+855 23 43 00 63

22

Mar, 2022

ផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS នឹងលើកយកមកពិភាក្សាក្នុងកិច្ចវិបស្សនាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចវិបស្សនា និងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២១ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និង បូក២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំជាប្រធានអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

វិបស្សនានេះ ធ្វើឡើងរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២២ តាមរយៈ Video Conference ដោយនៅថ្ងៃទី១ ពិភាក្សាលើប្រធានបទទាក់ទងនឹងការវាយតម្លៃលើការអនុវត្តការគ្រប់គ្រងចំណាយថវិកាជាតិ និង សំណើវិធានការកែលម្អ ដើម្បីធានាប្រសិទ្ធភាព ស័ក្កិសិទ្ធភាព តម្លាភាព គណនេយ្យភាព និង ចីរភាពថវិកា ដោយធ្វើការពិភាក្សាលម្អិតទៅលើការគ្រប់គ្រង និងការអនុវត្តចំណាយថវិការដ្ឋបាលថ្នាក់ជាតិ និង ការគ្រប់គ្រង និងការអនុវត្តចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ។ ដោយឡែក នៅថ្ងៃទី២ នឹងពិភាក្សាលើ របាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និង ឆ្នាំ២០២១, សេចក្តីព្រាងផែនការសកម្មភាពរួម ដំណាក់កាលទី៤ (CAP4) និងវិធានការគន្លឹះជំរុញល្បឿនការងារកែទម្រង់ (Reform Triggers) ឆ្នាំ២០២២-២០២៣ និង ពិនិត្យ និងអនុម័តផែនការសកម្មភាពលម្អិតនៃយុទ្ធសាស្ត្រគន្លឹះទាំង ៤ សម្រាប់អនុវត្តឆ្នាំ២០២២-២០២៥ និង ផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ។