
14
Mar, 2022
ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាលលើមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ
ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២២ នៅព្រឹកថ្ងៃ ច័ន្ទ ១២ កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំ និង ផ្តល់ជូននូវវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៅតាមក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញលើ មុខងារថ្មីនៅក្នុងប្រព័ន្ធ FMIS ចំនួន ២ រួមមាន មុខងាររៀបចំផែនការថវិកា និង លទ្ធកម្មពេញលេញ ។ វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាត់បង្ហាញដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទាំងអស់ឱ្យទទួលបាននូវសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់មុខងារថ្មីទាំង២ នៅក្នុងប្រព័ន្ធ FMIS ដើម្បីជួយសម្រួលដល់ការអនុវត្តថវិកា និង ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning System) របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការប្រើប្រាស់កម្មវិធី Zoom មានសិក្ខាកាមចូលរួមសរុបចំនួន ៤៩១ រូប ក្នុងនោះមានស្រ្តីចំនួន ១៥៥ រូប និង បុរសចំនួន ៣៣៦ រូប។
គួរបញ្ជាក់បន្ថែមទៀតថា សម្រាប់ឆ្នាំ២០២២នេះ មុខងាររៀបចំផែនការថវិកានឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្រសួងចំនួន១១ (នៅអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពអាណាប័កផ្ទេរសិទ្ធិពេញលេញ) រួមមាន៖ ១.អង្គភាពប្រឆាំងអំពើពុករលួយ, ២.ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ៣.ក្រុមប្រឹក្សាធម្មនុញ្ញ ,៤.ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ,៥.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , ៦.ក្រសួងអភិវឌ្ឍន៍ជនបទ, ៧.ក្រសួងសាធារណការ និង ដឹកជញ្ជូន, ៨.ក្រសួងដែនដី នគររូបនីយកម្ម និង សំណង់ , ៩.ក្រសួងយុត្តិធម៌ , ១០.ក្រសួងពត៌មាន និង ១១.ក្រសួងបរិស្ថាន។ ទន្ទឹមនឹងនេះ សម្រាប់មុខងារកម្មលទ្ធកម្មពេញលេញនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័នចំនួន ៣៤ ដែលនៅសេសសល់។ វគ្គបណ្តុះបណ្តាលស្តីពី មុខងាររៀបចំផេនការថវិកា និង កិច្ចលទ្ធកម្មពេញលេញនេះគ្រោងនឹងបញ្ចប់នៅថ្ងៃ១១ ខែ មេសា ឆ្នាំ ២០២២ ។