
25
Feb, 2019
ឯកឧត្កមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ FMIS រួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យបោះជំហានទៅមុខ
“វឌ្ឍនភាពដ៏ធំធេងនៃការអនុវត្តគម្រោង FMIS តាំងពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងខ្លាំង ក្នុងការជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យបោះជំហានទៅមុខ ជាមួយនឹងការចាក់គ្រឹះដ៏រឹងមាំសម្រាប់ឈានទៅសម្រេចគោលដៅចុងក្រោយនៅឆ្នាំ ២០២៥ គឺ “គណនេយ្យភាព សមិទ្ធកម្ម” ។” នេះជាការលើកឡើងរបស់ឯកឧត្កមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅក្រសួង-ស្ថាប័នចំនួន ១០ និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង ២៥ និង ប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១៧ សម្រាប់ឆ្នាំ ២០១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ឯកឧត្កមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា វឌ្ឍនភាព និង សមិទ្ធផលរបស់ការអនុវត្តគម្រោង FMIS តាំងពីជំហានទី១ ឆ្នាំ២០១៤ មកដល់ពេលនេះ ពុំមែនទទួលបានមកដោយងាយស្រួលនោះទេ, គឺវាបានកើតចេញពីការខិតខំ ប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា ដោយឈរលើមូលដ្ឋាន “ប្រមូលផ្តុំ, ពិភាក្សា និង ដោះស្រាយ រួមគ្នា ក្នុងស្មារតីជាក្រុមតែមួយ ”។ ប្រព័ន្ធ FMIS បានពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍ និង ប្រើប្រាស់នូវឧបករណ៍វិភាគនានាលើឃ្លាំងផ្ទុកទិន្នន័យ ដែលបាន ផ្តល់លទ្ធភាពដ៏ខ្លាំងក្លាដល់ប្រព័ន្ធក្នុងការផលិតបាននូវរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍ ជាច្រើនផ្សេងទៀត សម្រាប់បម្រើឱ្យការតាមដានការងារអនុវត្តថវិកា, ការងារវិភាជន៍ធនធានហិរញ្ញវត្ថុ, ការព្យាករតាមបែបស្ថិតិ, ការវាយតម្លៃលើសមិទ្ធផល និង ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំក្នុងការប្រើប្រាស់ថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព។
ក្នុងអង្គពិធីនេះ លោក Frank viault ប្រធានផ្នែកសហប្រតិបត្តការនៃសហភាពអ៊ីរ៉ុបប្រចាំកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ មានប្រសាសន៍កោតសរសើររាជរដ្ឋាភិបាលកម្ពុជា (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ដល់គ្រប់ក្រសួង-ស្ថាប័ន និងដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។ ក្នុងនោះដែរ លោកក៏បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នដែលប្រើប្រាស់ប្រព័ន្ធ FMIS ធ្វើការកាត់បន្ថយនីតិវិធីអនុវត្តការងារឱ្យការអនុវត្តចំណាយរបស់រាជរដ្ឋាភិបាលបានកាន់តែមានប្រសិទ្ធភាព ដែលបម្រើសេវាសាធារណៈបានកាន់តែឆាប់រហ័ស និងស្របតាមតម្រូវការ។
សម្រាប់ដើមឆ្នាំ ២០១៩ នេះ ប្រព័ន្ធ FMIS នឹងត្រូវបន្តដាក់ឱ្យដំណើរការនូវមុខងារចំនួន ៤ ក្នុងចំណោម មុខងារស្នូលសំខាន់ទាំង ៦ របស់ប្រព័ន្ធ ក្នុងនោះរួមមាន៖ ១. មុខងារវិភាជន៍ថវិកា, ២. មុខងារទិញ និង គ្រប់គ្រង ធានាចំណាយ, ៣. មុខងារគណនីត្រូវសង និង ៤. មុខងារគណនីត្រូវទារ ។ ក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត ដែលត្រូវដាក់ឱ្យដំណើរការ គឺ៖ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៣. ក្រសួងពាណិជ្ជកម្ម, ៤. ក្រសួងសាធារណការ និងដឹកជញ្ជូន, ៥. ក្រសួងធនធានទឹក និង ឧតុនិយម, ៦. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, ៧. ក្រសួងអភិវឌ្ឍន៍ជនបទ, ៨. ក្រសួងព័ត៌មាន, ៩. ក្រសួងទេសចរណ៍ និង ១០. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមទាំង គ្រប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។