+855 23 43 00 63

10

Feb, 2022

តំណាងធនាគារពិភពលោកជួបជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបលោក Hassan Zaman ប្រធានប្រចាំតំបន់នៃធនាគារពិភព និងមានការចូលរួមពីលោក សូ សុខប៊ុនធឿន មន្ត្រីជំនាញជាន់ខ្ពស់របស់ធនាគារពិភពលោក និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីបង្ហាញពីវឌ្ឍនភាព និង ផែនការរបស់គម្រោង FMIS ព្រមទាំងមានការបង្ហាញក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់ផងដែរ ។

ឯកឧត្តម មន្ត ប្រាថ្នា បានពន្យល់តំណាងធនាគារពិភព ពីអត្ថប្រយោជន៍ និង ការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និង ថវិការបស់រាជរដ្ឋាភិបាល ដោយចាប់ផ្តើមពីដំណាក់កាលរៀបចំផែនការថវិកា រហូតដល់ពេលទូទាត់ចំណាយ ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពដែលជាដៃគូអភិវឌ្ឍមួយ ដែលតែងជួយគាំទ្រ និង ជំរុញដល់ការអនុវត្តគម្រោង FMIS តាំងពីការចាប់ផ្តើមជំហានទី ១ ពោលគឺចាប់ពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន នៃការអនុវត្តជំហានទី ៣ នេះ ។

រួមជាមួយគ្នានេះដែរ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីវឌ្ឍនភាព និងផែនការបន្ត ព្រមទាំងការធ្វើបទបង្ហាញក្នុងប្រព័ន្ធ FMIS ផ្ទាល់ ពីមុខងារសំខាន់ៗមួយចំនួន និង ផ្ទាំងទិន្នន័យព័ត៌មានដែលហៅថាកញ្ចក់ថវិកាដែលមានបង្ហាញពីទិន្នន័យផែនការ និង ការអនុវត្តថវិកា និង ចំណូលចំណាយផងដែរ ។

លោក Hassan Zaman បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ដល់ការអនុវត្តគម្រោង FMIS និង ថ្លែងអំណរគុណដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានបង្ហាញពីការប្រើប្រាស់ប្រព័ន្ធដែលធ្វើឱ្យលោកបានយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធជាក់ស្តែង ព្រមទាំងបានកោតសរសើរ និង វាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលមានការតាំងចិត្តខ្ពស់ និង មានភាពឈ្លាសវៃក្នុងការរៀបចំ និង គាំទ្រផ្សេងៗដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ។ លោក Hassan ក៏បានប្រាប់ផងដែរថា ធនាគារពិភពលោកនឹងបន្តការជួយគាំទការអនុវត្តគម្រោង FMIS នៅកម្ពុជាបន្តទៅមុខទៀត ៕