
22
Jul, 2021
ក្រុមការងារ FMIS រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីអនុវត្តការងារថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMIS ទាំងស្រុង ក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន ចំនួន ១៩”
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីអនុវត្តការងារថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMIS ទាំងស្រុង ក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន ចំនួន ១៩” ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធសន្និសីទវីដេអូ ដែលមានការអញ្ជើញចូលរួមពីអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្ដាល នៃក្រសួង-ស្ថាប័នទាំង ១៩ រួមទាំង មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមក្រសួង-ស្ថាប័ន នៃនាយកដ្ឋានហិរញ្ញកិច្ច និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រសួង-ស្ថាប័នទាំង ១៩ រួមមាន៖ ១-ក្រសួងព្រះបរមរាជវាំង ២-រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៣-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៤-ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ៥-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៦-ក្រសួងរ៉ែ និងថាមពល ៧-ក្រសួងផែនការ ៨-ក្រសួងពាណិជ្ជកម្ម ៩-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១០-ក្រសួងបរិស្ថាន ១១-ក្រសួងអភិវឌ្ឍន៍ជនបទ ១២-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១៣-ក្រសួងធម្មការ និងសាសនា ១៤-ក្រសួងកិច្ចការនារី ១៥-ក្រសួងសាធារណៈការ និងដឹកជញ្ជូន ១៦-ក្រសួងទេសចរណ៍ ១៧-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៨-ក្រសួងធនធានទឹក និងឧតុនិយម ១៩-ក្រសួងព័ត៌មាន ។
នីតិវិធីថ្មីនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជូនអ្នកប្រើប្រាស់ដូចជា៖
– មិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារអាណត្តិជាក្រដាស ពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុង
– លិខិតយុត្តិការចំណាយមួយចំនួន ត្រូវបានស្គែនបញ្ចូលក្នុងប្រព័ន្ធ FMIS
– ជំហាននៃការអនុវត្តនីតិវិធីថ្មីមានលក្ខណៈសាមញ្ញ, ខ្លី, លឿន និង មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការ
– តួអង្គចូលរួមនៅក្នុងនីតិវីធីថ្មីមានចំនួនតិចជាងមុន ។
គួរបញ្ជាក់ផងដែរថា លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំវគ្គបណ្តុះបណ្តាលជូនក្រសួង-ស្ថាប័នចំនួន ១៩ លើការប្រើប្រាស់នីតិវិធីថ្មីនេះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ និងរៀបចំដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។