+855 23 43 00 63

7

Feb, 2022

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រៀបចំប្រជុំស្តីពីលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និង ទិសដៅការងារសម្រាប់ឆ្នាំ ២០២២

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ ចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “លទ្ធផលការងារប្រចាំឆ្នាំ ២០២១ និង ទិសដៅការងារសម្រាប់ឆ្នាំ ២០២២” ក្រោមការដឹកនាំដោយឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារក្នុងក្របខណ្ឌគម្រោង FMIS និងបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយ ក្នុងទិសដៅធ្វើឱ្យមានភាពប្រសើរឡើងនៃការអនុវត្តគម្រោង FMIS ឈានឆ្ពោះទៅរកការសម្រេចបានតាមគោលដៅ ពោលគឺការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ពេញលេញនៅគ្រប់បណ្តាក្រសួង-ស្ថាប័ន អង្គភាពថវិកាដែលជាអណាប័កផ្ទេរសិទ្ធទាំងនៅគ្រប់ថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ ។

តាមរយៈការអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ ២០២១ កន្លងមក ក្រុមការងារសម្រេចបានសមិទ្ធផលនៃវឌ្ឍនភាពជាច្រើនរួមមាន៖

-បានពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ផ្លូវការនៅ ABEs ចំនួន២រួមមាន៖ លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

-បានពង្រីកដាក់ឱ្យប្រើប្រាស់សាកល្បងមុខងារ BP និង PR នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី និង ក្រសួងព័ត៌មាន

-បានពង្រីកការធ្វើសន្ធានប្រព័ន្ធ FMIS ជាមួយប្រព័ន្ធបៀវត្សមន្ត្រីរាជការ (ដំណើរការជាផ្លូវការ) និង ប្រព័ន្ធ​ EFMS (សិក្សាលទ្ធភាព)

-បានពង្រីកការដាក់ដំឡើងប្រព័ន្ធ FMIS នៅការដ្ឋានបន្ថែមថ្មីរួមមាន៖ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមថ្មីចំនួន១០

-បានពង្រីកការដាក់ដំឡើងមុខងារ BP និង PR នៅការដ្ឋានបន្ថែមថ្មីបានចំនួន ១១ ក្រសួង (BP) និង ៣៤ ក្រសួង-ស្ថាប័ន (PR)

-បានពង្រីកការធ្វើសន្ធានកម្មរបាយការណ៍ធនាគារជាមួយប្រព័ន្ធ FMIS ក្នុងនោះមាន ធនាគារ ABA FTB និង CHIPMONG BANK

-បានពង្រឹងការអនុវត្តនីតិវិធីថ្មីលើការទូទាត់ចំណាយដែលមានហានិភ័យក្នុងកម្រិតទី១នៅ កសហវ និង ២៧ ក្រសួង-ស្ថាប័ន និង ហានិភ័យក្នុងកម្រិតទី២ នៅកសហវ

-បានពង្រឹងកម្មវិធីកញ្ចក់ថវិកាជំនាន់ទី១ និងជំនាន់ទី២

-បានពង្រឹងគុណភាព និង កែលម្អប្រព័ន្ធតាមដាន និងវាយតម្លៃលើការអនុវត្តការបញ្ចូលព័ត៌មានចំណាត់ថ្នាក់ថវិកា និង គុណភាពរបាយការណ៍ចំណាយថវិកាតាមចំណាត់ថ្នាក់ថវិកាទាំង៧

-បានពង្រឹងបន្តគាំទ្រ និង បំប៉នការដ្ឋានដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ដែលមានដូចជា៖ ការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS គំរូ, ការបណ្តុះបណ្តាលបំប៉នគន្លឹះថ្មីបន្ថែម និង ការបន្តគាំទ្រ និង ដោះស្រាយបញ្ហា

-បានពង្រឹងការអភវឌ្ឍបន្ថែមនិងគាំទ្រការប្រើប្រាស់មុខងារ BP និង PR រួមមាន៖ បន្តជំរុញ គាំទ្រការប្រើប្រាស់ និង បង្ហាត់បង្ហាញបន្ថែម, អភិវឌ្ឍរបាយការណ៍បន្ថែម និង ការបកប្រែភាសា និង កែលម្អ និងអភិវឌ្ឍបន្ថែមនៅក្នុងប្រព័ន្ធ

-បានពង្រឹងសុវត្ថិភាព និងសមត្ថភាពប្រព័ន្ធ ដោយទទួលបានការប្រឹក្សា និងត្រៀមក្នុងការចាប់យក ISO 27001 និង រៀបចំសម្រាប់ការពង្រឹងសមត្ថភាព និង សុវត្ថិភាពមជ្ឍមណ្ឌលទិន្នន័យ ។

ដោយឡែក សម្រាប់ការអនុវត្តផែនការបន្តក្នុងឆ្នាំ ២០២២ របស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS មានដូចជា៖

-ការពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ផ្លូវការនៅ រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និង ABEs ចំនួន១០

-ការពង្រីកដាក់ឱ្យប្រើប្រាស់សាកល្បងមុខងារ BP និង PR នៅ ១១ក្រសួង (BP) និង ៣៤ ក្រសួង-ស្ថាប័ន (PR)

-ការពង្រីកការធ្វើសន្ធានប្រព័ន្ធ FMIS ជាមួយប្រព័ន្ធ​ EFMS

-ការពង្រីកការដំឡើងប្រព័ន្ធ FMIS នៅការដ្ឋានបន្ថែមថ្មីរួមមាន ១៥ គ្រឹះស្ថានសាធារណៈរដ្ឋបាល និង ABEs បន្ថែមថ្មី

-ការពង្រីកការដាក់ដំឡើងមុខងារ BP និង PR នៅការដ្ឋានបន្ថែមថ្មីឱ្យបានចំនួន ១២ ក្រសួង (BP) និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥ (BP + PR)

-ការពង្រីកការធ្វើសន្ធានកម្មរបាយការណ៍ធនាគារនៃប្រព័ន្ធ FMIS ជាមួយប្រព័ន្ធធនាគារពាណិជ្ជយ៉ាងតិច ១ បន្ថែម

-ការពង្រឹងការអនុវត្តនីតិវិធីថ្មីលើការទូទាត់ចំណាយដែលមានហានិភ័យក្នុងកម្រិតទី១ និងទី២ នៅគ្រប់ក្រសួង-ស្ថាប័ន និង ហានិភ័យក្នុងកម្រិតទី៣ នៅ កសហវ

-ការពង្រឹងកម្មវិធីកញ្ចក់ថវិកាជំនាន់ទី២ ដោយគ្រោងនឹងដាក់ឱ្យដំណើារការជាផ្លូវការ និង ការពិនិត្យគុណភាព និង លទ្ធផលលើដំណើរការ

-ការពង្រឹងគុណភាព និង កែលម្អប្រព័ន្ធ FMIS តាមរយៈការធ្វើសន្ធានកម្មជាមួយនឹងប្រព័ន្ធខាងក្រៅដែលកំពុងដំណើរការ និងការពង្រឹងលើគុណភាពរបាយការណ៍ថវិកាតាមចំណាត់ថ្នាក់ថវិកាទាំង៧ 

-ការពង្រឹងបន្តគាំទ្រ និង បំប៉នការដ្ឋានដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS តាមរយៈការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS គំរូ, ការបណ្តុះបណ្តាលបំប៉នគន្លឹះថ្មីបន្ថែម និង ការបន្តគាំទ្រ និង ដោះស្រាយបញ្ហា

-ការពង្រឹងការអភវឌ្ឍបន្ថែមនិងគាំទ្រការប្រើប្រាស់មុខងារ BP និង PR តាមរយៈការបន្តជំរុញ គាំទ្រការប្រើប្រាស់ និង បង្ហាត់បង្ហាញបន្ថែម, ការអភិវឌ្ឍរបាយការណ៍បន្ថែម និង ការកែលម្អ និងអភិវឌ្ឍបន្ថែមនៅក្នុងប្រព័ន្ធ

-ការពង្រឹងសុវត្ថិភាព និងសមត្ថភាពប្រព័ន្ធ តាមរយៈការទទួលបានវិញ្ញាបនបត្រ ISO/IEC: 27001 សម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងការពង្រឹងសមត្ថភាព និង សុវត្ថិភាពមជ្ឍមណ្ឌលទិន្នន័យ ។

គួរជម្រាបជូនផងដែរថា តាមរយៈការប្រើប្រាស់ប្រព័ន្ធ FMIS ក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖

១. ពង្រឹងគណនេយ្យភាពស្ថាប័ន និង ភាពជាម្ចាស់ក្នុងការគ្រប់គ្រងនិងការអនុវត្តថវិកា និង ហិរញ្ញវត្ថុ ។

២. កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ ។

៣. តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន ។

៤. ទទួលបាននូវមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យារពេលដល់ការអនុវត្តថវិកា ។

៥. មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមានស្រាប់នៅក្នុងប្រព័ន្ធ ។

៦. អាចតាមដាននូវលំហូរប្រតិបត្តិការ តាមរយៈលំហូរប្រតិបត្តិការក្នុងប្រព័ន្ធ FMIS នៅគ្រប់ដំណាក់កាល (រួមមានដំណាក់កាលអាណាប័ក ដំណាក់កាលអភិបាលហិរញ្ញវត្ថុ និង គណនេយ្យករសាធារណៈ ) ។

៧. ជាការពិតណាស់ នៅពេលដាក់ឱ្យអនុវត្តដំបូង នឹងមានការប្រើប្រាស់ឯកសារក្រដាសស្នាម ប៉ុន្តែជាបណ្តើរៗ ការប្រើប្រាស់ក្រដាសស្នាមនឹងត្រូវលុបបំបាត់បន្តិចម្តងៗ នៅពេលនីតិវិធីអនុវត្តការងារថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង ត្រូវបានដាក់ឱ្យអនុវត្ត ។

តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជា នឹងមានប្រព័ន្ធ FMIS ជាមូលដ្ឋានដ៏រឹងមាំក្នុងការធ្វើវិមជ្ឈការនៃការគ្រប់គ្រង និង អនុវត្តថវិកាជូនក្រសួង-ស្ថាប័ន និង តាមដានវាយតម្លៃលទ្ធផល និង សមិទ្ធកម្ម ប្រកបទៅដោយភាពជឿទុកចិត្ត ៕