
16
Jun, 2022
កិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពកាត់បន្ថយឯកសារខាងក្រៅជំនួសដោយការអនុវត្តទាំងស្រុងតាមប្រព័ន្ធ FMIS
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យលទ្ធភាពកាត់បន្ថយឯកសារ (Hard Copy) ខាងក្រៅ ជំនួសដោយអនុវត្តនីតិវិធីការងារតាមប្រព័ន្ធទាំងស្រុង ក្នុងក្របខណ្ឌនៃការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និងប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលកិច្ចប្រជុំនេះបានធ្វើឡើង កាលពី រសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ និង មានការអញ្ញើញចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធរួមមាន អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានរតនាគារជាតិ និង ក្រុមការងារបច្ចេកទេស FMIS។
គួរបញ្ជាក់ផងដែរថា នេះគឺជាកិច្ចពិភាក្សាបឋម ក្នុងការប្រមូលធាតុចូលបន្ថែម ដើម្បីពិនិត្យលទ្ធភាព និងលក្ខខណ្ឌក្នុងការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធទាំងស្រុងដោយមិនមានឯកសារ (Hard Copy) បន្តទៀតនោះទេ ក្នុងក្របខណ្ឌនៃការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និងប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលនីតិវីធីនេះនឹងនាំមកនូវការចំណេញពេលវេលា និង ងាយស្រួលក្នុងការអនុវត្តនីតិវិធីការងារឱ្យកាន់តែមានប្រសិទ្ធិភាព។
តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ សម្តែងការពេញចិត្តនឹងចូលលរួម សហការលើការសិក្សា ប្រមូលធាតុចូលនេះ និងជាលទ្ធផលនៃអង្គប្រជុំ ក្រុមការងារពាក់ព័ន្ធនឹងផ្តល់ការសហការយ៉ាងជិតស្និទ្ធិជាមួយគ្នាបន្តទៀត ដើម្បីជំរុញដល់ការអនុវត្តនីតិវិធីតាមប្រព័ន្ធទាំងស្រុង ឱ្យសម្រេចបានតាមការគ្រោងទុក ។