
22
Sep, 2022
ក្រុមការងារ FMIS ដំណើរការវគ្គបណ្តុះបណ្តាលផ្ទាល់លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី ជូនថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន
ដូចការគ្រោងទុក នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង បានបើកវគ្គបណ្តុះបណ្តាលផ្ទាល់លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី ជូនថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ។
គួរជម្រាបជូនថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្រេចដាក់ឱ្យអនុវត្តសម្រាប់នីតិវិធីតម្រង់ទិសថ្មីលើការបើកផ្តល់បៀវត្ស និង ចំណាយបន្ទុកបុគ្កលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMISទាំងស្រុងទៅក្រសួង-ស្ថាប័នចំនួន ៣៤ ដោយជោគជ័យ និង កំពុងពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតផងដែរ ដោយបានបន្តដាក់ឱ្យអនុវត្តនីតិថ្មី លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានព្រមទាំងអង្គភាពថវិកានៃក្រសួងទាំង ២។
អត្ថប្រយោជន៍ នៃនីតិវិធីថ្មីនេះមានដូចជា៖ ១.កាត់បន្ថយចំណាយរដ្ឋបាលបានមួយចំនួនធំ ដែលចំណាយរដ្ឋបាលផ្សេងៗ និង មធ្យោបាយធ្វើដំណើរ ក្នុងរដ្ឋាភិបាលមានចំនួន ៥០% នៃចំណាយសរុបប្រចាំឆ្នាំ, ២. មានភាពលឿន និង រហ័សជាងមុនតាំងពីដំណាក់កាលស្នើសុំ រហូតដល់ កាទូទាត់អាណត្តិ, ៣. អ្នកស្នើសុំអាចមើលដឹងស្ថានភាព នៃការស្នើសុំតាមដំណាក់កាលនីមួយៗ ដោយនីតិវិធីចាស់ អ្នកស្នើសុំមិនអាចតាមដានស្ថានភាព នៃការស្នើសុំរបស់ខ្លួនបាន ដូចនីតិវិធីថ្មីខាងលើឡើយ ។
















