
22
Dec, 2021
កិច្ចប្រជុំការងារក្នុងការពិនិត្យមើលលើវឌ្ឍនភាព ដោះស្រាយបញ្ហាប្រឈមនានា និង ការកំណត់ទិសដៅសម្រាប់ឆ្នាំ ២០២២ និង ឆ្នាំបន្តបន្ទាប់
ក្នុងការបន្តជំរុញការអនុវត្តផែនការពង្រីកការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី៣ ឆ្នាំ ២០២១ – ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំការងារក្នុងការពិនិត្យមើលលើវឌ្ឍនភាព, ដោះស្រាយបញ្ហាប្រឈមនានា និង ការកំណត់ទិសដៅសម្រាប់ឆ្នាំ ២០២២ និង ឆ្នាំបន្តបន្ទាប់ នារសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីតំណាងមកពី អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គាធិការដ្ឋាន និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គួរឱ្យកត់សម្គាល់ថាមុខងារថ្មីចំនួន ២ របស់ប្រព័ន្ធ FMIS គឺមុខងាររៀបចំផែនការថវិកាត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១ តាមសេចក្ដីណែនាំលេខ ០០៨ សហវ និង មុខងារលទ្ធកម្មពេញលេញត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅក្រសួងព័ត៌មាន បន្ថែមលើក្រសួងទាំងពីរខាងលើនៅថ្ងៃដដែល តាមសេចក្ដីណែនាំលេខ ០០៩ សហវ ។ នេះគឺជាការងារដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា ដែលបានដាក់ឱ្យសាកល្បងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការរៀបចំផែនការថវិកា និង ការគ្រប់គ្រងការងារលទ្ធកម្មសាធារណៈពេញលេញ ដូច្នេះអ្វីដែលពុំអាចប្រកែកបានគឺការអនុវត្តបានជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ដោះស្រាយពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ។
សម្រាប់ឆ្នាំ ២០២២ ខាងមុខ មុខងាររៀបចំផែនការថវិកានឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្រសួងចំនួន ១១ (នៅអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ) រួមមាន៖ ១-អង្គ-ភាពប្រឆាំងអំពើពុករលួយ, ២-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ៣-ក្រុមប្រឹក្សាធម្មនុញ្ញ, ៤-ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ, ៥-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ៦-ក្រសួងអភិវឌ្ឍន៍ជនបទ, ៧-ក្រសួងសាធារណការ និង ដឹកជញ្ជូន, ៨-ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់, ៩-ក្រសួងយុត្តិធម៌, ១០-ក្រសួងព័ត៌មាន និង ១១-ក្រសួងបរិស្ថាន ។ ជាមួយគ្នានេះមុខងារលទ្ធកម្មពេញលេញនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័នចំនួន ៣៤ ដែលនៅសេសសល់ជាបន្តបន្ទាប់ ។
ជាការបូកសរុបកិច្ចប្រជុំការងារនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការងារអនុវត្តមុខងារថ្មីរបស់ប្រព័ន្ធ FMIS ខាងលើនេះ ជាពិសេសមុខងាររៀបចំផែនការថវិកាត្រូវចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធសម្រាប់ការរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ២០២៣ តាមប្រព័ន្ធនៅដើមត្រីមាសទី២ ឆ្នាំ ២០២២ សម្រាប់ក្រសួងទាំងពីរខាងលើ បូករួមនឹងក្រសួងថ្មីទាំង ១១ ផង ។ ជាមួយគ្នានេះអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវនាំមុខជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការយកចិត្តទុកដាក់ខ្ពស់ជំរុញ គាំទ្រ និង លើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញការអនុវត្តមុខងារលទ្ធកម្មពេញលេញឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ស្របតាមការវិវឌ្ឍនៃឌីជីថលូបនីយកម្ម ។ នៅចុងបញ្ចប់ឯកឧត្តម បណ្ឌិតសភាចារ្យបានស្នើដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការជាបន្ដបន្ទាប់ប្រកបដោយភាពបុរេសកម្ម ក្នុងការប្រើប្រាស់មុខងារថ្មីទាំងពីរនេះឱ្យអស់សក្ដានុពល ដើម្បីជំរុញដល់ការពន្លឿនដល់ការសម្រេចបាននូវគោលដៅជាចក្ខុវិស័យរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។