+855 23 43 00 63

16

Feb, 2022

កិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យមើលវឌ្ឍនភាពការរៀបចំត្រៀមក្នុងកិច្ចប្រជុំអំពីការពិនិត្យវឌ្ឍនភាព និង ផែនការអនុវត្តគម្រោង FMIS សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពីឯកឧត្តមអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមកម្មវិធី Zoom ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ណែនាំដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS លើការធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំដោយផ្តោតសំខាន់លើប្រសិទ្ធភាពជាក់ស្តែងដែលក្រសួង-ស្ថាប័ន ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ និង ថវិកា ទទួលបានអត្ថប្រយោជន៍ពីការអនុវត្តគម្រោង FMIS ។ ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារបង្ហាញឱ្យបានច្បាស់លាស់ជូនថ្នាក់ដឹកនាំពីរបាយការណ៍ហិរញ្ញវត្ថុដែលអាចផលិតចេញពីប្រព័ន្ធ ដែលមានផ្ទាំងកញ្ចក់ថវិកាដែលអាចបង្ហាញជូនថ្នាក់ដឹកនាំបានរហ័ស និង មានភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យសំខាន់ៗ ដូចជាទិន្នន័យប្រមូលចំណូល ទិន្នន័យអនុវត្តចំណាយ សមតុល្យថវិកា ដែលអាចបង្ហាញយ៉ាងច្បាស់លាស់ពីក្រសួង-ស្ថាប័ន តាមរាជធានី-ខេត្តនីមួយៗ ក៏ដូចជាបង្ហាញតាមចំណាត់ថ្នាក់កម្មវិធី, វិស័យ ជាដើម ។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏ស្នើក្រុមការងារបង្ហាញឱ្យបានច្បាស់លាស់ពីគុណប្រយោជន៍ក្នុងការអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារសម្រាប់ការអនុវត្តប្រតិបត្តិការទាំងស្រុងក្នុងប្រព័ន្ធ FMIS ដោយមិនមាននីតិវិធីជាក្រដាសស្នាម ដែលនិងជួយសម្រួលដល់ការទូទាត់ថវិកាបានងាយស្រួល ទាន់ពេលវេលា ត្រឹមត្រូវ និង មានព័ត៌មានគ្រប់ជ្រុងជ្រោយ ។