+855 23 43 00 63

4

Nov, 2022

ក្រុមការងារ FMIS ជួបជាមួយជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី ADB ដេីម្បីពិភាក្សាអំពីគម្រោង FMIS ក្នុងដំណើរការនៃរដ្ឋាភិបាលឌីជីថល

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីរសៀលថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលកំពុងធ្វើការវាយតម្លៃដើម្បីគាំទ្រដល់គម្រោងរដ្ឋាភិបាលឌីជីថល (E-Government) សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្ដោតទៅលើកិច្ចការ ការកែលម្អសេវាច្រកចេញ-ចូលតែមួយ, ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលក្នុងនោះរួមមានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានគម្រោង FMIS គឺជាសមាធាតុគន្លឹះសម្រាប់ការពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិតាមរយៈការប្រើប្រាស់ Digital Financial Management System ។ ជំនាញការបានសាកសួរពីការចូលរួមរបស់គម្រោងក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ  FMIS ដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាក់ទងនឹងការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុសាធារណៈដើម្បីបម្រើផលប្រយោជន៍ និង សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ជាការឆ្លើយតប ឯកឧត្តម មន្ត ប្រាថ្នា បានជម្រាបពីការចូលរួមរបស់គម្រោង FMIS សម្រាប់ការអនុវត្ត eGovernment នៅថ្នាក់ក្រោមជាតិដោយសង្ខេបរួមមាន ៖ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥, ការដាក់ឱ្យប្រើប្រាស់កម្មវិធី FMIS Portal ជំនាន់ទី១ សម្រាប់រដ្ឋបាលស្រុកចំនួន ៧៥ និង រដ្ឋបាលឃុំចំនួន ១៨៥ នៅឆ្នាំ ២០២២ និង ផែនការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS និង FMIS Portal  ទៅកាន់គ្រប់រដ្ឋបាលក្រុង-ស្រុក-  ខណ្ឌ និង ឃុំ-សង្កាត់នៅក្នុងក្របខណ្ឌផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ២០២១ – ២០២៥ និង ផែនការសកម្មភាពរួមឆ្នាំ ២០២៣ ដល់ ២០២៧ (CAP4-Consolidated Action Plan 2023 – 2027)  ។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS និង FMIS Portal V1 សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅពេលនេះ បានចូលរួមចំណែកដល់ការបង្កើនល្បឿន និង ភាពងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្តចំណូល ចំណាយរបស់អង្គភាពទាំងនោះក្នុងការទូទាត់ជូនអ្នកផ្គត់ផ្គង់ និង អ្នកទទួលផលផ្សេងមានភាពងាយស្រួល, កាត់បន្ថយពេលវេលា, សន្សំសំចៃថវិកា និង មានប្រសិទ្ធភាពខ្ពស់ជាមុន និង មិនចាំបាច់ត្រូវចំណាយពេលធ្វើដំណើររត់ការឯកសារ ដែលជាផលប្រយោជន៍ចុងក្រោយគឺចូលរួមបម្រើដល់ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋានជូនប្រជាពលរដ្ឋ ។

ដោយឡែកអ្វីដែលជាឧបសគ្គក្នុងការពង្រីកការប្រើប្រាស់ប្រព័ន្ធ និង កម្មវិធីនោះគឹបញ្ហាកង្វះធនធានមនុស្សសម្រាប់ទ្រទ្រង់ដល់ការងារនេះឱ្យមានចីរភាព និង បញ្ហាពាក់ព័ន្ធនឹងសេវាអ៊ីនធើណិតដែលអាចនៅមានកម្រិតនៅតាមការដ្ឋាននីមួយៗ ដែលសង្ឃឹមថានឹងត្រូវបានពង្រឹងនាពេលខាងមុខតាមរយៈគម្រោងនានានៅក្នុងក្របខណ្ឌរដ្ឋភិបាលឌីជីថល ៕