
13
Oct, 2022
ក្រុមការងារ FMIS បញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ដោយជោគជ័យ
នៅថ្ងៃ ព្រហស្បត្តិ៍ ៣ រោច ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS” ជូនមន្ត្រីជំនាញនៃក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលបានស្នើសុំបន្ថែមថ្មី និង បានផ្លាស់ប្តូរតួនាទី និង មុខងារនៅក្នុងប្រព័ន្ធ FMIS ព្រមទាំងមន្ត្រីថ្មី នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីឱ្យអ្នកប្រើប្រាស់មានសមត្ថភាពគ្រប់គ្រាន់ និង អាចប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការគ្រប់គ្រង, អនុវត្តថវិកា និង ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ សរុបចំនួន ៤៨ រូប ដោយបែងចែកទៅតាមថ្នាក់នីមួយៗនៃមុខងារនៅក្នុងប្រព័ន្ធ ដែលមន្ត្រីអ្នកប្រើប្រាស់ទទួលបន្ទុក ។
វគ្គបណ្តុះបណ្តាលនេះមាន ១៧ មុខវិជ្ជារួមមាន ៖
១. មុខងារវិភាជន៍ថវិកា (អ្នកបញ្ចូល) មុខងារនេះផ្តោតលើទិដ្ឋភាពទូទៅនៃមុខងារវិភាជន៍ថវិកា (Budget Allocation Overview), ការត្រួត-ពិនិត្យថវិកា (Budget Overview), ការបង្កើតនិយ័តភាពឥណទានផ្ទៃក្នុងនៅក្នុងប្រព័ន្ធ (Budget Transfer), ការបង្កើតរជ្ជទេយ្យបុរេប្រទាន (Petty cash budget transfer), ការបញ្ជូលទិន្នានុប្បវត្តិទៅក្នុងបញ្ជី (Post Journal), ការដកទិន្នានុប្បវត្តិថវិកាចេញពីបញ្ជី (Un-post Journal), ការលុបទិន្នានុប្បវត្តិថវិកា (Deleted budget Journal) និង ការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ FMIS ដោយការ Upload Excel File (Upload data) ។
២. មុខងារការទិញ ធានាចំណាយ (អ្នកបញ្ចូល) មុខងារនេះផ្តោតលើទិដ្ឋភាពទូទៅនៃមុខងារការទិញ, ការបង្កើតប្រតិបត្តិការសំណើតាមរយៈ Online, ការបង្កើតសំណើដោយទាញទិន្នន័យពីទម្រង់ Excel, ការថែទាំប្រតិបត្តិការសំណើ, ការបង្កើតប្រតិបត្តិការធានាចំណាយទូទាត់ត្រង់និងបុរេប្រទាន, ការថែទាំប្រតិបត្តិការធានាចំណាយទូទាត់ត្រង់និងបុរេប្រទាន និង ការដាក់បញ្ចូនប្រតិបត្តិការធានាចំណាយទូទាត់ត្រង់និងបុរេប្រទាន ។
៣. មុខងារការទិញ កិច្ចលទ្ធកម្ម (អ្នកបញ្ចូល) មុខងារនេះផ្តោតលើទិដ្ឋភាពទូទៅនៃមុខងារការទិញ, ការបង្កើតប្រតិបត្តិការបញ្ជាទិញកិច្ចលទ្ធកម្ម (ចម្លងពីសំណើ), ការថែទាំការបញ្ជាទិញកិច្ចលទ្ធកម្ម, ការដាក់បញ្ជូនប្រតិបត្តិការបញ្ជាទិញកិច្ចលទ្ធកម្ម និង ការបង្កើតបង្កាន់ដៃប្រគល់ទទួល ។
៤. មុខងារគណនីត្រូវសង (អ្នកបញ្ចូល) មុខងារនេះផ្តោតលើទិដ្ឋភាពរួមមុខងារគណនីត្រូវសង (Account Payable Overview), រំហូរនីតិវិធីអនុវត្តការងារផ្នែកគណនីត្រូវសង (Account Payable Workflow, ការកត់ត្រាអាណត្តិ ត្រួតពិនិត្យថវិកា និងបញ្ជូនការអនុម័ត, របៀបដកការផ្គូផ្គង (Unmatching), របៀបកែប្រែអាណត្តិដែលមានចម្លងពីមុខងារបញ្ជារទិញ, របៀបកត់ត្រាអាណត្តិទូទាត់ប្រាក់បៀវត្ស (Payroll), របៀបកត់ត្រាអាណត្តិចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប (Direct Payment) និង របៀបអនុម័តអាណត្តិ ។
៥. មុខងារគណនីត្រូវទារ (អ្នកបញ្ចូល) មុខងារនេះផ្តោតលើរំហូរនីតិវិធីអនុវត្តការងារមុខងារគណនីត្រូវទារ ក្នុងប្រព័ន្ធ FMIS និង របៀបត្រួតពិនិត្យប្រតិបត្តិការធាតុរង់ចាំនៅក្នុងប្រព័ន្ធ។
៦. មុខងារវិភាជន៍ថវិកា (អ្នកអនុម័ត) មុខងារនេះផ្តោតលើទិដ្ឋភាពទូទៅនៃមុខងារវិភាជន៍ថវិកា (Budget Allocation Overview), ការត្រួតពិនិត្យថវិកា (Budget Overview), ការអនុម័តនិយ័តឥណទានផ្ទៃក្នុងនៅក្នុងប្រព័ន្ធ (Budget Journal Approval) និង ការបដិសេធនិយ័តភាព/ផ្ទេរឥណទាន (Deny Budget Journal transfer) ។
៧. មុខងារការទិញ ធានាចំណាយ (អ្នកអនុម័ត) មុខងារនេះផ្តោតលើទិដ្ឋភាពទូទៅនៃមុខងារការទិញ, ការអនុម័តប្រតិបត្តិការសំណើសុំធានាចំណាយ និង ការអនុម័តប្រតិបត្តិការធានាចំណាយទូទាត់ត្រង់ និង បុរេប្រទាន ។
៨. មុខងារការទិញ កិច្ចលទ្ធកម្ម (អ្នកអនុម័ត) មុខងារនេះផ្តោតលើទិដ្ឋភាពទូទៅនៃមុខងារការទិញ និង ការអនុម័តប្រតិបត្តិការបញ្ជាទិញកិច្ចលទ្ធកម្ម ។
៩. មុខងារគណនីត្រូវសង (អ្នកអនុម័ត) មុខងារនេះផ្តោតលើទិដ្ឋភាពរួមមុខងារគណនីត្រូវសង (Account Payable Overview), រំហូរនីតិវិធីអនុវត្តការងារផ្នែកគណនីត្រូវសង (Account Payable Workflow), ការអនុម័តអាណត្តិ និង របៀបដកការផ្គូផ្គង (Unmatching), របៀបអនុម័តប្រតិបត្តិការអាណត្តិទូទាត់ប្រាក់បៀវត្ស (Payroll) និង របៀបអនុម័តប្រតិបត្តិការអាណត្តិចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប (Direct Payment) ។
១០. មុខងារគណនីត្រូវទារ (អ្នកអនុម័ត) មុខងារនេះផ្តោតលើរំហូរនីតិវិធីអនុវត្តការងារមុខងារគណនីត្រូវទារ ក្នុងប្រព័ន្ធ FMIS និង របៀបត្រួតពិនិត្យប្រតិបត្តិការធាតុរង់ចាំនៅក្នុងប្រព័ន្ធ។
១១. ការត្រួតពិនិត្យរបាយការណ៍ មុខងារនេះផ្តោតលើរបាយការណ៍សរុបបញ្ជាទិញ (Q01-PO Consolidation Query), របាយការណ៍សរុបសំណើ (Q02 – REQ Consolidation Query), របាយការណ៍សរុបអាណត្តិ (Q03 – AP Voucher Conso Query), របាយការណ៍វិភាជន៍ថវិកា (Q06-BA Transaction Query), របាយការណ៍ប្រតិបត្តិការចំណូល (Q09-AR Transaction Query), របាយការណ៍ស្ថានភាពចលនាឥណទានថវិកា (R06- Budget Movement Report), របាយការណ៍ចំណូលជាតិតាមក្រសួង-ស្ថាប័ន (R17-National Rev.Rpt by LM), របាយការណ៍ចំណូលចំណាយថវិកា (R20 – Rev. & Exp. Report), របាយការណ៍សរុបចំណាយតាមអាណត្តិ (R33_Expense Voucher Consolidation), របាយការណ៍ចំណាយសម្រាប់ក្រសួង និង មន្ទីរ (R65-Ex.Report for LM & LD), របាយការណ៍ចំណាយតាមជំពូកកម្មវិធី (R42), របាយការណ៍ចំណាយមូលធនតាមគម្រោង (R43) និង របាយការណ៍ចំណាយសង្ខេបតាមកម្មវិធី (R44) ។
១២. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper មុខវិជ្ជានេះផ្តោតទៅលើការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK-The Helper ដែលជាមជ្ឈមណ្ឌលរួមក្នុងការទទួល និង ផ្ដល់ព័ត៌មាន, សំណូមពរ ឬ ចម្ងល់ និង សំណួរនានារបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅគ្រប់ការដ្ឋាន, ការបង្កើតប្រអប់សំបុត្របញ្ហាដាក់ក្នុងប្រព័ន្ធជំនួយគាំទ្រ PK-The Helper និង តាមដានព័ត៌មានសំបុត្របញ្ហានីមួយៗរបស់អ្នកប្រើប្រាស់តាមរយៈប្រព័ន្ធ PK-The Helper ។
១៣. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS មុខវិជ្ជានេះផ្តោតលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានិងគមនាគមន៍ប្រព័ន្ធ FMIS, គន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ Microsoft Windows 10, របៀបដោះស្រាយបញ្ហាកុំព្យូទ័រដែលតែងតែជួបប្រទះ, ការប្រើប្រាស់សារអេឡិចត្រូនិក (E-mail), ការប្រើប្រាស់កម្មវិធីបញ្ជាពីចម្ងាយ Windows Remote Assistance, ការប្រើប្រាស់ប្រព័ន្ធ Skype for Business, ការបង្ហាញអំពីរបៀបប្រើបណ្តាញតភ្ជាប់ពីចម្ងាយ VPN, លក្ខខណ្ឌ និង ទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS, ទម្រង់ឯកសារនៃការស្នើសុំអ្នកប្រើប្រាស់ប្រព័ន្ធ FMIS, ការផ្លាស់ប្ដូរលេខកូដសម្ងាត់ក្រោយពេលចូលប្រព័ន្ធ និង ការផ្លាស់ប្តូរលេខកូដសម្ងាត់ដោយខ្លួនឯងនៅពេលអ្នកប្រើប្រាស់ភ្លេច ឬ គណនីត្រូវបាន Locked ។
១៤. គោលការណ៍ណែនាំស្តីអំពីនីតិវិធីអនុវត្តថវិកាកម្ម មុខវិជ្ជានេះផ្តោតលើសារាចរណែនាំស្តីពីការអនុវត្តថវិកាឆ្នាំ ២០១៦, ការណែនាំពីថវិកាកម្មវិធី និង នីតិវិធីអនុវត្តថវិកាកម្មវិធី, សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការអនុវត្តថវិកាកម្មវិធី, ការរៀបចំសៀវភៅថវិកាកម្មវិធី ការបែងចែកថវិកាតាមអង្គភាពថវិកា និងចលនាឥណទានថវិកាកម្មវិធី, ការរៀបចំ និងការអនុវត្តកម្មវិធីចំណូល និង ចំណាយ, និង ការត្រួតពិនិត្យ និងតាមដានការអនុវត្តថវិកាកម្មវិធី ។
១៥. នីតិវិធីអនុវត្តថវិកាចរន្តតាមកម្មវិធី មុខវិជ្ជានេះផ្តោតលើទស្សន:រួមនៃការអនុវត្តចំណាយថវិកា, បរិបទ និង នីតិវិធីចំណាយថវិកាទូទៅ, ចំណាយមិនតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្ម និង ចំណាយតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណ: ។
១៦. នីតិវិធីអនុវត្តស្តង់ដារ មុខវិជ្ជានេះផ្តោតលើសញ្ញាណទូទៅនៃនីតិវិធីអនុវត្តស្តង់ដារ, មូលដ្ឋានគ្រឹះនៃការបង្កើតនីតិវិធីអនុវត្តស្តង់ដារ, មូលដ្ឋានក្នុងការចាប់ផ្តើមត្រួតពិនិត្យចងក្រងនីតិវិធីអនុវត្តការងារបច្ចុប្បន្ន និង កែលម្អនៅថ្ងៃអនាគត (អាចបង្កើត Process Map សម្រាប់នីតិវិធីអនុវត្តការងារបច្ចុប្បន្ន), ការជ្រើសរើសប្រភេទនៃ Flowchart ដែលសមស្របនិងមានប្រសិទ្ធភាពសម្រាប់ស្ថាប័នរបស់ខ្លួន និង ការវិភាគលំហូរការងារសម្រាប់ការកែលម្អដំណើរការការងារឱ្យកាន់តែមានប្រសិទ្ធភាព ។
១៧. គណនេយ្យសាធារណៈ មុខវិជ្ជានេះផ្តោតទៅលើមុខវិជ្ជានេះផ្តោតលើសញ្ញាណនិងមូលដ្ឋានក្នុងការកំណត់ Accounting Template រួមមាន អ្នកផ្គត់ផ្គង់ (SUPPLIER), ប្រាក់ដើម ការប្រាក់ (PIC), ប្រាក់បៀវត្សនិងលាភការ (SALARIES), សោហ៊ុយបេសកកម្មនិងសោហ៊ុយផ្សេងៗ (MISSION), ឥណទាយីផ្សេងៗ (OTHER_CRES) និង តារាងតុល្យភាពបណ្តោះអាសន្នគណនី (OFF_TRIAL) ។
វគ្គបណ្ដុះបណ្ដាលខាងលើបានបញ្ចប់ទៅដោយរលូន ។ សិក្ខាកាមទាំងអស់បានបង្ហាញពីការជឿជាក់យ៉ាងមុតមាំ នឹងបន្តសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមរយៈការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK the Helper ដើម្បីទទួលបានដំណោះស្រាយទាន់ពេលវេលា ៕



