
23
Jun, 2021
ក្រុមការងារ FMIS ពិភាក្សាជាមួយរដ្ឋបាលខេត្តកណ្តាលអំពីកម្រិតបច្ចេកទេសលើនីតិវិធីគ្រប់គ្រងនិងអនុវត្តថវិកា និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃ ពុធ ១៤ កើត ខែ បឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលខេត្តកណ្តាល ដើម្បីពិភាក្សាកម្រិតបច្ចេកទេសលើនីតិវិធីគ្រប់គ្រងនិងអនុវត្តថវិកា និង ហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធសន្និសីទវីដេអូ ។
តាមរយៈកិច្ចពិភាក្សានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទទួលបានការបញ្ជាក់លើតួនាទីនិងការទទួលខុសត្រូវ របស់ការិយាល័យជំនាញចំណុះទីចាត់ការហិរញ្ញវត្ថុ និង អង្គភាពលទ្ធកម្ម នៃរដ្ឋបាលខេត្តកណ្តាល ដែលជាមូលដ្ឋានសម្រាប់ការរៀបចំបញ្ជីឈ្មោះថ្នាក់ដឹកនាំ និង មន្ត្រីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល នាពេលដ៏ខ្លីខាងមុខនេះ ។
ទន្ទឹមគ្នានេះផងដែរ ក្រុមការងារ ក៏ទទួលបានធាតុចូលបន្ថែមអំពីនីតិវិធីអនុវត្តការងារពាក់ព័ន្ធនឹងការគ្រប់គ្រងនិងអនុវត្តថវិកា និង ហិរញ្ញវត្ថុ ដែលជាព័ត៌មានចាំបាច់មិនអាចខ្វះបានសម្រាប់ការរៀបចំ និង អភិវឌ្ឍប្រព័ន្ធ FMIS ដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តកណ្តាល សម្រាប់ការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ ចាប់ពីឆ្នាំ ២០២២ តទៅ។