+855 23 43 00 63

20

Apr, 2021

ក្រុមការងារ FMIS ជួបពិភាក្សាជាមួយក្រុមការងារបេសកកម្មធនាគារពិភពលោក

ដោយ៖: | Tags: | មតិយោបល់: 0

ដោយមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ដុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង  FMIS និង​ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អគហ), នាព្រឹកថ្ងៃ ចន្ទ ទី ១៩ ខែ មេសា ឆ្នាំ ២០២១  ឯកឧត្ត​ម មន្ត ប្រាថ្នា អគ្គលេខាធិការរង នៃ       អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបពិភាក្សា និង ស្វាគមន៍​ដល់ក្រុមការងារបេសកកម្មធនាគារពិភពលោក (WB) ដែលដឹកនាំដោយ លោក Serdar Yilmaz និង លោកបណ្ឌិត Sokbuntheoun So ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត រួមមាន ៖ លោក Javier CASTILLO-ALVAREZ តំណាងសភាពអឺរ៉ុប,​ លោក Anthony Samson តំណាងកម្មវិធីអភិវឌ្ឍន៍អូស្ត្រាលីមកពីនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី, លោក Pisith Plong, លោក Paul Tambunan និង លោក Muki Adinugroho        ទីប្រឹក្សារបស់ធនាគារពិភពលោក, មន្ត្រី អគហ,​ មន្ត្រីជំនាញរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង មន្ត្រីជំនាញរបស់   ដៃគូអភវិឌ្ឍន៍ជាច្រើនរូបទៀតតាមរយៈប្រព័ន្ធអេឡិកត្រូនិចដោយប្រើប្រាស់កម្មវិធី Zoom ។ ក្នុងបេសកកម្មនេះមានគោលដៅក្នុងការផ្តល់ជំនួយបច្ចេកទេសគាំទ្រដល់យន្តការត្រួតពិនិត្យ និង ​វាយតម្លៃលើការអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង និង ការរៀបចំផែនការយុទ្ធសាស្រ្តគ្រប់គ្រងការផ្លាស់ប្ដូរ និង ប្រាស្រ័យទាក់ទង (Change Management and Communication) ក្នុងក្របខណ្ឌកម្មវិធីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។

ឯកឧត្តម មន្ត ប្រាថ្នា បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ជំនួយបច្ចេកទេសជាបន្តបន្ទាប់ដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសដល់ការអនុវត្តគម្រោង FMIS ជាបន្តបន្ទាប់ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ​ ។ បន្ទាប់ពីបានជជែកពិភាក្សារួចមក​អង្គប្រជុំបានឯកភាពលើក្នុងការបន្តការងារគន្លឹះមួយចំនួនដូចជា ៖ ១. ប្រើប្រាស់ទិន្នន័យដែលមានស្រាប់ក្នុងប្រព័ន្ធ FMIS ដើម្បីវិភាគ និង រៀបចំជាឯកសារគោលក្នុងការវាស់វែងប្រសិទ្ធភាពការអនុវត្តការងារតាមប្រព័ន្ធ FMIS​ ទាំងស្រុង, ២. រៀបចំផែនការសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរ និង ការប្រាស្រ័យទាក់ទងនឹងត្រូវអនុវត្តក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល, ៣. គាំទ្រ និង ដាក់បញ្ចូលសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរ និង ការតម្រង់ទិសនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ក្នុងដំណាក់កាលទី៤ (CAP4) នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ៤.​ ជំរុញ និង គាំទ្រលើការអនុវត្ត CAP4 ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់ថវិកាទៅនឹងសមិទ្ធផលគន្លឹះ ។ ចុងបញ្ចប់ឯកឧត្តមបានស្នើដល់តំណាងដៃគូអភវិឌ្ឍន៍ក្នុងការបន្តការជួយសហការគាំទ្រ និង ជំរុញដល់ការអនុវត្តសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរ និង ការប្រាស្រ័យទាក់ទងសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថា ក្រុមបេសកកម្មធានាគារពិភពលោកប្រព្រឹត្តទៅចាប់បីថ្ងៃទី ទី ១៩ ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ ដោយនឹងជួបពិភាក្សាជាមួយអ្នកពាក់ព័ន្ធនៅតាមអគ្គនាយកដ្ឋាននានានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន ដែលបានអនុវត្ត​ប្រព័ន្ធ FMIS ជាពិសេសនីតិវិធីអនុវត្តការងារថ្មីដោយប្រើប្រាស់ប្រព័ន្ធ FMIS ទាំងស្រុង ដែលបាននិងកំពុងដាក់ឱ្យអនុវត្តនៅក្រសួង-ស្ថាប័នមួយចំនួនដោយចាប់ផ្តើមពីនីតិវិធីអនុវត្តការងារមានហានិភ័យទាប និង នីតិវិធីផ្សេងៗជាបន្តបន្ទាប់ ៕