
11
Jan, 2019
ក្រុមការងារ FMIS សម្រេចបានការចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ចំនួន ៥ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវការបំពេញបេសកកម្មរបស់ខ្លួនក្នុងការចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗក្នុងការកត់ត្រានូវរាល់ប្រតិបត្តិការចំណូល-ចំណាយចូលទៅក្នុងប្រព័ន្ធ FMIS (FMIS-Functional) ជាក់ស្តែងជូនថ្នាក់ដឹកនាំ និងមន្ត្រីជាអ្នកប្រើប្រាស់តាមក្រសួង-ស្ថាប័ន១០ថ្មី និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥រាជធានី-ខេត្ត បានចំនួន៥ក្រសួង-ស្ថាប័ន និងនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ។ ក្រសួង-ស្ថាប័នទាំង៥នោះមាន៖ ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ។
តាមការអង្កេត ក្រសួង-ស្ថាប័នទាំង៥ ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ មានកិច្ចសហការយ៉ាងល្អជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួង-ស្ថាប័ន ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកាក្នុងប្រព័ន្ធ FMIS ផ្ទាល់ ។
នៅសប្តាហ៍បន្ទាប់ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករាឆ្នាំ២០១៩ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តបំពេញបេសកកម្មទៅកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន៤បន្ថែមទៀតរួមមាន៖ មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ពោធិ៍សាត់, កំពង់ឆ្នាំង, បាត់ដំបង និងប៉ៃលិន ព្រមទាំងក្រសួងចំនួន០៥ ដែលនៅសល់រួមមានក្រសួងព័ត៌មាន, ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់,ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសាធារណៈ និងដឹកជញ្ចូន។
ប្រព័ន្ធ FMIS គឺជាប្រព័ន្ធធ្វើស្វ័យប្រវត្តិកម្ម និងធ្វើការរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុទាំងផ្នែកថវិកា និងរតនាគារ ក្នុងគោលដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រាជរដ្ឋាភិបាលកម្ពុជាឱ្យជឿនលឿនដូចប្រទេសក្នុងតំបន់ និងសាកលលោក ។
តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅមុនឆ្នាំ២០២៥ ប្រព័ន្ធ FMIS នឹងក្លាយទៅជាប្រព័ន្ធទំនើបកម្មតែមួយគត់ប្រើប្រាស់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តថវិកាជាតិនៅកម្ពុជា ៕