
10
Sep, 2018
ការបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ប្រព្រឹត្តទៅតាមផែនការដោយរលូន
ដូចការគ្រោងទុក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបើកវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និង មន្ត្រីនៃក្រសួង-ស្ថាប័នទាំង១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ដែលមានឈ្មោះជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ដើម្បីត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធសាកល្បងនៅចុងឆ្នាំ ២០១៨ និង ប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០១៩ ។ វគ្គបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នេះ បានរៀបចំឡើងដោយបែងចែកតាមក្រុម, មុខងារ និងតួនាទី (Role-Based Training) របស់អ្នកប្រើប្រាស់ និងមានចេញជាវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានបំពេញគ្រប់លក្ខខណ្ឌនៃវគ្គនីមួយៗ ។
ជាការកត់សម្គាល់នៅក្នុងវគ្គបណ្តុះបណ្តាលនេះ វត្តមានរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង-ស្ថាប័នទាំង១០ ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត បានចូលរួមយ៉ាងច្រើន។ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និងមន្ត្រី ក៏បានសួរសំណួរនានាពាក់ព័ន្ធនឹងការបណ្តុះបណ្តាលអំពីប្រព័ន្ធ FMIS ជាមួយគ្នានោះ ក្រុមការងារ FMIS ក៏បានឆ្លើយតបនូវរាល់សំណួរទាំងឡាយ ព្រមទាំងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ខិតខំក្រេបយកចំណេះជំនាញថ្មីលើការប្រើប្រាស់ប្រព័ន្ធទំនើបកម្មមួយនេះ ដើម្បីដើរឱ្យទាន់ប្រទេសជឿនលឿននៅលើពិភពលោកស្របតាមសកលភាវូបនីយកម្ម និងយុគបច្ចេកវិទ្យាព័ត៌មាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។