+855 23 43 00 63

14

Jan, 2020

លេខាធិការដ្ឋានក្រុមការងារ អេហ្វអឹមអាយអេស បង្ហាញពីចំណុចគន្លឹះៗនៃមុខងារវិភាជថវិកា ដល់មន្ត្រីហិរញ្ញកិច្ច

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង អេហ្វអឹមអាយអេស បានរៀបចំកិច្ចប្រជុំដើម្បីបង្ហាញអំពីចំណុចគន្លឹះៗនៃការអនុវត្តមុខងារ វិភាជថវិកា ដែលជាមុខងារស្នូលមួយ ក្នុងប្រព័ន្ធ អេហ្វអឹមអាយអេស ជូនដល់អ្នកប្រើប្រាស់មកពីនាយកដ្ឋានហិរញ្ញកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពង្រឹងការប្រើប្រាស់ និងការអនុវត្តប្រព័ន្ធ អេហ្វអឹមអាយអេស ឲ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជិត២ម៉ោង ក្រុមការងារបានធ្វើបទបង្ហាញ និងពិភាក្សា ព្រមទាំងធ្វើសម្រង់មតិយោបល់ ក៏ដូចជាសំណូមពររបស់មន្ត្រីហិរញ្ញកិច្ច។ បន្ទាប់ពីការធ្វើបទបង្ហាញនេះ មន្ត្រីហិរញ្ញកិច្ច បានយល់ដឹងកាន់តែស៊ីជម្រៅអំពីការប្រើប្រាស់ប្រព័ន្ធ អេហ្វអឹមអាយអេស ជាពិសេសទាក់ទងនឹងមុខងារ វិភាជថវិកា សម្រាប់ឆ្នាំ ២០២០ នេះ។

គួរជម្រាបជូនថា នៅក្នុងឆ្នាំ ២០២០ នេះ ប្រព័ន្ធ អេហ្វអឹមអាយអេស នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១៧ ថ្មី ហើយការពង្រីកវិសាលភាពនេះ នឹងធ្វើឱ្យប្រព័ន្ធទំនើបកម្មមួយនេះ កាន់តែដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅក្នុងប្រទេសកម្ពុជា ដែលជាកំណែទម្រង់ដ៏សំខាន់បំផុតមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យប្រជែងឈ្នះប្រទេសក្នុងតំបន់ និងឈានឆ្ពោះទៅប្រជែងលើឆាកអន្តរជាតិ ។