
29
Mar, 2021
ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីថ្មីលើចំណាយបៀវត្ស និងបន្ទុកបុគ្គលិកដែលមានគោលរបបច្បាស់លាស់ សម្រាប់ក្រសួង-ស្ថាប័នទាំង ១៩”
នៅព្រឹកថ្ងៃ ចន្ទ ១ រោច ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីថ្មីលើចំណាយបៀវត្ស និងបន្ទុកបុគ្គលិកដែលមានគោលរបបច្បាស់លាស់ សម្រាប់ក្រសួង-ស្ថាប័នទាំង ១៩” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកគ្រប់គ្រងនិងអនុវត្តថវិកា និង ហិរញ្ញវត្ថុ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងអគ្គនាយកដ្ឋានថវិកា ក្នុងនាមអភិបាលហិរញ្ញវត្ថុ និង តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងនាមគណនេយ្យករសាធារណៈ ។
វគ្គបណ្តុះបណ្តាលនេះ បានជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីការចុះប្រតិបត្តិការតាមរបៀបនីតិវីធីថ្មីសម្រាប់ការបើកផ្តល់ប្រាក់បៀវត្ស និងបន្ទុកបុគ្គលិកដែលមានគោលរបបច្បាស់លាស់ដែលនឹងធ្វើឡើងតាមប្រព័ន្ធ FMISទាំងស្រុង។
គួររំលឹកបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបែកចែកជាពីរក្រុម ដែលក្រុមព្រឹក (ចាប់ផ្តើមម៉ោង ៩ :០០ ព្រឹក) មានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នរួមមាន៖
១-ក្រសួងព្រះបរមរាជវាំង
២-រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
៣-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៤-ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
៥-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៦-ក្រសួងរ៉ែ និងថាមពល
៧-ក្រសួងផែនការ
៨-ក្រសួងពាណិជ្ជកម្ម
៩-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
១០-ក្រសួងបរិស្ថាន
ក្រុមរសៀល (ចាប់ផ្តើមម៉ោង២ :០០ រសៀល) មានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នរួមមាន ៖
១១-ក្រសួងអភិវឌ្ឍន៍ជនបទ
១២-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
១៣-ក្រសួងធម្មការ និងសាសនា
១៤-ក្រសួងកិច្ចការនារី
១៥-ក្រសួងសាធារណការ និងដឹកជញ្ជូន
១៦-ក្រសួងទេសចរណ៍
១៧-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១៨-ក្រសួងធនធានទឹក និងឧតុនិយម
១៩-ក្រសួងព័ត៌មាន ។