី-ខេត្ត ដោយប្រើប្រាស់កម្មវិធីទូរសព្ទឆ្លាតវៃ និង អាចដំណើរការបាននៅលើបណ្តាញអ៊ីនធឺណិត ។ FMIS Portal ជំនាន់ទី១ នេះ បានដាក់ឱ្យប្រើប្រាស់ ២ ជំហានរួចមកហើយ (ជំហានទី១ ខែ ឧសភា ឆ្នាំ ២០២២ និង ជំហានទី២ ខែ មីនា ឆ្នាំ ២០២៣) នៅរដ្ឋបាលក្រុងចំនួន ៦, រដ្ឋបាលស្រុកចំនួន ១៣៧ និង រដ្ឋបាលឃុំចំនួន ៦៣២ រួមទាំងរតនាគាររាជធានី-ខេត្តទាំងអស់ ។ នៅជំហានទី ៣ ប្រព័ន្ធ FMIS Portal នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការទៅកាន់រដ្ឋបាលស្រុក ឃុំ និង សង្កាត់ដែលនៅសេសសល់ ។ តាមរយៈការអនុវត្ត FMIS Portal កន្លងមក ប្រព័ន្ធបានផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ១) បញ្ជូនឯកសាររហ័សទាន់ពេលវេលា, ២) មិនតម្រូវឱ្យមន្ត្រី ក្រុង/ស្រុក ឃុំ/សង្កាត់ ធ្វើដំណើរទៅកាន់រតនាគាររាជធានី-ខេត្តដោយផ្ទាល់, ៣) រាល់ការធ្វើប្រតិបត្តិការមានការកត់ត្រាពេលវេលាច្បាស់លាស់, ៤) បង្កើនប្រសិទ្ធភាពការងារជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការងារវិនិយោគនៅថ្នាក់មូលដ្ឋាន និង ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ និង ៦) កាត់បន្ថយគ្រោះថ្នាក់ផ្សេងៗជាយថា- ហេតុក្នុងពេលធ្វើដំណើររត់ឯកសារ ។ ដូច្នេះហើយទើបមានបណ្តារដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនបានសំណូមពរមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការប្រើប្រាស់កម្មវិធី FMIS Portal ជំនាន់ទី១ នេះជាហូរហែរ៕