+855 23 43 00 63

19

Jul, 2021

ក្រុមការងារ FMIS រៀបចំកិច្ចប្រជុំស្តីពី នីតិវិធីអនុវត្តការងារ និង វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរសម្រាប់រដ្ឋបាលរាជធានី-ខេត្ត

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ ចន្ទ ១០ កើត ខែ ទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥  ត្រូវនឹងថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “នីតិវិធីអនុវត្តការងារ និង វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរសម្រាប់រដ្ឋបាលរាជធានី-ខេត្ត” ដែលដឹកនាំដោយ លោក អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ កិច្ចប្រជុំ និង វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រី នៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល គឺដើម្បីចែករំលែកនូវបទពិសោធន៍ និង ចំណេះដឹងលើការអនុវត្តសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរទៅកាន់រដ្ឋបាលរាជធានី-ខេត្ត ឱ្យយល់ដឹងកាន់តែស៊ីជម្រៅទៅលើផែនការ និង យុទ្ធសាស្ត្រ រួមជាមួយនឹងតួនាទី និង ភារកិច្ច របស់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតាមបណ្តាលរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ។ ជាមួយគ្នានោះផងដែរ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបន្តពិភាក្សាលើនីតិវីធីអនុវត្តការងារ និង គោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពីចម្ងាយ (VPN) ។

ជាលទ្ធផលនៃកិច្ចប្រជុំ និង វគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និង មន្ត្រី នៃរដ្ឋបាលរាជធានី-ខេត្តបានយល់ដឹងកាន់តែច្បាស់អំពីទិសដៅ និង ត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរួមអនុវត្តសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរ ព្រមទាំងចូលរួមផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាពរបស់គម្រោង FMIS នៅរដ្ឋបាលរាជធានី-ខេត្តរបស់ខ្លួន ។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៅតាមរដ្ឋបាលរាជធានី-ខេត្ត ក៏បានផ្តល់ធាតុចូលដើម្បីកែលម្អលើលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្ន និង នីតិវិធីអនុវត្តការងារថ្មី ដែលរៀបចំដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS ផ្អែកលើការសិក្សាបឋម ។