+855 23 43 00 63

18

Mar, 2022

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សហ៊ីប៖ ប្រសិនបើគម្រោង FMIS ទទួលបានជោគជ័យ នោះអ្នកចូលរួមក្នុងការអនុវត្តគម្រោង នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្ត

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃ សុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥   ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “សេចក្តីព្រាងបច្ចុប្បន្នកម្មនៃផែនការការងារគម្រោង FMIS ជំហានទី ៣” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការចូលរួមពីថ្នាក់ដឹកនាំ និង   មន្ត្រី នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគ្រោង FMIS ប្រមាណ ៨៥ រូប ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោយពីមានការប្រជុំសម្រេចអភិក្រមនៃការកែសម្រួលនីតិវិធីអនុវត្តការងារ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នៅក្នុងកិច្ចប្រជុំនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបង្ហាញនូវផែនការសកម្មភាពអំពីគម្រោងនៃការអនុវត្តប្រព័ន្ធ FMIS តាមការសម្រេចរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ការរៀបចំផែនការសកម្មភាពគោល និង សូចនាករសម្រាប់ក្របខណ្ឌផែនការសកម្មភាពរួមដំណាក់កាលទី៤ ២០២៣​-២០២៤ (CAP4-Consolidated Action Plan 4)  ។

ស្របពេលដែលការពង្រីកការដ្ឋាននៃការប្រើប្រាស់ប្រព័ន្ធកាន់តែមានការកើនឡើង ដែលធ្វើឱ្យទំហំការងារកាន់តែមានច្រើនជាងមុននោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់ក្រុមការងារអនុវត្តប្រព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងបំពេញកិច្ចការឱ្យបានមុតស្រួច ។ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រសិនបើគម្រោង FMIS ទទួលបានជោគជ័យ នោះអ្នកចូលរួមក្នុងការអនុវត្តគម្រោង នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្តរបស់ប្រទេសនៅក្នុងទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ។