+855 23 43 00 63

7

Nov, 2023

តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញចូលរួមសន្និសីទស្តីពីបណ្តាញការគ្រប់គ្រងចំណាយសាធារណៈក្នុងអាស៊ី (PEMNA) ឆ្នាំ ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

ដោយ៖: | Tags: | មតិយោបល់: 0

តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញចូលរួមក្នុងសន្និសីទ ស្តីពី “បណ្តាញការគ្រប់គ្រងចំណាយសាធារណៈក្នុងអាស៊ី (PEMNA) ឆ្នាំ ២០២៣” នៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។ ប្រធានបទជាច្រើននឹងត្រូវបានរៀបចំ ដោយមានការចែករំលែកបទពិសោធន៍ពីប្រទេសជាសមាជិក និង ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណាយសាធារណៈ ក្នុងនោះរួមមាន៖

– និន្នាការសកល និង តំបន់ ទៅលើការវិនិយោគ និង ហិរញ្ញវត្ថុរបស់ថ្នាក់ក្រោមជាតិ
– ការធ្វើវិមជ្ឈការសារពើពន្ធ សម្រាប់កំណើនប្រកបដោយផលិតភាព និង កំណើនប្រកបដោយបរិយាបន្ន
– កំណែទម្រង់សារពើពន្ធពហុកម្រិតសម្រាប់ការបង្កើនប្រសិទ្ធភាព, គណនេយ្យភាព និង ការគ្រប់គ្រងហានិភ័យ
– ការវិវត្តន៍ FMIS និង ឥទ្ធិពលទៅលើការសម្រេចចិត្ត និង គណនេយ្យភាពហិរញ្ញវត្ថុ
– ភាពសុខដុមនីយកម្មរបស់ FMIS នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
– ការធ្វើសន្ធានកម្មរវាង FMIS ជាមួយប្រព័ន្ធបច្ចេកវិទ្យាដទៃ ។

ទន្ទឹមគ្នានេះ អង្គសន្និសីទក៏មានរៀបចំជាកិច្ចជជែកពិភាក្សាអមបន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនដែលអញ្ជើញមកពីប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍ ។

សូមបញ្ជាក់ផងដែរថា សន្និសីទស្តីពី “បណ្តាញការគ្រប់គ្រងចំណាយសាធារណៈក្នុងអាស៊ី (PEMNA) ឆ្នាំ ២០២៣” នៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នេះ មានការអញ្ជើញចូលរួមពីតំណាងសហភាពអឺរ៉ុប, ធនាគារពិភពលោក និង អង្គការ UNICEF និង បណ្តាប្រទេសជាសមាជិកក្នុងតំបន់ចំនួន ១៤ រួមមាន៖ ប្រទេសកម្ពុជា, ប្រទេសប្រ៊ុយណេ, ប្រទេសចិន, ប្រទេសឥណ្ឌូនេស៊ី, ប្រទេសកូរ៉េខាងត្បូង, ប្រទេសឡាវ, ប្រទេសម៉ាឡេស៊ី, ប្រទេសម៉ុងហ្គោលី, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសហ្វីលីពីន, ប្រទេសសិង្ហបុរី, ប្រទេសថៃ, ប្រទេសទីម័រខាងកើត, និង ប្រទេសវៀតណាម ៕