
19
Mar, 2021
កិច្ចប្រជុំស្តីពីការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធ Payroll
នាព្រឹកថ្ងៃ សុក្រ ៦ កើត ខែ ផល្គុន ឆ្នាំ ជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំតាមរយៈសន្និសីទវីដេអូ ស្តីពីការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធ Payroll ដែលមានការអញ្ជើញចូលរួមពី តំណាងក្រុមការងារបច្ចេកទេសប្រព័ន្ធ Payroll, តំណាងនាយកដ្ឋានចំណាយ នៃអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងនាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា, តំណាងនាយកដ្ឋានបុគ្គលិក, តំណាងនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ, តំណាងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិភាក្សា និង សិក្សាលទ្ធភាព លើការកំណត់ នីតិវិធីរៀបចំទិន្នន័យមន្រ្តីកិច្ចសន្យារបស់អង្គភាពថវិកា នៃក្រសួង-ស្ថាប័ន ដើម្បីបំពេញលក្ខខណ្ឌបន្ថែមសម្រាប់សន្ធានកម្មពីប្រព័ន្ធ Payroll មកប្រព័ន្ធ FMIS ។ ជាមួយគ្នានោះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ បានពិភាក្សាលើការស្នើសុំទិន្នន័យ ព្រមទាំងគិតគូរលើការរៀបចំបញ្ជីស្វ័យប្រកាស និង ពិនិត្យមើលលើលទ្ធភាព និង បញ្ហាប្រឈមនានាក្នុងការធ្វើសន្ធានកម្មរវាងប្រព័ន្ធទាំងពីរនេះ។
ជាលទ្ធផលនៃកិច្ចប្រជុំ តំណាងពាក់ព័ន្ធទាំងអស់ បានសហការក្នុងការផ្តល់ទិន្នន័យ ដែលជាតម្រូវការ ដើម្បីអាចទាញយក និង ដាក់បញ្ចូលទិន្នន័យទាំងនោះទៅក្នុងប្រព័ន្ធ និង ដើម្បីបំពេញបន្ថែមនៅលក្ខខណ្ឌសន្ធានកម្មសម្រាប់ប្រព័ន្ធ Payroll និង ប្រព័ន្ធ FMIS។