
11
Jul, 2019
ក្រុមការងារ FMIS ប្រជុំជាមួយក្រុមការងារបច្ចេកទេសប្រព័ន្ធ Payroll របស់ក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យលទ្ធភាពក្នុងការធ្វើសន្ធានកម្មចំណាយបៀវត្សដោយស្វ័យប្រវត្តិមកប្រព័ន្ធ FMIS
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេស នៃប្រព័ន្ធ Payroll ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងមុខងារសាធារណៈ ដើម្បីបន្តពិនិត្យអំពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធ Payroll និងលទ្ធភាពក្នុងការធ្វើសន្ធានកម្មទិន្នន័យបៀវត្សដោយស្វ័យប្រវត្តិ មកកាន់ប្រព័ន្ធ FMIS។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារទាំងពីរពិនិត្យឃើញថា បច្ចុប្បន្ន ប្រព័ន្ធ Payroll នៅតែមិនទាន់អាចធ្វើសមាហរណកម្មជាមួយប្រព័ន្ធ FMIS បាន ដោយពាក់ព័ន្ធនឹងបញ្ហាប្រឈមលើប្រាក់រម្លឹក ការផ្ទេរសិទ្ធិទៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ និងការអនុវត្តមាតិកាថវិកាទាំង ៧ចំណាត់ថ្នាក់។
ក្រុមការងារទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ ក្នុងការបន្តធ្វើការងារជាមួយគ្នា ក្នុងការធ្វើយ៉ាងណាជំរុញឱ្យការធ្វើសមាហរណកម្មទិន្នន័យពីប្រព័ន្ធ Payroll ទៅប្រព័ន្ធ FMIS បានជោគជ័យ ដោយត្រូវបន្តការងារជាមួយគ្នាដូចតទៅ៖
១.កែសម្រួលទម្រង់របាយការណ៍ដែលត្រូវផ្ដល់ពីអង្គភាពទទួលបន្ទុកបៀវត្សរបស់ ក្រសួង-ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ រដ្ឋបាលថ្នាក់ក្រោមជាតិ។
២.កំណត់តម្រូវការនៃការកែសម្រួលប្រព័ន្ធបៀវត្សរបស់ក្រសួងមុខងារសាធារណៈ និងធ្វើការកែសម្រួលប្រព័ន្ធ Payroll។
៣.រៀបចំការងារបច្ចេកទេសសម្រាប់ការធ្វើសន្ធានកម្មពីប្រព័ន្ធ Payroll មកប្រព័ន្ធ FMIS។
៤.រៀបចំសេចក្ដីណែនាំអំពីការកែសម្រួលទម្រង់របាយការណ៍ និងវិធានថ្មីក្នុងការផ្ដល់របាយការណ៍ និងស្នើសុំថ្នាក់ដឹកនាំអនុម័តផ្សព្វផ្សាយអនុវត្ត។