
18
May, 2018
ខណៈពេលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាលំដាប់ ប្រព័ន្ធ FMIS នឹងក្លាយជាឧបករណ៍ស្នូលសម្រាប់ការសម្រចចិត្តរបស់ថ្នាក់ដឹកនាំបានត្រឹមត្រូវនិងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា
នៅក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា គឺនៅតែបន្តភាពរឹងមាំ និងត្រូវបានធនាគារពិភពលោក (WB) បានចាត់ទុកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ។ ស្របពេលជាមួយគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកប្រទេសកម្ពុជា ថាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ព្រមទាំងបានប្រសិទ្ធនាមថា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” នៅឆ្នាំ ២០១៦ ។
យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF នៅឆ្នាំ ២០១៧ បានបង្ហាញថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជាបន្តភាពរឹងមាំ ខណៈពេលដែលអតិផរណាជាមធ្យមបានកើនឡើងដល់ ៣% នៅឆ្នាំ ២០១៦ ។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៧ រក្សាលំនឹង ដោយក្នុងនោះផលិតផលក្នុងស្រុកសរុប (GDP) រក្សាបានកំណើនក្នុងរង្វង់ ៧,០% ដោយក្នុងនោះ មានការចូលរួមពីវិស័យឧស្សាហកម្មប្រមាណ ៩,៩%, សេវាកម្មប្រមាណ ៧,១% និងកសិកម្មប្រមាណ ១,៦% ។
ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ លទ្ធផលប្រមូលចំណូលនៅតែមានភាពរឹងមាំ ដែលចំណូលមានការកើនឡើងក្នុងចន្លោះពី ១៥% ទៅ ២០% ក្នុងមួយឆ្នាំៗ នារយៈពេល ៥ ឆ្នាំចុងក្រោយ ដោយត្រូវបានស្ថាប័នអន្តរជាតិនានាវាយតម្លៃថា ជាសមិទ្ធផលមួយ ដែលមិនធ្លាប់មានពីមុនមកក្នុងបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេស ដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់ប្រហែល ។ ជាក់ស្តែង ចំណូលចរន្តថវិកាជាតិ បានកើនឡើងពីប្រមាណ ១៥,០៦% នៃ ផ.ស.ស. ក្នុងឆ្នាំ ២០១៣ ដល់ ១៩,៦៤% នៃ ផ.ស.ស. ក្នុងឆ្នាំ ២០១៧ ពោលគឺកើនឡើងជិត ២ដង ឬប្រមាណ ៤,៥៨ ពិន្ទុភាគរយនៃ ផ.ស.ស. ។ ទន្ទឹមនេះ ថវិកាចំណាយបានកើនប្រមាណ ១,៨ដង ដែលការវិភាជថវិកាចំណាយនេះត្រូវបានគិតគូរលើវិស័យអាទិភាពសំខាន់ៗ ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីការអនុវត្តថវិកាចំណាយកាន់តែមានប្រសិទ្ធភាព ។
សមិទ្ធផលខាងលើ អាចសម្រេចបានដោយសារតែការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈយ៉ាងម៉ឺងម៉ាត់ ដែលជាផ្នែកមួយដ៏សំខាន់នៃ “យុទ្ធសាស្ត្រចតុកោណ” របស់រាជរដ្ឋាភិបាលកម្ពុជា ។ ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បាននិងកំពុងស្ថិតនៅក្នុងដំណាក់កាលទី៣គឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដែលក្នុងនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) គឺជាឆ្អឹងខ្នងមិនអាចខ្វះបាន ក្នុងការរុញច្រានកម្មវិធីកំណែទម្រង់មួយនេះឱ្យទទួលបានជោគជ័យ ។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅពេលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណើរការបានពេញលេញ, ការគ្រប់គ្រងចំណាយថវិការដ្ឋ នឹងកាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ល្អប្រសើរឡើងថែមទៀត ហើយប្រព័ន្ធនេះ នឹងជួយផ្តល់ព័ត៌មានយ៉ាងពេញលេញ និង ទាន់ពេល អំពីស្ថានភាពហិរញ្ញវត្ថុសាធារណៈជាតិ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការវិភាគ និង ការធ្វើសេចក្តីសម្រេចចិត្ត លើការបែងចែក និង ប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈសរុបរបស់ជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ។
មកទល់នឹងពេលនេះ ប្រព័ន្ធ FMIS គឺជាប្រព័ន្ធតែមួយគត់ដែលត្រូវបានប្រើប្រាស់នៅរតនាគាររាជធានី-ខេត្តទាំង២៥ សម្រាប់កត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុតាំងពីឆ្នាំ២០១៧មក។ បច្ចុប្បន្ននេះ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័នចំនួន ១០ ព្រមទាំងអង្គភាពថិវកាដែលជាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន។ សម្រាប់ការអនុវត្តឆ្នាំ២០១៩ មានក្រសួង-ស្ថាប័នចំនួន១០ ផ្សេងទៀត រួមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុផងដែរ ដែលចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺ នៅឆ្នាំ២០២៥ ប្រព័ន្ធ FMIS នឹងក្លាយជាប្រព័ន្ធទំនើបកម្មតែមួយគត់ដែលប្រើប្រាស់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុវត្តថវិកានៅកម្ពុជាប្រកបដោយប្រសិទ្ធភាពយ៉ាងពិតប្រាកដក្នុងការរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕