+855 23 43 00 63

18

Mar, 2024

ក្រុមការងារ FMIS សិក្សានិងឈ្វេងយល់ពីប្រព័ន្ធ CamDX CamDigiKey និង CamDL

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងសិក្សាពីលទ្ធភាពដែលអាចប្រើប្រាស់ប្រព័ន្ធ CamDX, CamDigiKey និង CamDL ស្របតាមការណែនាំដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបប្រជុំ និងមើលការបង្ហាញផ្ទាល់ (Demo on System) ពីក្រុមការងារជំនាញនៃមជ្ឈមណ្ឌលធុរកិច្ច “តេជោ” ដែលបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៤ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានស្វាគមន៍ និងរីករាយចំពោះកិច្ចសហការរបស់ក្រុមការងារជំនាញនៃមជ្ឈមណ្ឌលធុរកិច្ច “តេជោ” ជាពិសេសការសិក្សាកាន់តែស៊ីជម្រៅអំពីវិសាលភាពរបស់ប្រព័ន្ធ CamDX, CamDigiKey និង CamDL ដើម្បីសិក្សាទៅលើលទ្ធភាពសម្រាប់ការប្រើប្រាស់ជាមួយ FMIS ។

ការសិក្សាពីលទ្ធភាពសម្រាប់ការប្រើប្រាស់ប្រព័ន្ធ CamDX, CamDigiKey និង CamDL ជាមួយ FMIS នឹងអាចផ្តល់តម្លៃបន្ថែមទៀតលើការពង្រឹងសុវត្ថិភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែល FMIS គឺជាប្រព័ន្ធស្នូលដ៏សំខាន់ក្នុងការទូទាត់ចំណូល-ចំណាយ ថវិកាជាតិ ។