
16
Jun, 2021
ក្រុមការងារ FMIS ប្រជុំពិភាក្សាអំពីរបៀបនៃការធ្វើតេស្តសាកល្បងលើអនុមុខងារចំនួន ២
នាព្រឹកថ្ងៃ ពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំតាមរយៈសន្និសីទវីដេអូ ជាមួយ អគ្គនាយកដ្ឋានពាក់ព័ន្ធ និង ដៃគូផ្គត់ផ្គង់ ក្នុងគោលបំណងបង្ហាញពីរបៀបនៃការធ្វើតេស្តសាកល្បង (User Acceptance Test) លើអនុមុខងារចំនួន ២ គឺអនុមុខងារការរៀបចំក្របខណ្ឌថវិការយៈពេលមធ្យម (MTBF) និង ការរៀបចំគម្រោងថវិកាប្រាក់បៀវត្សមន្ត្រីរាជការ (Manpower) នៃមុខងាររៀបចំផែនការថវិកា ដែលក្រុមហ៊ុនបានអភិវឌ្ឍរួចរាល់សម្រាប់ជំហានទី២ និងទី៣ មុនដាក់ឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធធ្វើតេស្តសាកល្បង។
នៅក្នុងកិច្ចប្រជុំ ដៃគូផ្គត់ផ្គង់បានបង្ហាញពីលំហូរការងារនៃ មុខងារទាំងពីរ និង ពិភាក្សាប្រមូលយកធាតុចូល និង បញ្ហាប្រឈមដើម្បីធ្វើការកែសម្រួលឱ្យដំណើរការនៃអភិវឌ្ឃអនុមុខងារទាំងនេះ កាន់តែល្អប្រសើរ។ ជាមួយគ្នានោះផងដែរ ការធ្វើបទបង្ហាញស្តីអំពីការធ្វើតេស្តសាកល្បង (UAT)លើអនុមុខងារទាំង ២ នៃមុខងាររៀបចំផែនការថវិកាសម្រាប់ជំហានទី២ និងទី៣ បានប្រព្រឹត្តទៅយ៉ាងរលូន ។ក្រុមហ៊ុនផ្គត់ផ្គង់ក៏រៀបចំ និង បានផ្ញើឯកសារស្តីពីរបៀបប្រើប្រាស់អនុមុខងារ (User Guide) និង ឯកសារធ្វើតេស្តសាកល្បង (Test Script) តាមសារអេឡិចត្រូនិច (E-mail) ជូនក្រុមការងារពាក់ព័ន្ធដើម្បីធ្វើតេស្តសាកល្បង មុននឹងឈានដល់ការដាក់ឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធធ្វើតេស្តសាកល្បង ដើម្បីធានាបាននូវប្រសិទ្ធិភាពខ្ពស់។