+855 23 43 00 63

11

Jun, 2021

ក្រុមការងារ FMIS រៀបចំកម្មវិធីលាគ្នាជូនតំណាងសហភាពអ៉ឺរ៉ុបដែលបានបញ្ចប់បេសកម្មរបស់ខ្លួននៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹង ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១  ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកម្មវិធីលាគ្នាសម្រាប់ លោក Javier Castillo Alvarez តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលលោក        ត្រូវបញ្ចប់បេសកកម្មរបស់លោកនៅប្រទេសកម្ពុជា ដែលមានការចូលរួមពី ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS លោក​ សូ​ សុខប៊ុនធឿន​​​ មន្រ្តីជំនាញជាន់ខ្ពស់របស់ធនាគារពិភពលោក និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមរយៈកម្មវិធី Zoom ។

បើទោះជាកម្មវិធីលាគ្នានេះត្រូវបានរៀបចំឡើងតាម Online ក្តី លោក Javier Castillo Alvarez បានបង្ហាញសេចក្តីរំភើបដោយក្ដីសោមនស្សរីករាយ​ និង បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS  ដែលបានដឹកនាំ និង រៀបចំឱ្យមានកម្មវិធីនេះសម្រាប់លោក ។ ក្នុងនោះដែរលោកក៏បានអបអរសាទរជូនចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដែលបានដឹកនាំការអនុវត្តគម្រោង FMIS ទទួលបានជោគជ័យ និង សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអនុវត្តកន្លងមកលើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កម្ពុជា និង ដោយសារមានក្រុមការងារជាធនធានមនុស្ស ដែលសមត្ថភាពខ្ពស់, ចំរុះផ្នែក និង មានជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារដោយយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ ។ លោកជឿជាក់ថាបេក្ខភាពតំណាងសហភាពអឺរ៉ុបដែលនឹងមកបន្តការងារលោកនឹងបន្តកិច្ចសហការ និង គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គម្រោង FMIS ឱ្យសម្រេចបានគោលដៅតាមការគ្រោងទុក ។ លោកក៏បានជូនពរឱ្យការអនុវត្តគម្រោង FMIS ជំហានទី ៣​ ដល់អង្គភាពថ្នាក់ក្រោមជាតិឱ្យទទួលបានជោគជ័យតាមផែនការជាបន្តបន្ទាប់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន​ សាហ៊ីប បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និង បណ្ដាដៃគូអភិវឌ្ឍន៍ ពិសេស លោក Javier Castillo Alvarez ដែលបានបានគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះ លោកបានចូលរួមគាំទ្រ, ផ្តល់យោបល់ប្រឹក្សា និង ការយកចិត្តទុកដាក់ដល់ការអនុវត្តគម្រោង FMIS តាំងពីជំហានទី១ ក្នុងឆ្នាំ ២០១៥ មកដល់ពេលបច្ចុប្បន្ននៅក្នុងគម្រោងជំហានទី៣ ។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានជូនពរ លោក Javier Castillo Alvarez និង ក្រុមគ្រួសារសូមទទួលបាននូវសុខសុភមង្គល,​​ សុខភាពល្អ និង ទទួលជោគជ័យលើគ្រប់ភារកិច្ច ៕