
20
Aug, 2019
ក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន
ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន ” ដែលរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា សហការជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ អាស៊ីប៉ាស៊ីភិច នៃទីក្រុងសៀងហៃប្រទេសចិន ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជូនថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ពិសេសការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាអគ្គនាយក អគ្គនាយករង មកពីក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៣០ រូប ក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង លោកបណ្ឌិត ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ីប៉ា-ស៊ីភិច នៃទីក្រុងសៀងហៃ ប្រទេសចិន ។