
29
Mar, 2021
ក្រុមការងារ FMIS ប្រជុំពិភាក្សាអំពី ការកសាងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Mobile/Web App) គ្រប់គ្រងលំហូរឯកសាររបស់រដ្ឋបាលឃុំ/សង្កាត់ ស្រុក
នៅព្រឹកថ្ងៃ ចន្ទ ១ រោច ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ទី ២៩ ខែ មីនា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយ លោក អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមកិច្ចប្រជុំតាមរយៈសន្នីសីទវីដេអូ ស្តីពី “ការកសាងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Mobile/Web App) គ្រប់គ្រងលំហូរឯកសាររបស់រដ្ឋបាលឃុំ/សង្កាត់ ស្រុក ”ដែលដឹកនាំ និង សម្របសម្រួលដោយ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានរតនាគារជាតិ និង មានការអញ្ជើញចូលរួម ពីតំណាងក្រុមការងារបច្ចេកទេសប្រព័ន្ធ FMIS, តំណាងនាយកដ្ឋានចំណាយ នៃអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ និង តំណាងរតនាគាររាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះផងដែរ បានពិភាក្សាលើការចាប់ផ្ដើមគិតគូរអំពីទិដ្ឋភាពបច្ចេកទេសនៃការរៀបចំកម្មវិធីសម្រាប់រដ្ឋបាលឃុំ/សង្កាត់ និងស្រុក ព្រមទាំង សិក្សាមើលលទ្ធភាព លើតម្រូវការ និងប្រមូលធាតុចូលក្នុងការរៀបចំកសាងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Mobile/Web App) ដើម្បីគ្រប់គ្រងលំហូរឯកសាររបស់រដ្ឋបាលឃុំ/សង្កាត់ ស្រុក ក្នុងការជួយសម្រួល និង ការកាត់បន្ថយនូវឯកសារជាក្រដាសស្នាម។
ជាលទ្ធផល ក្រុមការងារបានសម្រេច នឹងប្រមូលយកឯកសារពាក់ព័ន្ធ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការកំណត់ប្រភេទឯកសារ, ទំហំ, របៀបនៃការការបញ្ចូនឯកសារទាំងនោះ, និងការបំពាក់ឧបករណ៍ផ្សេងៗសម្រាប់ធានាបាននូវដំណើរការការងារ, តម្រូវការងាររបស់អ្នកប្រើប្រាស់ និង រៀបចំផែនការរួមជាគោលការណ៍ ដើម្បីជំរុញប្រសិទ្ធិភាពការងារឱ្យកាន់តែល្អប្រសើរ។
គួរបញ្ជាក់ជូនបន្ថែមដែរថា នេះជាកិច្ចប្រជុំលើកដំបូងដែលលេខាធិការដ្ឋានក្រុមការងារ FMIS បានជួបពិភាក្សា ពិគ្រោះយោបល់ លើកិច្ចការនេះជាមួយអង្គភាពពាក់ព័ន្ធ ក្នុងនោះផងដែរ ក្រុមការងារនឹងរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យមើលលទ្ធភាពលម្អិតបន្ថែម ក្នុងការកសាង កម្មវិធីបច្ចេកវិទ្យាព័ត៌មាននេះបន្តបន្ទាប់ទៀត។