+855 23 43 00 63

29

Nov, 2019

ក្រុមការងារគ្រប់គ្រងគម្រោង FMIS រៀបចំវិបស្សនាប្រចាំឆ្នាំ ដើម្បីពិនិត្យលើបញ្ហាប្រឈម វឌ្ឍនភាព និង លទ្ធផល នៃការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងត្រួតពិនិត្យលើបញ្ហាប្រឈម វឌ្ឍនភាព និង លទ្ធផល នៃការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០១៩ និង ទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវិបស្សនាប្រចាំឆ្នាំ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៩ នៅខេត្តមណ្ឌលគិរី ។

មិនខុសពីឆ្នាំមុនៗដែរ នៅក្នុងកម្មវិធីនៃវិបស្សនាលើកនេះ លេខាធិការដ្ឋានក្រុមការងារ បានធ្វើបទបង្ហាញអំពីសមិទ្ធផលសម្រេចបាននៅក្នុងឆ្នាំ ២០១៩ សម្រាប់ការងាររបស់គម្រោង FMIS ជាពិសេសនោះគឺសមិទ្ធផលសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ ស្របតាមផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)។ សមិទ្ធផលសំខាន់ៗ ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ រួមមាន៖

ការងារពង្រីកការអនុវត្តគម្រោង FMIS ទៅក្រសួងស្ថាប័នដែលនៅសេសសល់ និងមុខងារថ្មី ២៖

  • បានរៀបចំរួចរាល់នូវការបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ចំនួន ៣៧២រូប មកពីក្រសួង-ស្ថាប័នចំនួន ១៧ សម្រាប់ត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២០ខាងមុខ។
  • សម្រេចបាននូវការដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពាក់ព័ន្ធនឹងការតភ្ជាប់បណ្ដាញ Network (LAN), ការតភ្ជាប់បណ្ដាញអគ្គិសនី, ដំឡើងទូរ Rack និងការតភ្ជាប់ Leased Line ទៅមជ្ឈមណ្ឌលទិន្នន័យ នៅក្រសួងស្ថាប័ន ១៧ បន្ថែមថ្មី និង អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញមួយចំនួន,
  • បានកែសម្រួល និងរៀបចំប្រព័ន្ធ FMIS រួចរាល់សម្រាប់ក្រសួងស្ថាប័ន ១៧ ថ្មី ឆ្លើយតបនឹងបញ្ជីឈ្មោះអ្នកប្រើប្រាស់ និងលំហូរការងារដែលបានផ្ដល់ជូនពីក្រសួងស្ថាប័ន,
  • សម្រេចបាននូវការរៀបចំឯកសារតម្រូវការមុខងារសម្រាប់មុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្ម រួមទាំងរៀបចំសេចក្ដីព្រាងឯកសារដេញថ្លៃសម្រាប់មុខងារទាំងពីរនេះ ។

ការសិក្សានិងរៀបចំប្រព័ន្ធសន្ធានកម្មជាមួយប្រព័ន្ធថ្មីបន្ថែម៖

  • សម្រេចបាននូវការទូទាត់តាម EFT (Electronic Fund Transfer) ពីប្រព័ន្ធ FMIS ទៅក្រុមហ៊ុនផ្គត់ផ្គង់ដែលមានគណនីនៅធនាគារពាណិជ្ជ និងដាក់អនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិសម្រាប់ការទូទាត់នៅថ្នាក់កណ្ដាល។ ក្រុមការងារនឹងបន្តសិក្សាជាមួយធនាគារពាណិជ្ជដៃគូ បន្ថែមទៀត ដើម្បីធ្វើការពង្រីកការអនុវត្តនៅថ្នាក់មូលដ្ឋាន ដែលនឹងគ្រោងអនុវត្តនៅឆ្នាំបន្តបន្ទាប់នៅរតនាគាររាជធានី ខេត្ត,
  • សម្រេចបាននូវលទ្ធផលនៃការសិក្សាលទ្ធភាពបច្ចេកទេសក្នុងការសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និងប្រព័ន្ធបៀវត្សមន្ត្រីរាជការ (Payroll) នៃក្រសួងមុខងារសាធារណៈ (ដោយត្រូវកែសម្រួលប្រព័ន្ធ Payroll មួយចំនួន មុននឹងធ្វើសន្ធានកម្មបាន)
  • សម្រេចបាននូវការរៀបចំប្រព័ន្ធសន្ធានកម្មរវាងប្រព័ន្ធ FMIS និងប្រព័ន្ធ NRMIS រួចរាល់ ដោយកំពុងស្ថិតក្នុងដំណាក់ការធ្វើតេស្តដោយក្រុមការងារអគ្គនាយកដ្ឋានរតនាគារជាតិ,
  • ការងារសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និងប្រព័ន្ធពន្ធដារ បានសម្រេចប្រមាណ ៥០% លើផ្នែកបច្ចេកទេស ។ ទន្ទឹមនឹងនេះ នីតិវិធីរៀបចំសលាកបត្របង់ចំណូលថវិកាជាតិ ក៏ត្រូវបានពិភាក្សា និងគិតគូររៀបចំកែសម្រួលនីតិវិធីថ្មី ជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងខណៈពេលដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការនៅពេលខាងមុខ ។

ការងារតម្រង់ទិស និងកែលម្អនីតិវិធីអនុវត្តការងារ (Business Process Streamline)៖

ក្រុមការងារសម្រេចបាននូវការសិក្សា  និងរៀបចំឯកសារសំណើកែសម្រួល  និងតម្រង់ទិសនីតិវិធីអនុវត្តការងារទូទាត់ចំណាយបៀវត្ស  និងទូទាត់ចំណាយព្រមដែលមានហានិភ័យទាប  ដោយបានគិតគូរផ្ដោតជាសំខាន់លើការអនុវត្តការងារតាមប្រព័ន្ធ  FMIS ទាំងស្រុង  តាមរយៈការកាត់បន្ថយជំហានការងារដោយដៃ  (Manual Step) និងកាត់បន្ថយឯកសារជាក្រដាស  ដោយនឹងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ក្នុងការអនុវត្តសាកល្បងនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាគំរូ នៅដើមឆ្នាំ  ២០២០ មុននឹងឈានដល់ការជំរុញការអនុវត្តនៅក្រសួង-ស្ថាប័នផ្សេងៗទៀត ។

ការពង្រឹងការអនុវត្តប្រព័ន្ធ FMIS៖

  • បានធ្វើការផ្សព្វផ្សាយគន្លឹះថ្មីពាក់ព័ន្ធនឹងប្រព័ន្ធ FMIS ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង-ស្ថាប័នចំនួន ១០ ដែលបានអនុវត្តប្រព័ន្ធ FMIS ក្នុងឆ្នាំ ២០១៨ រួមមាន ការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK-The Helper ថ្មី, ការទាញផលប្រយោជន៍ពី FMIS បម្រើការងារគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យ និងរបាយការណ៍ ជាដើម,
  • ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និង មិនមែនបច្ចេកវិទ្យាព័ត៌មាន របស់គម្រោង FMIS រួមមាន៖ កុំព្យូទ័រ, ម៉ាស៊ីនព្រីន, ម៉ាស៊ីនស្គេន, ឧបករណ៍បណ្តាញតភ្ជាប់ ។ល។ល នៅតាមក្រសួងស្ថាប័ន, អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ, អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ត្រូវបានចុះត្រួតពិនិត្យ ជួសជុល និង ថែទាំ ដើម្បីធានាបានឧបករណ៍សម្ភារទាំងអស់ដំណើរការបានល្អ និង ប្រើប្រាស់បានយូរអង្វែង,
  • របាយការណ៍សម្រាប់ភ្ជាប់ក្នុងច្បាប់ទូទាត់ជារួមក្រុមការងារសម្រេចបានប្រមាណ ៧០% ដោយកំពុងធ្វើកិច្ចការងារនេះយ៉ាងសកម្មជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ,
  • ការងារផ្សព្វផ្សាយ រួមមាន ព័ត៌មាន វីដេអូ និង ព្រឹត្តិបត្រព័ត៌មាន អំពីគម្រោង និង ប្រព័ន្ធ FMIS ត្រូវបានរៀបចំ និង ធ្វើការផ្សព្វផ្សាយទូលំទូលាយទៅគ្រប់អ្នកពាក់ព័ន្ធ តាមរយៈគេហទំព័រ បណ្តាញសង្គម ។ល។