
9
Jan, 2018
ដើមឆ្នាំ2018 ក្រសួងសេដ្ឋកិច្ចដាក់ឱ្យដំណើរការប្រព័ន្ធFMISជំហានទី2
[កោះសន្តិភាព-ភ្នំពេញ]៖ បច្ចុប្បន្ន មិនថា នៅក្នុងស្ថាប័នរដ្ឋឬឯកជនទេ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកំពុងដើរតួនាទីមិនអាចខ្វះបានក្នុងការជំរុញឱ្យស្ថាប័ននីមួយៗមានការលូតលាស់ប្រកបដោយភាពប្រកួតប្រជែង ស្របតាមនិន្នាការនៃសមាហរណកម្មក្នុងតំបន់ និងសាកលភាវូបនីយកម្ម ជាមួយនឹងការដើរឱ្យទាន់នូវសន្ទុះលូតលាស់ឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច ។ ជាក់ស្តែង ស្ទើរតែគ្រប់អាជីវកម្ម ជាពិសេសស្ថាប័នហិរញ្ញវត្ថុ រួមមាន ក្រុមហ៊ុនមូលបត្រ ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាដើម សុទ្ធសឹងតែពឹងផ្អែកលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងដំណើរការអាជីវកម្ម ដើម្បីលើកកម្ពស់គុណភាពនៃការផ្ដល់សេវាកម្ម និងផលិតផលរបស់ខ្លួនឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងដើម្បីធានាពង្រឹងដល់ដំណើរការនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាគន្លឹះស្នូលនៃកម្មវិធីកែទម្រង់រដ្ឋនៃរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ តទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ FMIS ថ្មីជំហានទី២ ក្នុងការពង្រីកការប្រើប្រាស់ប្រព័ន្ធឱ្យបានទៅដល់ក្រសួង-ស្ថាប័នចំនួន១០ បន្ទាប់ពីបានអនុវត្តដោយជោគជ័យនៅជំហានទី១មក ។
FMIS គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង ដោយចាប់ផ្ដើមគម្រោងពេញលេញនៅក្នុងឆ្នាំ២០១៤ ក្នុងគោលដៅពង្រឹងនូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
គោលដៅចម្បងក្នុងការអនុវត្តគម្រោងប្រព័ន្ធ FMIS នេះ គឺដើម្បីគាំទ្រជំរុញ និងពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាល ដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងព័ត៌មានចំណូលចំណាយថវិកាគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ។
ជាគោលដៅទៅថ្ងៃអនាគត ប្រព័ន្ធ FMIS នឹងផ្តល់នូវការប្រើស្វ័យប្រវត្តិកម្មលើការរៀបចំធ្វើផែនការថវិកា, ការអនុវត្តថវិកា, ការធ្វើកិច្ចលទ្ធកម្មសាធារណៈ, ការគ្រប់គ្រងគម្រោងវិនិយោគ និងកិច្ចសន្យា, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងសន្និធិរដ្ឋ ដែលនឹងជួយឱ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងទទួលបាននូវប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការផ្ដល់នូវយន្តការកាត់បន្ថយការប្រើប្រាស់ក្រដាសស្នាមក្នុងប្រតិបត្តិការហិរញ្ញវត្ថុបានជាបណ្ដើរៗ ។
បើតាមគេហទំព័រគម្រោង FMIS ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយនេះ ទទួលបានជោគជ័យយ៉ាងធំធេងនៃការសម្រេចបាននូវជំហានទី១របស់ខ្លួន ក្នុងការដាក់ឱ្យប្រើប្រាស់នៅតាមអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្តទាំង២៥ ។
គេហទំព័រដដែលបានឱ្យដឹងបន្តថា នៅជំហានទី១នៃការអនុវត្តប្រព័ន្ធ FMIS នៅតាមអគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគាររាជធានី-ខេត្តទាំង២៥ បានបង្ហាញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចគ្រប់គ្រង និងតាមដានព័ត៌មានពីចលនាចំណូល និងចំណាយថវិកាជាតិ និងព័ត៌មានហិរញ្ញវត្ថុពីក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិបានប្រសើរជាងមុន ។ ជាពិសេស ព័ត៌មានស្ដីពីលំហូរសាច់ប្រាក់ត្រូវបានកំណត់ច្បាស់លាស់តាំងពីដើមទី និងមានភាពងាយស្រួលដល់ការផ្ទៀងផ្ទាត់សាច់ប្រាក់ក្នុងបញ្ជីគណនេយ្យសាធារណៈ និងសាច់ប្រាក់ក្នុងគណនីធនាគារ ។
នៅក្នុងជំហានទី២ នឹងដាក់ឱ្យប្រើប្រាស់នៅក្រសួងចំនួន១០ទៀត រួមមាន ១-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ២-ក្រសួងសុខាភិបាល, ៣-ក្រសួងអប់រំ យុវជន និងកីឡា, ៤-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៥-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៦-ក្រសួងបរិស្ថាន, ៧-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ៨-ក្រសួងកិច្ចការនារី, ៩-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ១០-ក្រសួងមុខងារសាធារណៈ និងអង្គភាពថវិកាផ្ទេរសិទ្ធិពេញលេញចំនួន១៣នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន។
មូលហេតុនៃការអនុវត្តក្នុងក្រសួង-ស្ថាប័នចំនួន១០នេះមុនគេ គឺដោយសារ ៖
ទី១-ទំហំនៃថវិការបស់ក្រសួង-ស្ថាប័នទាំង១០ បូកសរុបចូលគ្នាមានទំហំច្រើនជាង៧០%នៃថវិកាជាតិទាំងមូល ។
ទី២-មានកិច្ចសហការគាំទ្រពីអ្នកពាក់ព័ន្ធនានា ជាពិសេសអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមមាន សហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាដើម ។
ទី៣-មានកិច្ចសហការ និងសំណូមពរក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ពីក្រសួងទាំង១០ផ្ទាល់ ។
គេហទំព័រគម្រោង FMIS បញ្ជាក់ផងដែរថា នៅពេលដែលកម្ពុជាប្រើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពេលនោះ កម្ពុជាទាំងមូលនឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖
ពង្រឹងភាពប្រជែងឈ្នះសម្រាប់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកតាមរយៈការកសាងនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុមួយដ៏រឹងមាំ និងមានប្រសិទ្ធភាពក្នុងការទ្រទ្រង់យន្តការពង្រឹងគោលការណ៍អភិបាលកិច្ចល្អ តាមរយៈការពង្រឹងនូវគណនេយ្យភាពក្នុងការចាយវាយ និងប្រមូលថវិកាជាតិ តម្លាភាពក្នុងការបង្ហាញពីចំណូល-ចំណាយថវិកាជាតិ, ភាពអាចព្យាករបាននៃថវិកាជាតិសម្រាប់រយៈពេលខ្លី និងរយៈពេលវែង, ភាពអាចវាយតម្លៃបានទៅលើសមិទ្ធផល និងប្រសិទ្ធភាពនៃចំណាយថវិកាជាតិ, ការបើកទូលាយពីព័ត៌មានហិរញ្ញវត្ថុ និងការអនុវត្តថវិកាទៅកាន់សាធារណជន ។
ក្នុងន័យនេះ ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនអាចមើលឃើញច្បាស់ពីតម្លៃនៃលុយដែលបានចូលរួមចំណែកក្នុងការបង់ពន្ធ និងមើលឃើញកាន់តែច្បាស់ពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានក្នុងការកសាង និងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ។
បន្ថែមពីនេះ អត្ថប្រយោជន៍ដែលក្រសួង-ស្ថាប័ននឹងទទួលបានពីការគ្រប់គ្រងថវិកាសាធារណៈគឺ ៖
-កត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ (ចំណូលចំណាយថវិកាជាតិ) ដោយខ្លួនឯង (ពង្រឹងគណនេយ្យភាព)
-អាចតាមដានស្ថានភាពប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនទាំងផ្ទៃក្នុងក្រសួង-ស្ថាប័នសាមី និងប្រតិបត្តិការបញ្ជូនមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (បង្កើនតម្លាភាព)
-គ្រប់គ្រង តាមដាន និងត្រួតពិនិត្យចលនាថវិកា និងអនុវត្តថវិការបស់ខ្លួនបានតាមប្រព័ន្ធ FMIS ដែលនឹងផ្ដល់ភាពងាយស្រួល និងលឿនជាងមុន (បង្កើនតម្លាភាព និងប្រសិទ្ធភាព)
-បង្កើនភាពទទួលខុសត្រូវលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនផ្ទាល់ (ពង្រឹងគណនេយ្យភាព)
-ពន្លឿនការទូទាត់ជូនអ្នកផ្គត់ផ្គង់បានឆាប់រហ័សតាមពេលវេលាដែលមានចែងកិច្ចសន្យាផ្គត់ផ្គង់ និងតម្រូវការជាក់ស្ដែង និងពន្លឿនការទូទាត់នូវមុខចំណាយថវិកានានាបានកាន់តែប្រសើរជាងមុន ឆ្លើយតបបានទាន់សភាពការណ៍ (បង្កើនប្រសិទ្ធភាព)
-ពិនិត្យមើលឃើញច្បាស់នូវនីតិវិធី និង ចំណុចរាំងស្ទះនាំឱ្យមានការយឺតយ៉ាវដល់ការអនុវត្តថវិកា ដែលឈានដល់ការកាត់បន្ថយនីតិវិធីដែលពុំផ្ដល់តម្លៃបន្ថែម (បង្កើនប្រសិទ្ធភាព)
-នៅថ្ងៃអនាគត ក្រសួង-ស្ថាប័នអាចមិនចាំបាច់បញ្ជូនឯកសារជាក្រដាសស្នាមមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀតទេ (បង្កើនប្រសិទ្ធភាព) ។
យ៉ាងណាមិញ ប្រព័ន្ធបច្ចេកវិទ្យាអាចមានបញ្ហាផងដែរ ព្រោះថា ប្រព័ន្ធត្រូវបានរៀបចំឡើងឱ្យស្របតាមនីតិវិធីអនុវត្តការងារតាមក្រដាសស្នាមផង និងឱ្យត្រូវតាមគោលការណ៍ឧត្តមានុវត្តន៍ផង ប៉ុន្តែសំខាន់បញ្ហាទាំងនោះមិនបណ្ដាលឱ្យជាប់គាំងដល់ការប្រើប្រាស់ប្រព័ន្ធ ឬរាំងស្ទះដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឡើយ ដោយសារមានក្រុមការងារប្រចាំការដោះស្រាយរាល់បញ្ហាទាំងនោះ ហើយបញ្ហាទាំងនោះក៏នឹងពុំកើតមានទៀតដែរ នៅពេលដែលការប្រើប្រាស់ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការបានដោយស្ថិតស្ថេរជាប្រក្រតីហើយ ។
យោងតាមសេចក្តីប្រកាសព័ត៌មានប្រចាំខែក្នុងគេហទំព័ររបស់គម្រោងមួយនេះបានបង្ហាញថា ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានដោះស្រាយបញ្ហាបច្ចេកទេសជូនអ្នកប្រើប្រាស់។ ដោយឡែក បញ្ហាខ្លះអាចកើតមានឡើងមិនមែនដោយសារប្រព័ន្ធនោះទេ ប៉ុន្តែបញ្ហារបស់អ្នកប្រើប្រាស់នៅពេលដែលពួកគាត់មិនទាន់យល់ច្បាស់ពីការប្រើប្រាស់ប្រព័ន្ធ។ ជាទូទៅ បញ្ហាទាំងនេះអាចដោះស្រាយបានតាមរយៈការផ្តល់ជូនអ្នកប្រើប្រាស់នូវការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបន្ថែម រួមជាមួយនឹងការជួយគាំទ្រពីសំណាក់មន្ត្រីបច្ចេកទេស ៕