
20
Jun, 2022
ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់វិធីសាស្ត្រទូទាត់តាមអេឡិចត្រូនិចពីប្រព័ន្ធ FMIS ទៅប្រព័ន្ធធានាគារអេស៊ីលីដា ភីអិលស៊ី
ព្រឹកថ្ងៃ ចន្ទ ៦រោច ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជា អនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “របៀបប្រើប្រាស់វិធីសាស្ត្រទូទាត់តាមអេឡិចត្រូនិច (Electronic Fund Transfer) ពីប្រព័ន្ធ FMIS ទៅប្រព័ន្ធធានាគារអេស៊ីលីដា ភីអិលស៊ី” ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមរយៈប្រព័ន្ធសន្និសីទវីដេអូ និងមានការអញ្ជើញចូលរួមពីថ្នាក់នាំ និង មន្ត្រីជំនាញ នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ ប្រមាណជាង ១០០ នាក់ ។
គួរបញ្ជាក់ផងដែរថា ក្រុមការងារ FMIS បានសហការជាមួយក្រុមការងារនៃធានាគារអេស៊ីលីដា ភីអិលស៊ី ក្នុងការបញ្ជប់ការរៀបចំផ្នែកបច្ចេកទេសទទួលបានជោគជ័យសម្រាប់វីធីសាស្ត្រទូទាត់តាមអេឡិចត្រូនិច (EFT) ចេញពីប្រព័ន្ធ FMIS ទៅប្រព័ន្ធធានាគារអេស៊ីលីដា ភីអិលស៊ី និង ដើម្បីគាំទ្រដល់ការប្រើប្រាស់វិធីសាស្ត្រទូទាត់នេះ ដល់រតនាគាររាជធានី-ខេត្តទាំង ២៥ ឱ្យមានប្រសិទ្ធខ្ពស់ ក្រុមការងារ FMIS បានបង្ហាត់បង្ហាញទៅកាន់អ្នកប្រើប្រាស់សម្រាប់មុខងារគណនីត្រូវសង និង មុខងារគ្រប់គ្រងសាច់ប្រាក់ អំពីរបៀបប្រើប្រាស់វិធីសាស្ត្រទូទាត់តាមអេឡិចត្រូនិច (Electronic Fund Transfer) ពីប្រព័ន្ធ FMIS ទៅប្រព័ន្ធធានាគារអេស៊ីលីដា ភីអិលស៊ី។ ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់នឹងទទួលអត្ថប្រយោជន៍ពីការប្រើប្រាស់វិធីសាស្ត្រទូទាត់តាមអេឡិចត្រូនិច (Electronic Fund Transfer) ជាច្រើនដូចជា ៖ មានភាពចំណេញពេលវេលាដោយការទូទាត់មានភាពរហ័សជាងមុន, ពុំចាំបាច់បោះផ្សាយមូលប្បទានបត្រ និង ពុំចាំបាច់មានការជម្រះសាច់ប្រាក់។