
7
Jul, 2022
ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជួបជំនាញការវាយតម្លៃលើការអនុវត្តថវិការបស់សហភាពអ៊ីរ៉ុប
កាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបជំនាញការវាយតម្លៃលើការអនុវត្តថវិការបស់សហភាពអ៊ីរ៉ុបសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីផ្តល់ធាតុចូលពីវឌ្ឍនភាពការអនុវត្តគម្រោង FMIS ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រោមហិរញ្ញប្បទានពីសហភាពអ៊ីរ៉ុប ។
សហភាពអឺរ៉ុបបានជួយគាំទ្រដល់ប្រទេសប្រមាណជាង ១០០ នៅលើសកលលោក ហើយនាពេលថ្មីៗនេះ សហគមន៍អឺរ៉ុបកំពុងធ្វើការវាយតម្លៃអំពីប្រសិទ្ធភាពនៃជំនួយគាំទ្ររបស់ខ្លួនដោយយកប្រទេសចំនួន ១២ មកធ្វើជាសំណាកនៃការវាយតម្លៃ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ នេះជាប្រសាសន៍របស់លោកស្រី Mary Van Overbeke តំណាងក្រុមវាយតម្លៃជំនួយគាំទ្ររបស់សហភាពអឺរ៉ុប។
ក្រុមបេសកកម្មបានសាកសួរស្វែងយល់បន្ថែមអំពីសវតានៃការអនុវត្តគម្រោង និង ការផ្សារភ្ជាប់ជំនួយគាំទ្ររបស់សហភាពអឺរ៉ុបទៅនឹងជំហាន និង វឌ្ឍនភាពជាបន្តបន្ទាប់របស់គម្រោង FMIS និង ការស្នើសុំមតិយោបល់លើការយល់ឃើញរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS លើជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុបផងដែរ។ ជាការឆ្លើយតប ឯកឧត្តម មន្ត ប្រាថ្នា បានរៀបរាប់អំពីដំណើការនៃការអនុវត្តគម្រោង និង ការវាយតម្លៃខ្ពស់លើជំនួយគាំទ្ររបស់សហភាពអឺរ៉ុបលើដំណើរការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល និង ជាពិសេសគឺការគាំទ្រ និង កិច្ចសហការយ៉ាងជិតស្និទ្ធពីសហភាពអឺរ៉ុបចាប់តាំងពីការអនុវត្តគម្រោង FMIS ជំហានទី២ រហូតមក ដែលបានបង្វែរជំនួយមកជាថវិកាគាំទ្រជូនរាជរដ្ឋាភិបាលផ្ទាល់ ជាមួយនឹងលទ្ធផលប្រកបជាច្រើនដែលបានកំណត់ច្បាស់នៅក្នុងសូចនាករសមិទ្ធកម្មគន្លឹះរបស់សហភាពអឺរ៉ុប។
ឆ្លើយតបទៅនឹងសំណួររបស់តំណាងក្រុមបេសកកម្ម ថា FMIS នៅតាមបណ្ដាប្រទេសជាច្រើនបានចាត់ទុកថាជាកត្តាជំរុញ (Driver) ដ៏សំខាន់ដល់សកម្មភាពគន្លឹះនានានៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តើករណីនៅកម្ពុជាមានលក្ខណៈបែបនេះទេ? ឯកឧត្តម ប្រាថ្នា បានឆ្លើយថា ជាទូទៅគម្រោង FMIS ត្រូវបានទទួលស្គាល់បែបនេះហើយ និង បានចាត់ទុកជាឆ្អឹងខ្នង ឬ ឧបករណ៍គាំទ្រដ៏សំខាន់មិនអាចខ្វះបាននៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្រៅពីជម្រាបក្រុមបេសកកម្មអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក ឯកឧត្តម ក៏បានជម្រាបក្រុមបេសកកម្មអំពីផែនការទាំងមូលរបស់គម្រោង FMIS ជំហានទី៣ ផងដែរ ។