+855 23 43 00 63

7

Jun, 2021

ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាលស្តីពីមុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹក ថ្ងៃ ចន្ទ ១២ រោច ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ” ជូនថ្នាក់ដឹកនាំ និង មន្ត្រី នៃក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ស្របតាមបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ ។

មុខងាររៀបចំផែនការថវិកាគឺ ជាមុខងារថ្មីដែលត្រូវបានអភិវឌ្ឍឡើងដើម្បីបង្ហាញគ្រប់ដំណាក់កាល និង គ្រប់សកម្មភាពនៃដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាបីឆ្នាំរំកិល ការរៀបចំកញ្ចប់ថវិកា និង ការអនុម័តថវិកា ក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ មន្ត្រីអនុវត្តការងារថវិកា ឬ រៀបចំផែនការថវិកា នៃក្រសួង-ស្ថាប័នអាចធ្វើការកត់ត្រាគម្រោងចំណូលចំណាយថវិកាប្រចាំឆ្នាំលម្អិតទៅតាមចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និង ដាក់ជូននាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា ដើម្បីពិនិត្យ និង រៀបចំកិច្ចប្រជុំចរចាថវិកាកម្រិតបច្ចេកទេស និង កម្រិតថ្នាក់ដឹកនាំ ។

មុខងារលទ្ធកម្មពេញលេញគឺជាមុខងារថ្មីរបស់ប្រព័ន្ធ FMIS ដែលមានសមត្ថភាពអាចគ្រប់គ្រងរាល់ដំណើរការអនុវត្តកិច្ចលទ្ធកម្មសាធារណៈរបស់ក្រសួង-ស្ថាប័នទាំងអស់ ។ មុខងារនេះ ត្រូវបានបែងចែកជាអនុមុខងារចំនួន៤ រួមមាន ១-ការគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ ២-ផែនការលទ្ធកម្ម ៣-ការគ្រប់គ្រងដំណើរការដេញថ្លៃ ៤-ការគ្រប់គ្រងកិច្ចសន្យា ។

មុននឹងឈានដល់វគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសដែលទទួលបន្ទុកថវិកា និង ហិរញ្ញវត្ថុនៃក្រសួងកិច្ចការនារី បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងអំពី “ការប្រើប្រាស់មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ” រួចរាល់ជាស្ថាពរកាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅ សម្រាប់ការត្រៀមអនុវត្តមុខងារថ្មីទាំង ២ នេះ ប្រកបដោយប្រសិទ្ធខ្ពស់ និង រលូន ។