
5
Jan, 2016
វគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
កាលពីថ្ងៃទី ២២ ខែ កញ្ញា រហូតដល់ចុងខែ ធ្នូ ឆ្នាំ ២០១៥ នៅអាគារ “ខ” ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់អ្នកប្រើប្រាស់ចុងក្រោយ (FMIS Training for End User)” ។ វគ្គបណ្តុះបណ្តាលបានរៀបចំឡើងដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានព័ត៌មានវិទ្យា និង មានការសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីប្រើប្រាស់ប្រព័ន្ធទាំងអស់នៃអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះ ដូចជា អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ, និង អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មន្រ្តីនៃរតនាគាររាជធានី-ខេត្តចំនួន ១៦ ខេត្តដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ នៅដើមខែ មករា ឆ្នាំ ២០១៦ ខាងមុខនេះ ។ វគ្គបណ្តុះបណ្តាលនេះ មន្រ្តីទទួលបន្ទុកមុខងារនៃនាយកដ្ឋានព័ត៌មានវិទ្យាត្រូវបានចាត់តាំងជាគ្រូឧទេ្ទសនាម និង មានក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ជាអ្នកគាំទ្រ ។ មុខងារដែលបានធ្វើការបណ្តុះបណ្តាលខាងលើនេះ រួមមាន មុខងារវិភាជន៍ថវិកា (Budget Allocation Module), មុខងារការទិញ (Purchasing Module), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management Module), មុខងារគណនីត្រូវសង (Account Payable Module), មុខងារគណនីត្រូវទារ (Account Receivable Module), និង មុខងារសៀវភៅធំ (General Ledger Module)។ មុខងារនីមួយៗ មានបែងតួនាទី (Role) ផ្សេងៗគ្នាជាច្រើនទៅតាមផ្នែកដើម្បីអនុវត្តការងារជាមួយនឹងប្រព័ន្ធ FMIS ដែលមានដូចខាងក្រោម ៖
+ មុខងារវិភាជន៍ថវិកា (Budget Allocation):
- ផ្នែកមន្រ្តីបញ្ចូលទិន្នន័យថវិកា និង និយ័តថវិកា (Budget Entry and Virement Officer)
- ផ្នែកមន្រ្តីសម្រេច/អនុម័តលើថវិកា (Budget Approver)
- ផ្នែកមន្រ្តីគ្រប់គ្រងថវិកា (Budget Manager)
- ផ្នែកវិភាគ និង ត្រួតពិនិត្យថវិកា (Budget Controller & Budget Analyzer)
+ មុខងារការទិញ (Purchasing) (សម្រាប់មុខងារនេះគឺពុំត្រូវបានអនុវត្ត និង បណ្តុះបណ្តាលសម្រាប់មន្រ្តីប្រើប្រាស់នៅតាមរតនាគាររាជធានី-ខេត្តឡើយ)
- ផ្នែកមន្រ្តីបង្កើតការធានាចំណាយ (Purchasing Requester)
- ផ្នែកមន្រ្តីបង្កើតការបញ្ជាទិញ (Purchasing Buyer 1 &2)
- ផ្នែកមន្រ្តីសម្រេច/អនុម័តលើការធានាចំណាយ និងការបញ្ជាទិញ (Confirmer)
- ផ្នែកមន្រ្តីផ្ទៀងផ្ទាត់ការទទួលទំនិញ ឬ សវា តាមការបញ្ជាទិញ (Purchasing Receiver)
- ផ្នែកមន្រ្តីរដ្ឋបាលលទ្ធកម្ម (Procurement Administrator)
+ មុខងារគណនីត្រូវសង (Account Payable)
- ផ្នែកមន្ត្រីទទួលបន្ទុកគណនេយ្យត្រូវសង (Payables Officer)
- ផ្នែកដាក់បញ្ចូលសក្ខីបត្រ/អាណត្តិទៅក្នុងសៀវភៅធំ (Voucher Posting)
- ផ្នែកមន្រ្តីត្រួតពិនិត្យមើលលើមុខងារក្រុមត្រួតពិនិត្យ (Control Group Reviewer)
- ផ្នែកមន្រ្តីរដ្ឋបាលការិយាល័យចំណាយ និង មន្រ្តីសម្រេច/អនុម័តសក្ខីបត្រ/អាណត្តិ (EO Admin & Voucher Approver)
- ផ្នែកមន្រ្តីគ្រប់គ្រងពន្ធកាត់ទុកសម្រាប់គណនេយ្យត្រូវសង (AP Withholding Manager)
- ផ្នែកមន្រ្តីគ្រប់គ្រងគណនេយ្យត្រូវសង (Payables Manager)
- ផ្នែកមន្រ្តីវិភាគហិរញ្ញវត្ថុលើគណនេយ្យត្រូវសង (AP Financial Analyzer)
- ផ្នែកមន្រ្តីត្រួតពិនិត្យការទូទាត់ចំណាយ (Payment Reviewer)
- ផ្នែកមន្ត្រីទូទាត់ចំណាយ (Payment Officer)
- អ្នកអនុម័តការទូទាត់ចំណាយ (Payment Approver)
+ មុខងារគណនីត្រូវទារ (Accounting Receivable)
- ផ្នែកមន្រ្តីបង្កើតការដាក់ប្រាក់បញ្ញើ (Create Deposit)
- ផ្នែកបង្កើតធាតុរង់ចាំ (Pending Item)
- ផ្នែកបង្វិលសង់ប្រាក់បញ្ញើ (Refund Deposit)
- ផ្នែកជម្រះបញ្ជីដោយលុបធាតុគណនេយ្យ (Write off)
- ផ្នែកទិនានុប្បវត្តិផ្ទាល់របស់ប្រាក់បញ្ញើ (Direct Journal)
- ផ្នែកផ្ទេរប្រាក់បញ្ញើ (Transfer worksheet)
- ថែទាំសន្លឹកការងារ (Maintenance worksheet)
- ផ្នែកការទំនាក់ទំនងអតិថិជន (Customer Correspondent)
- ផ្នែកទាញយកព័ត៌មាន និង របាយការណ៍របស់អតិថិជន (Customer Inquiry and Report)
+ មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management)
- ផ្នែកមន្រ្តីផ្ទេរសាច់ប្រាក់ (Bank Account Transfer Officer)
- ផ្នែកមន្រ្តីបង្កើត និង កែតម្រូវលើការចុះបញ្ជីគណនេយ្យ (Create/ Generate Accounting Entry/ Accounting Entry Correction Officer)
- ផ្នែកមន្រ្តីបញ្ចូល/ទាញយករបាយការណ៍ធនាគារ (Entry/ Import Bank Statement Officer)
- ផ្នែកមន្រ្តីផ្ទៀងផ្ទាត់របាយការណ៍ធនាគារ (Reconcile Officer)
- ផ្នែកមន្រ្តីសម្រេច/អនុម័តការផ្ទេសាច់ប្រាក់ (Bank Account Transfer Confirmer)
- ផ្នែកមន្រ្តីត្រួតពិនិត្យ និង សម្រេច/អនុម័តការចុះបញ្ជីគណនេយ្យ (Bank Account Transfer Confirmer/ Accounting Entry Reviewer/ Confirmer)
- ផ្នែកមន្រ្តីគ្រប់គ្រងលើដំណើរការខួបនៃការទូទាត់ (Pay Cycle Process Officer)
- ផ្នែកមន្រ្តីជម្រះការទូទាត់សាច់ប្រាក់ (Cash Clearing Officer)
+ មុខងារសៀវភៅធំ (General Ledger)
- ផ្នែកអ្នកគ្រប់គ្រង់ហិរញ្ញវត្ថុ (Financial Manager)
- ផ្នែកបញ្ញាត្តិករហិរញ្ញវត្ថុ (Financial Regulator)
- ផ្នែកមន្រ្តីហិរញ្ញវត្ថុ (Financial Officer)
- ផ្នែកមន្ត្រីសម្រេច/អនុម័តទិនានុប្បវត្តិ (Journal Approver)
- ផ្នែកមន្រ្តីវិភាគហិរញ្ញវត្ថុ (Financial Analyzer)
ក្នុងពេលបណ្តុះបណ្តាល ក្រុមការងារបានខិតខំបង្ហាត់បង្រៀន ចែករំលេកទាំងចំណេះដឹង និង ចំណេះធ្វើទៅតាមមុខងារនីមួយៗជូនដល់មន្រ្តីដែលជាអ្នកប្រើប្រាស់យ៉ាងយកចិត្តទុកដាក់ ។ ការបណ្តុះបណ្តាលនេះ គឺគ្រាន់តែជាការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានរួមសម្រាប់មុខងារ និង តួនាទីតាមផ្នែកនីមួយៗសម្រាប់ប្រើប្រាស់ជាមួយប្រព័ន្ធ FMIS ។ នៅពេលដែលចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ក្រុមការងារមានភារៈកិច្ច និង កាតព្វកិច្ច ដើម្បីជួយជ្រោមជ្រែងក្នុងការអនុវត្តការងារជាក់ស្តែងនៅតាមការិយាល័យរបស់មន្រ្តីដែលជាអ្នកប្រើប្រាស់ទាំងអស់រហូតទាល់តែមានសមត្ថភាព និង ភាពជឿជាក់ក្នុងការអនុវត្តការងារប្រចាំថ្ងៃជាមួយនឹងប្រព័ន្ធ FMIS ។ ក្រោយពីវគ្គបណ្តុះបណ្តាល មន្រ្តីចូលរួមទាំងអស់បានយល់ច្បាស់ពីប្រព័ន្ធ FMIS ដោយបានប្រើប្រាស់ផ្ទាល់សាកល្បងអនុវត្តប្រតិបត្តិការរបស់ខ្លួន និង ទទួលបានការណែនាំបន្ថែមចំពោះផ្នែកនីមួយៗ សម្រាប់មុខងារដែលត្រូវប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS ។ ជាងនេះទៅទៀត មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធទាំងនៅថ្នាក់អគ្គនាយកដ្ឋាន និង រតនាគាររាជធានី-ខេត្តទាំងអស់មានទំនុកចិត្តលើសមត្ថភាពខ្លួន ដើម្បីឈានឆ្ពោះទៅដល់ការប្រើប្រាស់ប្រព័ន្ធក្នុងការបំពេញការងារ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ និង ទោះបីជាវគ្គបណ្តុះបណ្តាលមានរយៈពេលខ្លីក៏ដោយ ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ នឹងត្រូវដោះស្រាយជាបណ្តើរៗ និង ជាជំហានៗ ។