+855 23 43 00 63

17

Oct, 2019

ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ឆ្នើម (Super user)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ឆ្នើម (Super user) សម្រាប់ក្រសួង-ស្ថាប័នទាំង១៧ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលមានអ្នកប្រើប្រាស់ចំនួន ៥៥ រូប ក្នុងន័យពង្រឹង និងពង្រីកសមត្ថភាពបន្ថែមដើម្បីក្លាយជាអ្នកប្រើប្រាស់បង្គោលនៅតាមក្រសួង-ស្ថាប័ន និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញសម្រាប់ជួយគាំទ្រសម្របសម្រួល និង ដោះស្រាយបញ្ហាកម្រិតបឋមដែលកើតមាននៅកំឡុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធឱ្យប្រព្រឹត្តិទៅបានដោយរលូន និងមានប្រសិទ្ធភាព។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកប្រើប្រាស់បង្គោលត្រូវសិក្សាមុខ វិជ្ជាទាំងអស់រួមមាន ប្រព័ន្ធជំនួយគាំទ្រ PK-the-Helper មុខងារវិភាជន៍ថវិកា មុខងារការទិញ មុខងារគណនីត្រូវសង និងមុខងារគណនីត្រូវទារ ដែលចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ស្របពេលជាមួយគ្នានោះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីដែលបានស្នើសុំបន្ថែមថ្មី និងអ្នកប្រើប្រាស់ដែលស្នើសុំបន្ថែម ឬផ្លាស់ប្តូរមុខងារ សម្រាប់មន្រ្តីនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត រួមទាំងរតនាគាររាជធានី-ខេត្ត ដែលមានអ្នកប្រើប្រាស់ចំនួន ១៧៣ រូប ដែលចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលទាំង២ខាងលើ គឺត្រូវបានរៀបចំឡើងនៅសកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។